(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធនៃរដ្ឋបាលខណ្ឌ និងគណៈកម្មការផ្សារអូរឫស្សី ចុះពិនិត្យការដ្ឋានជួសជុលអគារផ្សារជាន់ទី១ ដំណាក់កាលទី១ ដោយបានជំរុញពន្លឿនការជួសជុលឱ្យលឿន ដើម្បីផ្ដល់ជូនអាជីវករ បានមកលក់ដូរនៅតាមតូបរៀងៗខ្លួនវិញ និងឆាប់បានបន្តជួសជុលនៅដំណាក់កាលបន្តបន្ទាប់ទៀត។
ក្នុងឱកាសចុះពិនិត្យការដ្ឋាននោះដែរ លោកអភិបាលខណ្ឌ ក៏បានជួបសំណេះសំណាលជាមួយបងប្អូនអាជីវកលក់ដូរ នៅផ្សារអូរឫស្សី និងសូមការអធ្យាស្រ័យយោគយល់នូវផលលំបាកមួយរយៈពេលដើម្បីជួសជុលអគារផ្សារ ជៀសវាងបង្កហានិភ័យណាមួយកើតឡើង។
លោក ឡយ ស៊ាងអាង ប្រធានគណៈកម្មការផ្សារអូរឫស្សី បានឱ្យដឹងថា ការជួសជុលកែលម្អនៅអគារផ្សារអូរឫស្សី ត្រូវបានបែកចែកជា៦ដំណាក់កាល ក្នុងមួយដំណាក់កាល ត្រូវឱ្យអាជីវករើតូបមកលក់ដូរនៅតូបបណ្ដោះអាសន្ន ចំនួន២៣២តូប។
សូមបញ្ជាក់ថា ការដ្ឋានជួសជុលក្នុងដំណាក់កាលទី១ ត្រូវបានចាប់ផ្ដើមតាំងពីខែមេសា ឆ្នាំ២០២៤ រហូតដល់ពេលនេះ ត្រូវបានចាក់បេតុង សាងសង់ជិតរួច១០០ភាគរយ និងមានគម្រោងឱ្យបងប្អូនអាជីវករ ដែលលក់ដូរ រើសតូបពីតូបបណ្ដោះអាសន្នមកលក់នៅក្នុងបរិវេណផ្សារវិញ នៅដើមខែមករា ឆ្នាំ២០២៥ខាងនេះ។ ហើយការដ្ឋានដំណាក់កាលទី២ និងចាប់ផ្ដើម ជាបន្តបន្ទាប់ទៀត។
លោក ថេង សុថុល បានបញ្ជាក់ថា គម្រោងជួសជុលកែលម្អអគារផ្សារអូឫស្សីជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយមន្រ្តីជំនាញបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៃសំណង់អគារ ឃើញថាអគារបានការបាក់ប្រេះ ទ្រុឌទ្រោម ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្ដើមគិតគូរពីសុខសុវត្ថិភាពរបស់អាជីវកលក់ដូរក្នុងបរិវេណអគារផ្សារ និងបានសាងសងតូបបណ្ដោះអាសន្ននៅលើចំណីផ្លូវលេខ១១១ ខាងលិចផ្សារឱ្យអាជីវករលក់ បណ្ដោះអាសន្ន ដើម្បីជំនាញបើកការដ្ឋានជួសជុលជាបន្តបន្ទាន់តាមដំណាក់កាល។
ជាមួយគ្នានេះ អភិបាលខណ្ឌ៧មករា សំណូមពរដល់អាជីវកលក់ដូរទាំងអស់ សូមមានការយោគយល់ ចំពោះការដ្ឋានមានការយឺតយ៉ាវមួយចំនួន និងសំណូមពរដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់តំបន់ផ្សារក៏ដូចជាចេញចូលផ្សារ មានការកកស្ទះចរាចរណ៍ សូមយោគយល់តែទោះជាយ៉ាងកម្លាំងសន្តិសុខ សណ្ដាប់ធ្នាប់ផ្សារ បានធ្វើការសម្រួលចរាចរណ៍ជាប់ជាប្រចាំផងដែរ៕