(ភ្នំពេញ)៖ ប្រទេសទីម័រឡេស្តេ គ្រោងផ្តល់មេដាយជាតិ ដែលជាមេដាយថ្នាក់ខ្ពស់បំផុតនៃប្រទេស​ទីម័រឡេស្តេ ជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាការថ្លែងអំណរគុណជូន​ចំពោះ​សម្តេចតេជោសម្រាប់ការប្រឹងប្រែងជួយដល់ប្រទេសទីម័រ។

ព័ត៌មាននេះត្រូវបានប្រកាសដោយលោក អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូត​ទីម័រ​ឡេ​ស្តេ​ប្រចាំនៅកម្ពុជា ដែល​ទើបចប់អាណត្តិការងារ។ លោក អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស បាន​អញ្ជើញ​មកបំពេញការងារជាឯកអគ្គរដ្ឋទូត​របស់ទីម័រ​ឡេ​ស្តេប្រចាំនៅកម្ពុជា កាលពីឆ្នាំ២០២០។ លោកបានបញ្ចប់ការងារជាឯកអគ្គរដ្ឋទូតនៅកម្ពុជា​នៅឆ្នាំ​២០២៤នេះហើយ។ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកឯកអគ្គរដ្ឋទូត បានអញ្ជើញជួបសម្តែងការគួរសម ក៏ដូចជាជម្រាប​លាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត បានសម្ដែងក្តីរីករាយ បានជួបសម្តែងការគួរសមជាថ្មីជាមួយ​សម្តេចតេជោ ហ៊ុន សែន។ ការបានជួបសម្តែងការគួរសមជាមួយសម្តេចតេជោ គឺជាឱកាស​ដ៏វិសេស​វិសាលបំផុតសម្រាប់រូបលោក។

លោកឯកអគ្គរដ្ឋទូត បានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ និងបាន​រំលឹកឡើងវិញ ពីការងារមួយចំនួនក្រោយពេលរូបលោកបំពេញការងារជាឯកអគ្គរដ្ឋទូត​ទីម័រឡេ​ស្តេ​​នៅកម្ពុជា។

លោកឯកអគ្គរដ្ឋទូត ក៏បានរំលឹកឡើងវិញ ពីការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូល​រវាង​ប្រទេស​ទាំងពីរ រួមមានដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ទីម័រឡេស្តេនៅឆ្នាំ២០១៦ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងទីម័រឡេស្តេ ក៏ដូចជាដំណើរទស្សនកិច្ចថ្នាក់ដឹក​នាំរបស់ទីម័រឡេស្តេ គឺលោក Jose Manuel Ramos-Horta ប្រធានាធិបតី និង លោក Kay Rala Xanana Gusmão អតីតប្រធានាធិបតី និងជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន នៅកម្ពុជា​ជាច្រើនលើក។ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចនេះ បានពង្រឹងថែមទៀត នូវទំនាក់ទំនង​មិត្ត​ភាពជាបងប្អូនរវាងកម្ពុជា និងទីម័រឡេស្តេ ដែល​មានប្រវត្តិសាស្ត្រប្រហាក់ប្រហែលគ្នា។

លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះជ័យជម្នះភ្លូកទឹកភ្លូកដី​របស់​គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីឆ្នាំ២០២៣កន្លងទៅ ដែលនេះជាសក្ខីភាពនៃលិទ្ធិប្រជាធិបតេយ្យដែលកម្ពុជាបានបង្ហាញទៅកាន់ពិភពលោក​។ លោកបានបញ្ជាក់ថា លោកបានធ្វើជាអ្នកសង្កេតការណ៍នៅក្នុងការបោះឆ្នោត​នោះ និងបានជួប​ជាមួយអ្នក​ទៅចូលរួមការបោះឆ្នោត ប្រកបដោយទឹកមុខរីករាយ ព្រមទាំងបានសម្ដែង​ការដឹង​គុណ និងកោតសរសើរចំពោះការដឹកនាំរបស់សម្ដេចតេជោ ក្នុងការនាំមកនូវសុខសន្តិភាព ការបង្រួប​បង្រួម​ជាតិ ប្រជាជនមានការងារធ្វើ មានជីវភាពរីកចម្រើន មានលំនៅឋានរស់នៅសមរម្យ និងកាន់​ប្រសើរឡើងជាលំដាប់។

