(ភ្នំពេញ)៖ នារសៀលថ្ងៃ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីក្នុងពិធីប្រគេនរង្វាន់ជ័យលាភីដល់សមណសិស្ស សិស្សពូកែទូទាំងប្រទេស ផ្នែកភាសាបាលី-សំស្រ្កឹត និងសូត្រព្រះបាតិមោក្ខ នៅអគ្គាធិការដ្ឋានពុទ្ធិសិក្សាជាតិ។

ពិធីនេះមានការនិមន្តចូលរួមដោយ សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ សម្តេចព្រះអគ្គាធិការរង ព្រះអគ្គាធិការរង គណៈគ្រប់គ្រងសាលាពុទ្ធិកសិក្សា ព្រះមន្ត្រីសង្ឃតាមឋានានុក្រម ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា និងជ័យលាភីសមណសិស្ស សិស្សពូកែផ្នែកភាសាបាលី-សំស្ក្រឹត និងជ័យលាភីបាតិមោក្ខកោវិទ។

លោកបណ្ឌិត ចាយ បូរិន បានចូលរួមអបអរសាទរចំពោះសមណសិស្ស-សិស្សដែលទទួលបានជ័យលាភី ទាំងផ្នែកសូត្រព្រះបាតិមោក្ខនិងផ្នែកភាសាបាលី-សំស្ក្រឹត ដោយមានប្រសាសន៍ថា លទ្ធផលដែលជ័យលាភីសមណសិស្ស សិស្សទទួលបាននាពេលនេះ មិនត្រឹមតែជាសក្ខីកម្មមួយបញ្ជាក់ឱ្យឃើញពីវីរិយភាព ការខិតខំប្រឹងប្រែងទន្ទេញ ស្វាធ្យាយ សិក្សារៀនសូត្រតែប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញយ៉ាងច្បាស់ពីការរីកចម្រើននៃព្រះពុទ្ធសាសនា ក្រោមម្លប់សន្តិភាព ពេញបរិបូរណ៍ មានស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងសន្តិសុខសង្គមល្អប្រសើរនិងការតាំងនៅស្ថិតស្ថេរយូរអង្វែងនៃសាសនធម៌របស់ព្រះសម្មាសម្ពុទ្ធទៀតផង។

លោកបណ្ឌិត ចាយ បូរិន បានវាយតម្លៃខ្ពស់និងកោតសរសើរដោយស្មោះចំពោះព្រះទ័យផ្តួចផ្តើមឱ្យមានកម្មវិធីប្រឡងនេះឡើង ដើម្បីពង្រឹងនូវការប្រតិបត្តិធម៌វិន័យនិងកសាងនូវមូលធនព្រះសង្ឃ ជំរុញឱ្យវិស័យពុទ្ធិកសិក្សាគ្រប់កម្រិត នៅទូទាំងប្រទេស មានការរីកចម្រើនទាំងបរិមាណនិងគុណភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងប្រកបដោយភាពប្រាកដនិយម របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំបន្តពីសម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នប្រធានព្រឹទ្ធសភា។

ជាមួយគ្នានេះដែរ លោកបណ្ឌិត ចាយ បូរិន បានបន្តថា សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ក្នុងនាមជាព្រះអគ្គាធិការ តែងតែផ្តល់ឱកាសដល់ព្រះសង្ឃ កុលបុត្រ កុលធីតាទូទៅបានចូលសិក្សារៀនសូត្រនិងក្រេបជញ្ជក់យកនូវចំណេះដឹង ជំនាញ ជាពិសេស គុណតម្លៃនៃភាសាបាលី សំស្ក្រឹត ដែលជាមូលដ្ឋានគ្រឹះនៃព្រះពុទ្ធសាសនានិងមានទំនាក់ទំនងស្អិតល្មួតជាមួយអក្សរសាស្ត្រខ្មែរ ហើយពុទ្ធិកសិក្សាមិនត្រឹមតែជាសរសរស្តម្ភដ៏រឹងមាំរបស់ព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ហើយក៏ជាផ្នែកមួយដ៏សំខាន់ ក្នុងការចូលរួមចំណែកពង្រឹងគ្រឹះនៃអក្សរសាស្ត្រជាតិ ការកសាងមូលធនមនុស្ស ការកំណត់បទដ្ឋានសម្រាប់ការរស់នៅរបស់ប្រជាជនខ្មែរ តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ននិងបន្តទៅអនាគត ក្នុងកាលទេសៈណាដែលមនុស្សរស់នៅប្រាសចាកពីក្រមសីលធម៌នៃការអប់រំ ពិតណាស់ជីវិតរបស់មនុស្សនឹងជួបនូវសេចក្តីទុក្ខ សង្គមនឹងជួបនូវភាពអសកម្ម។

ក្នុងឱកាសនេះដែរ សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង និងឯកឧត្តមបណ្ឌិត ចាយ បូរិន បានប្រគេននិងប្រគល់វិញ្ញាបនបត្រ ដល់ជ័យលាភី ផ្នែកភាសាបាលី-សំស្ក្រឹត ចំនួន ១៧៩ រូប និងជ័យលាភីបាតិមោក្ខកោវិទ ចំនួន ២៨ រូប។

