(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា៖ «កម្ពុជាគ្មានភាពចាំបាច់ នឹងត្រូវទទួលផ្សែងនយោបាយពីអ្នកជាតិនិយមមួយក្ដាប់តូចនៃប្រទេសថៃនោះទេ»។ ការលើកឡើរបស់លោកបណ្ឌិត ធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកនៅក្នុងសិក្ខាសាលាលើកទី២ ស្ដីពី «លទ្ធផលស្រាវជ្រាវបុរាណវត្ថុវិទ្យា៖ របកគំហើញនៅក្រៅរាជធានីអង្គរ» នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា។

លោកបណ្ឌិត បានពន្យល់បកស្រាយថា កម្ពុជាតែងតែគោរពនូវ «គោលការណ៍ខ្សែព្រំដែនមិនកែប្រែ» ដែលភាសាឡាតាំងសរសេរថា «Uti Possidetis» មានន័យថាបន្តទទួលស្គាល់និងគោរពនូវព្រំដែនដែលបានកំណត់ដោយម្ចាស់អាណានិគម ដែលរួមមាន៖ សន្ធិសញ្ញា អនុសញ្ញា ផែនទី និងឯកសារពាក់ព័ន្ធនានា (ក្នុងនោះមានសន្ធិសញ្ញាឆ្នាំ១៩០៧ផងដែរ) ក៏ដូចជាច្បាប់អន្តរជាតិក្នុងភាពជារដ្ឋសមាជិក ហើយបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានគោរព និងថែរក្សាបាននូវបូរណភាពទឹកដីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន។

លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា៖ «កម្ពុជាគោរព និងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវច្បាប់ជាតិ និងលិខិតបទដ្ឋានអន្តរជាតិនានាដែលមានជាធរមាន ដើម្បីថែរក្សាការពារនូវអធិបតេយ្យភាពរបស់ខ្លួន នៅចំពោះការមុខការប្រឈមផ្សេងៗ ពាក់ព័ន្ធទៅនឹងស្ថានការណ៍វិវត្តនៅក្នុងតំបន់ និងនៅក្នុងនយោបាយអន្តរជាតិបច្ចុប្បន្ន។ បន្ថែមពីនេះ កម្ពុជាគ្មានភាពចាំបាច់ដែលត្រូវស្រូបយកផ្សែងពុលនយោបាយ ពីក្រុមជាតិនិយមជ្រុលមួយក្ដាប់តូចពីប្រទេសជិតខាង ដែលតែងតែបង្វែរនយោបាយផ្ទៃក្នុងរបស់ខ្លួន ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ក្នុងគោលបំណងទទួលបានប្រជាប្រិយភាពនយោបាយរបស់ខ្លួននោះទេ»។

អ្នកជំនាញភូមិសាស្រ្តនយោបាយខាងលើបានគូសរំឭកនូវឧទាហរណ៍មួយ អំពីផលវិបាកដែលមហាជនខ្មែរ ប្រតិកម្មទៅនឹងការលើកឡើង ឬការដុតបញ្ហាពីសំណាក់ប្រទេសជិតខាង ទៅតាមចេតនារបស់ក្រុមជនមួយក្ដាប់តូចនៅបរទេស ដែលនាំទៅដល់ការខូចប្រយោជន៍ និងមុខមាត់ប្រទេសជាតិ ដូចជាករណីរឿង អ្នកសិល្បៈថៃឈ្មោះ ផ្កាយព្រឹក ដែលនាំទៅដល់វិបត្តិការទូតកម្ពុជា-ថៃនៅឆ្នាំ២០០៣ និងការបង្វែរបញ្ហានយោបាយផ្ទៃក្នុងថៃ មកជាជម្លោះអធិបតេយ្យជាមួយនឹងកម្ពុជា ដូចជាករណីប្រាសាទព្រះវិហារនៅឆ្នាំ២០០៨ជាដើម។ ដោយបានធ្វើឱ្យស្ថានការណ៍ និងទំនាក់ទំនងរវាងប្រទេសទាំងពីរបានធ្លាក់ចុះ រហូតដល់ឆ្នាំ២០១៤ ក្រោយពេលតុលាការយុត្តិអន្តរជាតិ (ICJ) បកស្រាយឡើងវិញ ទើបទំនាក់ទំនងប្រទេសជិតខាងទាំងពីរ បានវិលមករកប្រក្រតីភាពឡើងវិញ។

ទោះជាយ៉ាងណា សម្រាប់លោកបណ្ឌិត យង់ ពៅ អ្វីដែលកម្ពុជាត្រូវយកចិត្តទុកដាក់នាពេលនេះគឺ ការកសាងភាពជាអ្នកជិតខាងល្អជាមួយនឹងប្រទេសក្បែរខាងកម្ពុជា ដើម្បីថែរក្សានិងជំរុញតំបន់ព្រំដែន ឱ្យក្លាយទៅជាតំបន់សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិល្អជាមួយគ្នា ព្រមទាំងផ្ដល់នូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងសងខាងរៀងៗខ្លួន។

