(ភ្នំពេញ)៖ លោកស្រី ថូហ្វីកា ហ៊ុក តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំនៅកម្ពុជា ប្រកាសប្រឹងប្រែងជួយកម្ពុជា ឱ្យសម្រេចគោលដៅសេដ្ឋកិច្ចរបស់ខ្លួន ក្លាយជាប្រទេសមានចំណូល​មធ្យម​កម្រិតខ្ពស់នៅឆ្នាំ២០២៣ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកស្រី ថូហ្វីកា ហ៊ុក ប្រកាសបែបនេះក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជា​មួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤​នេះ នៅវិមានព្រឹទ្ធសភា។

ក្នុងជំនួបនេះលោកស្រីតំណាង IFC ប្រចាំនៅកម្ពុជា បានជម្រាបសម្តេចតេជោថា លោកស្រី ចាប់ផ្តើមតួនាទី ទើបបានរយៈពេលជាង​ពីរខែ និងកំពុងសិក្សាស្វែងយល់ពីប្រទេសកម្ពុជា ដោយ​លោកស្រី ក៏បាន​ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គទេសាភិ​បាល​ធនាគារ​ជាតិ និងស្ថាប័ន​រដ្ឋាភិបាលមួយចំនួនទៀត ដើម្បីយល់កាន់តែច្បាស់ពីដំណើរការ​ប្រព្រឹត្ត​ទៅ​​នៃសេដ្ឋកិច្ច​កម្ពុជា។

លោកស្រី បានបញ្ជាក់ថា IFC មានវត្តមាននៅកម្ពុជា អស់រយៈ​ពេល​ជាង ២០ឆ្នាំមកហើយ។ ក្នុង​នោះ​ត្រឹមតែមួយទសវត្សរ៍ចុងក្រោយនេះ IFC បានបោះទុនវិនិ​យោគនៅកម្ពុជា ដែលគិតជាទឹក​ប្រាក់សរុបចំនួន ១,៥ពាន់លានដុល្លារអាមេរិក។ លោកស្រី បាន​បន្ត​ទៀតថា IFC មានការប្តេជ្ញា​ចិត្តចូលរួមចំណែកក្នុងនាមជាដៃគូដ៏ល្អមួយ នៅក្នុងដំណើរអភិវឌ្ឍ​របស់កម្ពុជា តាមចក្ខុវិស័យ​របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
លោកស្រី បានបន្តថា ក្នុងអាណត្តិការងាររបស់លោកស្រី លោកស្រីនឹងធ្វើយ៉ាងណាឱ្យ​​គម្រោងនានា​របស់វិស័យឯកជន និងវិស័យសាធារណៈ អនុវត្តបានជោគជ័យ និងចូលរួមជំរុញ​គោលដៅ​របស់​កម្ពុជា ប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជា​ប្រទេស​ចំណូល​ខ្ពស់នៅឆ្នាំ២០៥០ ក្លាយជាការពិត។

លោកស្រីសន្យាថានឹងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងផ្នែកពាក់ព័ន្ធដទៃទៀត គាំទ្រការ​អភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍជំនាញ បង្កើនផលិតភាព​ភាពប្រកួតប្រជែងឱ្យមានការ​រីកចម្រើន​ដូចមុនវិបត្តិកូវីដ១៩ និងបន្តប្រកបដោយប្រសិទ្ធភាពក្នុងវិស័យកាត់ដេរ ជាមួយធនាគារជាតិ​នៃកម្ពុជា ជាមួយវិស័យកសិកម្ម កម្មន្តសាល និងវិស័យផ្សេងៗជាច្រើនទៀត។

