(ភ្នំពេញ)៖ ថ្លែងនៅក្នុងឱកាសបើក និង​បិទកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២០ ខែ​វិច្ឆិកា ឆ្នាំ២០២៤នេះ នាទីស្ដីការគណៈរដ្ឋមន្ត្រី លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានផ្តល់ជូននូវអនុសាសន៍គន្លិះសំខាន់ៗ ចំនួន៨ចំណុច ដល់ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សម្រាប់ការអនុវត្តនៅក្នុងឆមាសទី១ ឆ្នាំ២០២៥ ដែលជាគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ បានដាក់ចេញនូវវិធានការមួយចំនួន រួមទាំងការបង្កើនការវិនិយោគជាតិ ការចូលរួមពីសហគមន៍កាន់តែស៊ីជម្រៅ កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបិទគម្លាតនៃការបង្ការ និងបង្កើនលទ្ធភាពទទួលបានសន្តិសុខសង្គម និងការថែទាំសុខភាពសម្រាប់ជនងាយរងគ្រោះ ដោយធានាថាធនធាន និងសេវាកម្មត្រូវបានកែសម្រួល និងកំណត់គោលដៅសម្រាប់អ្នកដែលត្រូវការឱ្យបានច្រើនបំផុត។

ឆ្លងកាត់នូវការចំណាយពេលដ៏មានតម្លៃពេញមួយព្រឹក កិច្ចប្រជុំពេញអង្គបានធ្វើបទ​បង្ហាញ រួមជាមួយនឹងការពិភាក្សា និងផ្តល់យោបល់យ៉ាងផុលផុស ដោយទទួលបាននូវ​លទ្ធផលគួរជាទីមោទនៈ សមស្របទៅនឹងកម្មវត្ថុ នៃកិច្ចប្រជុំនា​ពេល​នេះ។ ក្នុងនោះកិច្ចប្រជុំបានធ្វើការអនុម័តជាគោលការណ៍​នូវ​សេចក្តីព្រាងវឌ្ឍនភាព នៃការអនុវត្តសេចក្តីសម្រេចចិត្តកិច្ចប្រជុំពេញអង្គលើកទី១ ឆ្នាំ២០២៤ និងការដាក់ចេញនូវសេចក្តីសម្រេចចិត្តកិច្ច ប្រជុំពេញអង្គ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ សម្រាប់ការអនុវត្តនៅក្នុងឆមាសទី១ ឆ្នាំ២០២៥។

ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងថា បើទោះបីជាកម្មវិធីរបស់យើងមានតែមួយព្រឹកក៏ពិតមែន ប៉ុន្តែដោយសារមានការចូល​រួមយ៉ាងសកម្មពីសំណាក់ លោក លោកស្រី អ្នកនាងកញ្ញា ​ដែលបានធ្វើឱ្យពេលវេលាដ៏មានតម្លៃរបស់​យើង អាចទទួលបាននូវលទ្ធផលជាផ្លែផ្កា ហើយដែលលោកសូមយកឱកាសនេះ ថ្លែងនូវ​ការកោតស​រ​សើរ​ដ៏ស្មោះបំផុតជូនសមាជិក សមាជិកា នៃអង្គពិធីទាំងមូល។

ឆ្លៀតក្នុងឱកាសនេះលោកទេសរដ្ឋមន្ត្រី ក៏បានផ្តល់ជូននូវចំណាប់​អារម្មណ៍បូកសរុបនូវលទ្ធផលជារួម ដែលទទួលបានពីកិច្ចប្រជុំនេះ ដោយលោកបានសពិនិត្យ និងសង្កេតឃើញថា ជារួមយើងទាំងអស់គ្នា ពិតជាបានខិតខំអនុវត្តផែនការសកម្មភាព រយៈពេល៦ខែ ចុងឆ្នាំ២០២៤ ទៅ​តាម​ក្រសួង ស្ថាប័ន រាជធានី ខេត្ត អង្គការជាតិ និងអន្តរជាតិ សង្គមស៊ីវិល ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ លោកទេសរដ្ឋមន្រ្តី សូមកោតសរសើរចំពោះក្រសួង ស្ថាប័ន រាជធានី ខេត្ត ដែលបានប្រឹងប្រែងចូលរួមអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ និងផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨។

លោកទេសរដ្ឋមន្រ្តី សូមវាយតម្លៃខ្ពស់ចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចូលរួមយ៉ាងសកម្មក្នុងការធ្វើឱ្យមានវឌ្ឍនភាព ក្នុងការអនុវត្តការងារឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ តាមរយៈការផ្តល់ថវិកា និងការរៀបចំនីតិវិធីប្រើប្រាស់កញ្ចប់ថវិកាជាតិដល់ក្រសួង ស្ថាប័ន និងរាជធានី ខេត្តទាំង២៥។ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការបន្តជំរុញឱ្យមានវឌ្ឍនភាពការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨។ បន្តជំរុញឱ្យមានវឌ្ឍនភាពក្នុងការអនុវត្ត ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨។ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បន្តសហការជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បីសិក្សាលើលទ្ធភាពប្រើប្រាស់អត្ថប្រយោជន៍គាំពារសង្គម ក្នុងការគាំទ្រដល់ការងារឆ្លើយតបនឹងការរាលដាលមេរោគអេដស៍ ជាពិសេសការលើកទឹកចិត្តឱ្យប្រជាជនគន្លឹះស្ម័គ្រចិត្តមកធ្វើតេស្តរកមរោគអេដស៍ ដែលអាចចាត់ទុកជាមធ្យោបាយមួយ ក្នុងការបង្កើនការមកទទួលយកសេវាសុខភាពផងដែរ។ បន្តអន្តរាគមន៍ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេស លើក្រុមប្រជាជនគន្លឹះ និងយុវវ័យ ដើម្បីបង្កើនចំណេះដឹងអំពីមេរោគអេដស៍ ក៏ដូចជាការទទួលបានសេវាបង្ការ និងការធ្វើតេស្តរកមេរោគអេដស៍ ព្រមទាំងស្វែងរកវិធីថ្មីៗទៀត ក្នុងការផ្តល់សេវាទាក់ទងនឹងមេរោគអេដស៍ដល់អ្នក ដែលមិនទាន់បានទទួលអន្តរាគមន៍។