លោកបណ្ឌិតបានថ្លែងកត់សម្គាល់ថា៖ «គេមិនអាចលើកព្រំដែនប្រទេសកម្ពុជា ចេញពីប្រទេសជាប់ខ្លួនណាមួយបាននោះទេ ហេតុនេះហើយ កិច្ចសហប្រតិបត្តិការល្អ និងការថែរក្សាចំណងទំនាក់ទំនងឱ្យបានកាន់តែប្រសើរឡើងជាបន្តបន្ទាប់នោះ គឺជារឿងចាំបាច់បំផុត ដើម្បីកម្ពុជាអាចសម្រេចនូវគោលដៅអភិវឌ្ឍប្រទេសជាតិខ្លួនបានប្រកបដោយចីរភាព និងនិរន្តរភាព»។

ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ ក៏បានថ្លែងគូសបញ្ជាក់អំពីចំណុចដ៏សំខាន់មួយទៀតដែលកម្ពុជា ត្រូវផ្ដោតការយកចិត្តទុកដាក់នោះគឺ ការកសាងសមត្ថភាពជាតិឱ្យបានរឹងមាំ និងប្រកបដោយថាមភាព។ បើតាមលោកបណ្ឌិត កម្ពុជាត្រូវតែកសាងសមត្ថភាពជាតិឱ្យបានរឹងមាំ តាមរយៈការពង្រឹងនូវធនធានមនុស្ស ដែលជាចលករមិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍប្រទេសជាតិ ដើម្បីពង្រឹងជំហរនយោបាយការបរទេសកាន់តែរឹងមាំ និងឈានទៅប្រកួតប្រជែងដោយស្មើមុខស្មើមាត់ជាមួយនឹងបណ្ដាប្រទេសដទៃទៀតទាំងក្នុងតំបន់ និងនៅលើពិភពលោក។ ប្រសិនបើកម្ពុជាមិនអាចសម្រេចបាននូវសមត្ថភាពជាតិរឹងមាំគ្រប់គ្រាន់នោះទេ កម្ពុជាពិតជានឹងត្រូវបន្តទទួលរងផ្សែងពុលនយោបាយពីសំណាក់ប្រទេសជិតខាង ទៅតាមមហិច្ឆតា និងចេតនាទុច្ចរិតរបស់អ្នកនយោបាយ មួយចំនួនតូចនៅឯបរទេសជាក់ជាពុំខានដូចកាលពីអតីតកាលជាមិនខាន។

ក្នុងនាមអ្នកជំនាញភូមិសាស្រ្តនយោបាយលោកបណ្ឌិតបានសង្កត់ធ្ងន់ថា តាមរយៈបទពិសោធប្រវត្តិសាស្ត្រ មេដឹកនាំកម្ពុជាត្រូវតែពង្រឹងសមត្ថភាពជាតិឱ្យបានខ្លាំងក្លា ព្រោះនៅក្នុងប្រវត្តិសាស្ត្រនាអតីតកាលបានបង្ហាញឱ្យយើងឃើញថា រដ្ឋមួយដែលខ្លាំង នឹងពង្រីកដែនដីនិងឥទ្ធិពលនយោបាយរបស់ខ្លួនទៅតាមនោះដែរ ដោយសារក្នុងអតីតកាល ពិភពលោកពុំទាន់មានច្បាប់អន្តរជាតិណា ដែលកំណត់ និងបែងចែកដែនអធិបតេយ្យដោយប្រើប្រាស់យោងលើលិខិតបទដ្ឋានគតិយុត្តិនានានៅឡើយនោះទេ។

បច្ចុប្បន្ននេះ ប្រទេសកម្ពុជាត្រូវតែពង្រឹងមូលដ្ឋានគតិយុត្តិ និងសមត្ថភាពរឹងមាំអាចការពារបូរណភាព និងអធិបតេយ្យភាពរបស់ខ្លួនបាន។ ការពង្រឹងសមត្ថភាពជាតិរបស់ខ្លួនឱ្យរឹងមាំ មិនមែនដើម្បីទៅវាតទីទឹកដីនោះទេ ប៉ុន្តែគឺជាការពង្រីកព្រំដែនជាសាកល ដែលរដ្ឋមួយអាចជះឥទ្ធិពលនយោបាយនិងវប្បធម៌របស់ខ្លួនឱ្យជ្រួតជ្រាបទៅសាធារណៈជនជាសាកលបានតាមរយៈការរីកចម្រើននៅក្នុងវិស័យផ្សេងៗ រាប់ចាប់តាំងពីការទូត បច្ចេកវិទ្យា ម្ហូបអាហារ និងខ្សែភាពយន្តជាដើម។ នេះជាការបញ្ជាក់ពីលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា៕