លោកស្រី បានបង្ហាញសេចក្តីរីករាយ និងមោទនភាព ដែលប្រជាជនកម្ពុជា ជាពិសេសសម្តេច​តេជោ ក៏ដូចជារាជរដ្ឋាភិបាលអាណត្តិមុនៗ បានលះបង់ពុះពារគ្រប់ឧបសគ្គនៃការបែកបាក់ និង​សោកនាដកម្ម​ដោយសារសង្គ្រាមរ៉ាំរ៉ៃ ដើម្បីប្រទេសកម្ពុជា មានសន្តិភាព ការអភិវឌ្ឍដូចបច្ចុប្បន្ន និងមានអនាគតភ្លឺស្វាង។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណពីការយកចិត្តទុកដាក់ និងការប្តេជ្ញា​ចិត្ត​របស់លោកស្រី ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។ សម្ដេចតេជោ បានមានប្រសាសន៍​ថា សារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ មានវត្តមាននៅប្រទេសកម្ពុជាតាំងពី សម្ដេចដាក់ចេញ​នូវយុទ្ធ​សាស្ត្រត្រីកោណក្នុងរាជរដ្ឋាភិបាលនីតិកាលទី២ បន្តមកដល់យុទ្ធសាស្ត្រចតុកោណ និងរហូតមក​ដល់យុទ្ធសាស្ត្របញ្ចកោណនៅពេលបច្ចុប្បន្ននេះ។

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា ការដាក់ចេញយុទ្ធសាស្រ្តចតុកោណ និងបច្ចុប្បន្ន​ឈាន​ដល់យុទ្ធសាស្រ្តបញ្ចកោណ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលជំនាន់ថ្មី គឺដើម្បីធានាថា​ប្រទេស​កម្ពុជា នឹងចាកចេញពីប្រទេសអភិឌ្ឍតិចតួចក្នុងឆ្នាំ២០២៩ រួចឈានទៅសម្រេចគោលដៅក្លាយ​ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសចំណូល​ខ្ពស់នៅក្នុងឆ្នាំ២០៥០។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា កត្តាពេលវេលា គឺសំខាន់ណាស់ប្រសិនបើមិនខិតខំប្រែង និង​បើមិនមានការរៀបចំឱ្យបានត្រឹមត្រូវនោះទេ កម្ពុជាអាចនឹងធ្លាក់ក្នុងអន្ទាក់ចំណូលមធ្យម (middle-income trap) ដូចបណ្តាប្រទេសមួយចំនួន។ ដូច្នេះហើយ រយៈពេលពីឆ្នាំ២០៣០ ទៅដល់២០៥០ ជារយៈពេលសាកសមមួយ ដែលអាចឱ្យកម្ពុជាចាកចេញពីប្រទេស​ចំណូល​មធ្យមកម្រិតខ្ពស់ទៅជាប្រទេសចំណូលខ្ពស់បាន។

សម្តេចតេជោ មានប្រសាសន៍ថា កម្ពុជាមានសុទិដ្ឋិនិយម និងមានជំនឿជឿជាក់ថា អាចសម្រេច​បានចក្ខុវិស័យនេះ អាស្រ័យលើការខិតខំប្រឹងប្រែងជម្នះរាល់ឧបសគ្គ ពីព្រោះការលំបាក​ដែល​ប្រទេស និងប្រជាជនកម្ពុជា បានឆ្លងកាត់មក គឺលំបាកខ្លាំងណាស់។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា បទពិសោធរបស់សម្តេចផ្ទាល់ក្នុងការដឹកនាំប្រទេស ដោយផ្តោតអាទិភាព​លើកត្តាចំនួនពីរ គឺទីមួយត្រូវតែរក្សាសន្តិភាព ស្ថិរភាពនយោបាយឱ្យបានជាដាច់ខាត ព្រោះថា បើគ្មាន​សន្តិភាព​ស្ថិរភាពនយោបាយ កុំនិយាយពីលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការអភិវឌ្ឍ​អ្វីៗទាំងអស់។ រីឯកត្តាទីពីរ គឺត្រូវរក្សាឱ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ពីព្រោះ​កត្តាទាំងពីរនេះ មាន​ចំណងទាក់ទងទៅវិញទៅមក និងបំពេញឱ្យគ្នាដែលមិនអាចទាត់ចោលកត្តា​ណាមួយបាន​ឡើយ។ ប្រទេសដែលមានស្ថិរភាពនយោបាយ ទើបអាចអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ប៉ុន្តែបើគ្មានស្ថិរ​ភាព​នៃម៉ាក្រូសេដ្ឋកិច្ចនោះទេ សន្តិភាព និងស្ថិរភាពនយោបាយក៏មិននៅបានស្ថិតស្ថិរនោះដែរ។

