(ភ្នំពេញ)៖ សប្តាហ៍ក្រោយនេះ ពោលចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅលើទឹកដីខេត្តសៀមរាប កម្ពុជាពីប្រទេសធ្លាប់រងគ្រោះយ៉ាងខ្លោចផ្សាដោយសារសង្គ្រាម និងគ្រាប់មីននោះ ក្នុងឋានៈជាប្រធានអនុសញ្ញាអូតាវ៉ា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលជាមួយប្រទេសរដ្ឋភាគីអនុសញ្ញាអូតាវ៉ា និងដៃគូពាក់ព័ន្ធ ជជែកពិភាក្សាដើម្បីឈានឆ្ពោះទៅកាន់ពិភពលោកមួយគ្មានមីន។ ការគ្មានមីន ជាការនាំមកនូវភាពសុខដុមសម្រាប់មនុស្សជាតិ។
កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីន នឹងមានការអញ្ជើញចូលរួមពីប្រទេស និងអង្គការដៃគូពាក់ព័ន្ធអនុសញ្ញាអូតាវ៉ាជាង១៥០។ កម្ពុជា បានក្លាយទៅជាប្រទេសដំបូងគេនៅអាស៊ីប៉ាស៊ីហ្វិក ក្នុងការធ្វើជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលក្រោយពេលអនុសញ្ញាអូតាវ៉ា ចាប់កំណើតបាន២៥ឆ្នាំ។ កិច្ចប្រជុំកំពូលនេះ ជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់កម្ពុជា ហើយក៏បានបង្ហាញពីតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងនាមប្រទេសធ្លាប់រងគ្រោះដោយសង្គ្រាម និងដោយគ្រាប់មីន ក្នុងការចូលរួមលុបបំបាត់មីនលើសកលលោក។
នៅព្រឹកថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសអនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានបើកសន្និសីទសារព័ត៌មាន ស្តីពីដំណើរឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន។
ខាងក្រោមជាវីដេអូ នៃសន្និសីទសារព័ត៌មាន៖