លោកឯកអគ្គរដ្ឋទូត ក៏បានចាត់ទុកថា សម្ដេចតេជោ មិនមែនត្រឹមជាមេដឹកនាំសម្រាប់កម្ពុជា​នោះ​ទេ ក៏ប៉ុន្តែសម្ដេចតេជោ ក៏ជាមេដឹកនាំសម្រាប់តំបន់ និងពិភពលោកផងដែរ។ លោក បានកោត​សរសើរ​ចំពោះការរីកចម្រើនរបស់កម្ពុជា ដោយមានការអភិវឌ្ឍ និងមានវឌ្ឍនភាពលើគ្រប់វិស័យ ហើយលោកបានធ្វើដំណើរទៅខេត្តចំនួន១៩ ដោយក្នុងនោះ លោកក៏ធ្លាប់បានធ្វើដំណើរតាម​រឺម៉កកង់៣ គឺបានដឹងពីការរស់នៅយ៉ាងល្អប្រសើរ​ពិតប្រាកដរបស់ប្រជាជនកម្ពុជា។

លោកឯកអគ្គរដ្ឋទូត ក៏បានរំលឹកផងដែរថាប្រជាជនទីម័រឡេស្តេ និងថ្នាក់ដឹកនាំទីម័រឡេស្តេ ជា​ពិសេសប្រធានាធិបតី គឺតែងតែលើកឡើងពីមោទនភាពចំពោះសម្ដេចតេជោ និងបាន​និយាយពីការងើបឡើងខាងសេដ្ឋកិច្ចរបស់កម្ពុជា ដែលមានការរីកមុខមាត់ពីមួយថ្ងៃទៅមួយថ្ងៃ។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះការលើកឡើងរបស់ ឯកអគ្គរដ្ឋ​ទូត នូវទំនាក់ទំនងវាងប្រទេសទាំងពីរ។ សម្ដេចតេជោ បានរំលឹកថា បានធ្វើការជាច្រើនជាមួយលោកឯកអគ្គរដ្ឋទូត ជាពិសេសក្នុងសម័យកាលរាតត្បាតនៃជំងឺកូវីដ១៩ និងបានធ្វើការជាមួយគ្នា ដើម្បីជំរុញឱ្យទីម័រឡេស្តេ ចូលទៅក្នុងសហគមន៍អាស៊ាន។

ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត បានពាំនាំការអញ្ជើញរបស់ប្រធានាធិបតីទីម័រឡេស្តេ ជូន​សម្ដេច​​តេជោ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងទទួលមេដាយថ្នាក់ខ្ពស់បំផុតទីម័រឡេស្តេ នាពេល​ខាង​​មុខ ដើម្បីជាការអរគុណ និងដឹងគុណចំពោះសម្តេច ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការ​កសាង​ និងរក្សាសន្តិភាព​នៅក្នុងតំបន់ ក៏ដូចជាជួយដល់ប្រទេសទីម័រឡេស្តេនាពេលកន្លងមក។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការអញ្ជើញរបស់ប្រធានាធិបតីទីម័រឡេស្តេ ទៅបំពេញទស្សនកិច្ចផ្លូវការ។ សម្ដេចតេជោ បញ្ជាក់ថា​នឹងរកពេលវេលាសមស្រប​ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅទីម័រឡេស្តេជាថ្មីទៀត។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមួយរូប ដែលបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការ​ជួយ​ប្រទេសទីម័រឡេស្តេសម្រេចបំណងក្លាយជាសមាជិកអាស៊ាន។

ដើម្បីជួយទីម័រឡេស្តេក្លាយជាសមាជិកអាស៊ាន នៅឆ្នាំ២០១៦សម្តេចតេជោ បានអញ្ជើញ​ទស្សន​កិច្ច​នៅប្រទេសទីម័រឡេស្តេ ហើយតែងតែលើកពីបំណងក្លាយជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេក្នុងកិច្ចប្រជុំកំពូលអាស៊ាន ក៏ដូចជានៅអង្គការសហប្រជាជាតិ។ ទីបំផុតនៅឆ្នាំ២០២២ ពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ប្រទេសទីម័រឡេស្តេ ត្រូវបានប្រទេសសមាជិកអាស៊ាន សម្រេចឱ្យក្លាយជាសមាជិកសង្កេតការណ៍៕

p style="text-align: center;">