សម្តេចតេជោ ហ៊ុន សែន បានជម្រាបលោកស្រីតំណាង IFC ឱ្យតាមដានមើលការអនុវត្តយុទ្ធ​សាស្រ្តបញ្ចកោណរបស់រដ្ឋាភិបាលអាណត្តិថ្មី ដែលមានភាពជឿនលឿន និងមានល្បឿនជាង​អាណត្តិ​មុនៗ។ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា កម្ពុជា មិនមែននៅតែឯងនោះទេ បញ្ហា​ប្រឈមរបស់ពិភពលោកទាំងរឿងកូវីដ១៩, បញ្ហាសង្គ្រាម គឺសុទ្ធតែជះឥទ្ធិពលមកដល់កម្ពុជា។ សម្តេចតេជោ បានបង្ហាញពីការសោកស្តាយ ដែលសេដ្ឋកិច្ចកម្ពុជា ដែលមានកំណើនក្នុងរង្វង់​៧ភាគរយ អស់រយៈពេលជាង ២ទសវត្សរ៍ ត្រូវរងផលប៉ះពាល់ពី​បញ្ហាកូវីដ១៩ និងបញ្ហាប្រឈម​ដទៃទៀតរបស់ពិភពលោក។

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា ទោះស្ថិតនៅក្នុងសេណារីយោអាក្រក់បំផុត​របស់ពិភពលោក​បែបណាក៏ដោយ ប្រទេសកម្ពុជា នឹងមិនខ្វះស្បៀង ឬអង្ករដាច់ខាត ហើយប្រទេសសមាជិក​អាស៊ាន ក៏នឹងមិនខ្វះអង្ករឡើយ ព្រោះប្រទេសកម្ពុជា ថៃ វៀតណាម ឡាវ មីយ៉ាន់ម៉ា គឺជាប្រទេសផលិតស្បៀង។ ទោះបីកម្ពុជា មានសន្តិសុខស្បៀង តែខ្វះសន្តិសុខថាមពល ដូច្នេះប្រទេសក្នុងអាស៊ាន ក៏អាចបំពេញបញ្ហាថាមពលនេះដល់កម្ពុជាវិញផងដែរ។

សម្ដេចតេជោ បានបង្ហាញមោទនភាព ដែលកន្លងមកនេះកម្ពុជាបានប្រើប្រាស់ថាមពលបៃតង​ជាង៦០ភាគរយ ដែលអាចឈានដល់៧០ភាគរយ នាប៉ុន្មានឆ្នាំខាងមុខ តាមរយៈការប្រើ​ប្រាស់​ថាមពល​កកើតឡើងវិញ ដែលមានដូចជាថាមពលពន្លឺព្រះអាទិត្យ និងខ្យល់ជាដើម ក្នុងនោះក៏បាន​ប្រើប្រាស់ដីធ្លីឱ្យទៅជាគម្របបៃតង ក្នុងការដាំដំណាំផ្សេងៗ​ដូចជាស្វាយចន្ទី កៅស៊ូ និងដំណាំ​ឧស្សាហកម្មផ្សេងទៀត ​ដែលជួយដល់ការរីកចម្រើន​នៃគម្របព្រៃឈើផងដែរ។

ក្នុងនោះទំហំពាណិជ្ជកម្មរបស់កម្ពុជាក៏មានការកើនឡើងប្រមាណ២០ភាគរយ ក្នុងរយៈពេលកន្លង​មកនេះ ហើយសម្ដេចសង្ឃឹមថា លោកជំទាវ នឹងរួមចំណែកដល់ការអភិវឌ្ឍដល់កម្ពុជា និងជួយ​ជំរុញ​កម្ពុជាឱ្យក្លាយទៅជាប្រទេសប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៩ និងជាប្រទេស​ប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០៕