(ភ្នំពេញ)៖ លោកស្រី ថូហ្វីកា ហ៊ុក តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំនៅកម្ពុជា បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា គឺជាឥស្សរជនសកលលោកមានកេរ្តិ៍​ឈ្មោះ​ល្បី​មួយរូបនៅក្នុងប្រវត្តិសាស្ត្រ។

លោកស្រី បានលើកឡើងបែបនេះក្នុងពេលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ​សម្តេច​តេជោ ហ៊ុន សែន នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះនៅវិមានព្រឹទ្ធសភា។

លោកស្រី ថូហ្វីកា ហ៊ុក បានបង្ហាញក្តីរីករាយចំពោះឱកាសជួបសម្តែងការគួរសមជាមួយ​សម្តេច​តេជោ ហ៊ុន សែន។ លោកស្រី បានលើកឡើងថា សម្តេចតេជោមិនត្រឹមជាមេដឹកនាំដ៏សំខាន់​មួយ​រូបដែលបានបញ្ចប់សង្គ្រាម និងរកសុខសន្តិភាពសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្តេចតេជោ ក៏មានតួនាទីដ៏ធំធេងក្នុងតំបន់ ហើយជាឥស្សរជនក្នុងសកលលោក ដែលមានកេរ្ត៍ឈ្មោះល្បី​ក្នុងប្រវត្តិសាស្រ្ត។

ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានជម្រាបលោកស្រីតំណាង IFC ពីមូលហេតុដែលសម្ដេចបានលះបង់​អំណាចពីនាយក​រដ្ឋមន្ត្រី នៅពេលសម្ដេចនៅមានការគាំទ្រច្រើនផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា ការលះបង់ នេះ គឺជាការលះបង់មួយដែលសម្ដេចមិនចង់​ឱ្យមាន​ការប្រថុយប្រថានក្នុងវិបត្តិមេដឹកនាំ នៅពេលមានការផ្លាស់ប្ដូរអំណាចនោះទេ គឺដើម្បីរក្សាបានសុខសន្តិភាពយូរអង្វែង៕