(ភ្នំពេញ)៖ ព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីក្នុងជំនួបផ្គូផ្គងធុរកិច្ចរវាងសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ប្រចាំឆ្នាំ២០២៤។

ជំនួបផ្គូផ្គងធុរកិច្ចនាឱកាសនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងសមាគម និងវិនិយោគិនរវាងប្រទេសទាំងពីរ ស្របតាមចក្ខុវិស័យរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងបេសកកម្មគោះទ្វារវិនិយោគនៅឯប្រទេសជប៉ុន កាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។

ការរៀបចំជំនួបផ្គូផ្គងធុរកិច្ចនេះ គឺបានបង្ហាញឱ្យឃើញពីចំណាប់អារម្មណ៍របស់វិនិយោគិនជប៉ុនទៅលើបរិយាកាសវិនិយោគនៅកម្ពុជា ជាក់ស្ដែងកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំកម្ពុជា និងប្រចាំប្រទេសថៃ ធ្លាប់បានសហការរៀបចំសិក្ខាសាលាដើម្បីជំរុញទាក់ទាញការវិនិយោគពីក្រុមហ៊ុនជប៉ុនតាមរយៈយន្តការប្រទេសបូក (Thailand +1) ផងដែរ។

លើកឡើងក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្រ្តី បានចូលរួមអបអរសាទរដល់សមាគមជប៉ុន-កម្ពុជា ដែលបានបើកការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញ កាលពីខែមេសា ឆ្នាំ២០២៤ កន្លងទៅ ដែលនេះជាសក្ខីភាពនៃទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងកម្ពុជា និងមិត្តជប៉ុន និងស្មារតីជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជា។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះសមាគមជប៉ុន-កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ដែលបានបំពេញបេសកកម្មរបស់ខ្លួនក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសក្នុងការជំរុញ និងការកៀរគរវិនិយោគិនឱ្យមកបណ្តាក់ទុននៅកម្ពុជា ព្រមទាំងផ្ដួចផ្ដើមរៀបចំជំនួបផ្គូផ្គងធុរកិច្ច ដ៏មានសារៈសំខាន់នេះឡើង។

លោកឧបនាយករដ្ឋមន្ត្រី បានគូសរំលេចផងដែរអំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងដើរតួនាទីជាអ្នកសម្របសម្រួលធុរកិច្ច និងវិនិយោគ ដោយបានចាត់ទុកវិស័យឯកជនជាដៃគូ និងជាកាតាលីករសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។ ជាងនេះ ជាបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា យើងបានត្រៀមខ្លួនជាស្រេចដើម្បីផ្តល់កិច្ចសហការពេញទំហឹងជូនដល់វិស័យឯកជនដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

ជាងនេះទៅទៀតនាពេលឆាប់ៗខាងមុខនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (CDC Investment Project Management) ឬ (ប្រព័ន្ធ cdcIPM) ដំណាក់កាលទី១ ដែលជាថ្នាលបច្ចេកវិទ្យាសម្រាប់អនុញ្ញាតឱ្យវិនិយោគិនអាចដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) តាមប្រព័ន្ធអនឡាញបានពីគ្រប់ទីកន្លែង គ្រប់ពេលវេលា។ ការដាក់ពាក្យ និងការទទួលបានវិញ្ញាបនបត្រចុះបញ្ជីគម្រោងគឺសុទ្ធសឹងតែធ្វើឡើងជាទម្រង់ឌីជីថល។ ពិសេសជាងនេះនៅពេលឆាប់ៗ ប្រព័ន្ធនេះក៏នឹងឈានទៅដល់ការតភ្ជាប់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តអំពាវនាវឱ្យវិនិយោគិនជប៉ុន និងវិនិយោគិនកម្ពុជាទាំងអស់ ដែលមានវត្តមានក្នុងកម្មវិធីនេះ ចាប់ដៃគ្នាសិក្សាពិនិត្យលទ្ធភាពជំរុញកិច្ចសហការធុរកិច្ច ក៏ដូចជាស្វែងយល់ឱ្យកាន់តែច្បាស់នូវកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ពិសេសលើកទឹកចិត្តដល់សមាគមជប៉ុន-កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា បន្តចូលរួមផ្សព្វផ្សាយអំពីបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់វិនិយោគិនផ្សេងៗទៀត ដើម្បីទាក់ទាញវិនិយោគិនមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា បង្កើតការងារបន្ថែមជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចជាតិឆ្ពោះទៅសម្រេចបានចក្ខុវិស័យជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

សូមជម្រាបថា ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ៣៤៦គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៥,៥ប៊ីលានដុល្លារអាម៉េរិក មានការកើនឡើង ៣៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងនោះ ប្រទេសជប៉ុនឈរនៅលំដាប់ទី៧ ដែលមានទុនវិនិយោគ សរុបប្រមាណ ៤០លានដុល្លារអាម៉េរិក នៃរំហូរទុនវិនិយោគសរុបនៅកម្ពុជា៕