លោកទេសរដ្ឋមន្រ្តី​អៀង មូលី ក៏បានផ្តល់ជូននូវអនុសាសន៍សំខាន់ចំនួន ៨ចំណុច សម្រាប់ការអនុវត្តនៅក្នុងឆមាសទី១ ឆ្នាំ២០២៥ ដែលមានដូចខាងក្រោម៖

*ទី១, អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវប្រមូលរាល់ធាតុចូលនិងអនុសាសន៍ទាំង​អស់ ដែលបានអនុម័តជាគោលការណ៍នៅក្នុងកិច្ចប្រជុំនេះ ដើម្បីយកទៅរៀបចំ និងកែសម្រួលសម្រាប់ដាក់ចេញនូវគម្រោងផែនការសកម្មភាពនាពេល​ខាងមុខ។
*ទី២, បង្កើនការកសាងសមត្ថភាពស្ថាប័ន សហគមន៍ និងបុគ្គល ដើម្បីពង្រឹងការឆ្លើយតបដោយសហគមន៍ និងកែលម្អការធ្វើសមាហរណកម្មការឆ្លើយតបនឹងមេរោគអេដស៍ក្នុងវិស័យសុខាភិបាល និង វិស័យមិនមែនសុខាភិបាល។
*ទី៣, បន្តជំរុញ និងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសង្គម និងបង្កើតបរិយាកាសអំណោយផលឱ្យក្រុមប្រជាជនគន្លឹះ និងអ្នកផ្ទុកមេរោគអេដស៍បានទទួលសេវាមេរោគអេដស៍ សេវាសុខាភិបាល និងសេវាគាំទ្រផ្នែកច្បាប់ និងសង្គមផ្សេងទៀតប្រកបដោយប្រសិទ្ធភាព។
*ទី៤, បន្តជំរុញការពង្រឹងប្រព័ន្ធជាតិ (Country system) ក្នុងការឆ្លើយតបជាពហុវិស័យ ចំពោះការរីករាលដាលនៃមេរោគអេដស៍និងជំងឺអេដស៍ ដើម្បីឈានទៅសម្រេចឱ្យបានក្នុងពេលឆាប់ៗនូវចីរភាពនៃកម្មវិធីអេដស៍នៅកម្ពុជា។
*ទី៥, សូមលើកទឹកចិត្ត ក្រសួងផែនការ ក្រសួងសុខាភិបាល និងមជ្ឈមណ្ឌលជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បន្តធ្វើកិច្ចសហការជំរុញការផ្តល់បណ្ណសមធម៌ដល់អ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ឱ្យបានសម្រេច១០០ភាគរយ នៅបំណាច់ឆមាសទី១ ឆ្នាំ២០២៥ខាងមុខ។
*ទី៦, បង្កើនអន្តរាគមន៍ស្វែងរកអ្នកផ្ទុកមេរោគអេដស៍ ប្រមាណជិត៧០០០នាក់ ដែលមិនទាន់បានដឹងពីស្ថានភាពថាបានផ្ទុកមេរោគអេដស៍ ឱ្យមកទទួលសេវាធ្វើតេស្តរកមេរោគអេដស៍។
*ទី៧, បង្កើនតំបន់គ្របដណ្តប់កម្មវិធី លេបថ្នាំបង្ការជាមុនការប្រព្រឹត្តិប្រឈមនឹងការឆ្លងមេរោគអេដស៍ (PrEP) ឱ្យបានទូលំទូលាយនិងឱ្យកាន់តែមានប្រសិទ្ធភាព។ បន្តផ្សព្វផ្សាយការយល់ដឹងពី សារៈសំខាន់នៃការប្រើប្រាស់សេវា លេបថ្នាំបង្ការជាមុនការប្រព្រឹត្តិប្រឈមនឹងការឆ្លងមេរោគអេដស៍ (PrEP) ដើម្បីទាក់ទាញអ្នកដែលមិនទាន់បានដឹងឱ្យមកទទួលយកសេវា ពិសេសលើក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ និងក្រុមអ្នកបម្រើសេវាកម្សាន្ត។
*ទី៨, បន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ និងវិស័យឯកជន ដើម្បីទទួលបានជំនួយទាំងសម្ភារៈ ថវិកា និង​បច្ចេកទេស ដើម្បីសម្រេចបានជោគជ័យក្នុងការបញ្ចប់​ជំងឺ​អេដស៍ និងចីរភាពកម្មវិធីអេដស៍នៅកម្ពុជា៕