គួររំលឹកផងដែរថា នៅក្នុងពិធីបើកសម័យប្រឡង សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត មានព្រះថេរដីកាក្រើនរំលឹកដល់បេក្ខសមណៈ បេក្ខជនគ្រប់រូប ត្រូវចូលរួមគោរពនិងអនុវត្តឱ្យបាននូវបទប្បញ្ញត្តិប្រឡងឱ្យបានជាកំហិត ជាពិសេសត្រូវខិតខំបញ្ចេញឱ្យអស់ពីសមត្ថភាពក្នុងការប្រឡង ដើម្បីក្លាយជាជ័យលាភីសមណសិស្ស សិស្សពូកែទូទាំងប្រទេស ផ្នែកភាសាបាលី-សំស្រ្កឹត និងជាបាតិមោក្ខកោវិទ ព្រោះថា វាសនាព្រះពុទ្ធសាសនាគឺផ្ញើលើវិស័យអប់រំពុទ្ធិកសិក្សា ហើយមូលធនមនុស្សវ័យក្មេងដ៏កម្រ ដែលមានទេពកោសល្យខ្ពស់ ពូកែ ផ្នែកភាសាបាលី-សំស្រ្កឹត និងបាតិមោក្ខ ដែលគ្រឹះស្ថានពុទ្ធិកសិក្សាផលិតបាននេះ សង្ឃឹមថានឹងបានក្លាយទៅជាសសរទ្រូងដ៏រឹងមាំរបស់ព្រះពុទ្ធសាសនានិងប្រទេសជាតិ នាពេលអនាគត ស្របតាមកម្មវិធីគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលផ្តល់អាទិភាពទី១ ដល់ការអភិវឌ្ឍមូលធនមនុស្ស។

យោងតាមរបាយការណ៍អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ស្ដីពីការរៀបចំប្រឡងជ្រើសរើសសមណសិស្ស សិស្សពូកែទូទាំងប្រទេស ផ្នែកភាសាបាលី-សំស្រ្កឹត ឆ្នាំ២០២៤ បានបង្ហាញថា អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ទើបតែបានរៀបចំការប្រឡងជ្រើសរើសសមណសិស្ស សិស្សពូកែទូទាំងប្រទេស ផែ្នកភាសាបាលី-សំស្រ្កឹតនេះជាលើកដំបូងប៉ុណ្ណោះ ហើយការប្រឡងនេះទៀតសោត គឺជាការបើកនូវទំព័រប្រវត្តិសាស្រ្តថ្មីសម្រាប់វិស័យអប់រំពុទ្ធិកសិក្សាផងដែរ ដើម្បីសម្រិតសម្រាំងនិងផ្តល់រង្វាន់ជ័យលាភីដល់សមណសិស្ស សិស្សពូកែ ផ្នែកភាសាបាលី-សំស្ក្រឹត នៅកម្រិតថ្នាក់ឆ្នាំទី៣ នៃពុទ្ធិកមធ្យមសិក្សាបឋមភូមិនិងទុតិយភូមិ ព្រមទាំងជាការជំរុញលើកទឹកចិត្តនិងអភិវឌ្ឍសមត្ថភាពសិក្សារបស់សមណសិស្ស សិស្ស ឱ្យកាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត។ ដោយឡែក សម្រាប់ការប្រឡងសូត្របាតិមោក្ខ ត្រូវបានរៀបចំឡើងចំនួន ៦ លើករួចមកហើយ សម្រាប់ឆ្នាំ២០២៤ នេះ គឺជាលើកទី៧។ ចំពោះការរៀបចំប្រឡងនេះទៀតសោត ធ្វើឡើងក្នុងគោលបំណងពង្រឹងការបដិបត្តិធម៌វិន័យរបស់សមណសក្យបុត្រ ឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលបានចាត់ទុកវិស័យអប់រំជាវិស័យអាទិភាពទី១ ឈានឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្ស ប្រកបដោយចំណេះដឹង សមត្ថភាព ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ចូលរួមសម្រេចគោលដៅអភិវឌ្ឍសេដ្ឋកិច្ច ឆ្នាំ២០៣០ ដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។

ចំពោះការប្រឡងជ្រើសរើសសមណសិស្ស សិស្សពូកែទូទាំងប្រទេស ផ្នែកភាសាបាលី-សំស្រ្កឹត មានបេក្ខសមណៈ បេក្ខជនទាំងពីរកម្រិតភូមិសិក្សា ដាក់ពាក្យចូលរួមប្រឡងសរុបចំនួន ១៧៩ អង្គ/នាក់ (ក្នុងនោះសមណសិស្ស សិស្សថ្នាក់ទី៣ នៃពុទ្ធិកមធ្យមសិក្សាបឋមភូមិចំនួន ១២៦ អង្គ/នាក់ និងទុតិយភូមិចំនួន ៥៣ អង្គ/នាក់) ត្រូវបានបែងចែកជា ១៣ បន្ទប់ ក្នុងនោះសមណសិស្ស សិស្សចំនួន ៣ អង្គ/នាក់ នឹងត្រូវជ្រើសរើសជាជ័យលាភីសមណសិស្ស សិស្សពូកែទូទាំងប្រទេស ផ្នែកភាសាបាលី-សំស្រ្កឹត សម្រាប់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ និង ៣ អង្គ/នាក់ សម្រាប់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ។ ដោយឡែក សម្រាប់ការប្រឡងសូត្របាតិមោក្ខ មានបេក្ខសមណៈដាក់ពាក្យចូលរួមប្រឡងសរុបចំនួន ២៨ អង្គ ត្រូវបានបែងចែកជា ២ បន្ទប់ ក្នុងបន្ទប់នីមួយៗមានបេក្ខសមណៈចំនួន ១៤ អង្គ ហើយបេក្ខសមណៈចំនួន ៦ រូប នឹងត្រូវជ្រើសរើសជាជ័យលាភី។

សូមជម្រាបជូនថា ការប្រឡងសមណសិស្ស សិស្សពូកែទូទាំងប្រទេស ផ្នែកបាលី-សំស្ក្រឹតនិងការប្រឡងសូត្របាតិមោក្ខ ប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២៤៕