(ព្រះវិហារ)៖ លោក សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស បាបណែនាំដល់លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ ត្រូវរួមសហការគ្នាទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធិភាព ចំពោះយានយន្តដែលកែច្នៃខុសលក្ខណៈបច្ចេកទេស ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

ជាមួយគ្នានេះដែរ លោកបានថ្លែងថា មកដល់ម៉ោងនេះមិនទាន់មានរថយន្តដឹកជញ្ជូនបិទឡូហ្គោណាមួយចាប់សមត្ថកិច្ច ឬមន្ត្រីជញ្ជីងនោះទេ ផ្ទុយទៅវិញយើងត្រូវបង្រ្កាបឱ្យបានកុំមានការយោគយល់ឱ្យសោះ ពេលឃើញរថយន្តនោះកែច្នៃខុសលក្ខណៈបច្ចេកទេស។

ការណែនាំបែបនេះរបស់លោក សេង ឈួន បែបនេះក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃកិច្ចសហប្រតិបត្តិការ ត្រួតពិនិត្យយានយន្តកែឆ្នៃខុសលក្ខណៈបច្ចេកទេស របស់លេខាធិការដ្ឋានត្រួតពិនិត្យយានយន្តកែឆ្នៃខុសលក្ខណៈបច្ចេកទេសខេត្តព្រះវិហារ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក អ៊ុក គឹមសាន អភិបាលរងខេត្តតំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងជាប្រធានលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ខេត្តព្រះវិហារ ក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំសមត្ថកិច្ច និងអាជ្ញាធរក្រុង ស្រុក ពាក់ព័ន្ធជាច្រើនរូបទៀត។

លោក សេង ឈួន បានបកស្រាយចម្ងល់របស់សមត្ថកិច្ចដែលបានលើកឡើងពីបញ្ហារថយន្តដឹកជញ្ជូនមានបិទឡូហ្គោ ពីមុនបិទឡូហ្គោធំៗ តែឥលូវរថយន្តទាំងនោះបិទឡូហ្គោតូចៗវិញ ដែលភាគច្រើនរថយន្តទាំងនោះមានខ្នងបង្អែកធំៗ ចាំអន្តរាគមន៍ ដែលជាហេតុធ្វើឱ្យសមត្ថកិច្ច និងមន្ត្រីជំនាញញញើតក្នុងការបង្ក្រាប។

ទាក់ទងនឹងករណីនេះ លោករដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក សេង ឈួន បានលើកឡើងថា៖ «បើយើងជាអ្នកអនុវត្តន៍ច្បាប់មិនហ៊ានធ្វើ តើឱ្យអ្នកណាជាអ្នកធ្វើ? តើមកដល់ពេលនេះ មានរថយន្តដឹកជញ្ជូនបិទឡូហ្គោ ចាប់សមត្ថកិច្ច ឬក៏មន្ត្រីជញ្ជីងណាមួយហើយ ឬនៅ? ហើយបើឮថា សេង ឈួន ប្រធានគណៈកម្មាការសម្របសម្រួលដឹកជញ្ជូនលើសទម្ងន់ត្រូវបានគេចាប់ខ្លួនបាត់ហើយនោះ សូមនាំគ្នាឈប់ធ្វើទៅដើម្បីកុំឱ្យគេចាប់ខ្លួនដូច សេង ឈួន ដែរ»។

លោកបានកោតសរសើរដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក៏ដូចជាលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ដែលកន្លងមកធ្វើកិច្ចការនេះបានល្អ ប្រកបដោយឆន្ទៈ មនសិការខ្ពស់ស្របតាបការណែនាំរបស់ក្រសួង ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលកម្ពុជារបស់យើង៕