(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីជាមួយលោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសសហមេត្រីជូនថ្នាក់ដឹកនាំរបស់ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) និងពិធីប្រកាសចូលកាន់តំណែងនាយកថ្មីនៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ប្រចាំកម្ពុជា។
ពិធីនេះបានរៀបចំឡើងនៅសណ្ឋាគារ The Raffles Hotel Le Royal Phnom Penh ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍជាច្រើនរូប នាល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ដែលដឹកនាំដោយលោកស្រី Jenny Scharrer ជានាយិកាប្រចាំប្រទេស នាពេលកន្លងមក ដែលមានកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូល្អជាមួយនឹងក្រសួង ស្ថាប័ននានានៅកម្ពុជា ជាពិសេសជាមួយក្រសួងអភិវឌ្ឍន៍ជនបទ លើការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទដែលមានភាពធន់ និងហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជាច្រើនទៀត។
លោករដ្ឋមន្ដ្រីក៏បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោក Daniel Plankermann ដែលត្រូវបានតែងតាំងជានាយកថ្មីនៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា ជំនួសលោកស្រី Jenny Scharrer បានបញ្ចប់បេសកកម្មនាពេលនេះ ហើយប្ដេជ្ញានឹងបង្កើនកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀតជាមួយធនាគារ KfW ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនិតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី។
លោក ឆាយ ឫទ្ធិសែន និងលោកឯកអគ្គរដ្ឋទូត បានផ្ដល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសសហមេត្រីជូនថ្នាក់ដឹកនាំរបស់ KfW ដែលស្នាដៃល្អក្នុងការបំពេញការងារនៅកម្ពុជា ព្រមទាំងមានការទទួលទានអាហារការងារក្រោមបរិយាកាសរីករាយ និងមានកិច្ចសហប្រតិបត្តិការខ្ពស់ផងដែរ៕