(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងសន្និសីទស្តីពី ការជំរុញអភិបាលកិច្ច និងបច្ចេកវិទ្យាឌីជីថល ក្រោមប្រធានបទ «ដំណើរឆ្ពោះទៅរដ្ឋាភិបាលឆ្លាត» នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
សន្និសីទនេះ ដោយមានការអញ្ជើញចូលរួមពីលោក Stefan Messerer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ព្រមទាំង លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្រ្តីបច្ចេកទេស ពីក្រសួង ស្ថាប័ន តំណាង វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ផងដែរ។
សន្និសីទស្តីពី ការជំរុញអភិបាលកិច្ច និងបច្ចេកវិទ្យាឌីជីថល ក្រោមប្រធានបទ «ដំណើរឆ្ពោះទៅរដ្ឋាភិបាលឆ្លាត» ត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាង បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា អគ្គលេខាធិការដ្ឋានគណៈកម្មាធិការឌីជីថល និងទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ GIZ ព្រមទាំងដៃគូពាក់ព័ន្ធ ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងស្ថានទូតអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា។
សន្និសីទនេះ ធ្វើឡើងក្នុងគោលបំណង ជាវេទិកាមួយដែលប្រមូលផ្តុំ ទៅដោយអ្នកដឹកនាំបរិវត្តកម្មឌីជីថល មន្ត្រីបង្គោលក្នុងអង្គភាពបរិវត្តកម្មឌីជីថល នៅតាមក្រសួង ស្ថាប័ននានា ក៏ដូចជាដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនបច្ចេកវិទ្យា ក្រុមហ៊ុនធុរកិច្ចថ្មី ដើម្បីអាចផ្លាស់ប្តូរបទពិសោធន លើការវាយតម្លៃបច្ចេកវិទ្យាចុងក្រោយ កាលានុវត្តភាព ក៏ដូចជាបញ្ហាប្រឈមផ្សេងៗ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ។
សន្និសីទនេះ ជាការចាប់ផ្តើមថ្មីមួយទៀត ក្នុងកិច្ចការអនុវត្តសកម្មភាពអាទិភាពដែលមានកំណត់ ក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ផ្សារភ្ជាប់នឹងទំនាក់ទំនង ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ តាមរយៈការជំរុញកិច្ចសន្ទនា ការផ្លាស់ប្ដូរបទពិសោធ និងការបញ្ជ្រាបការយល់ដឹង ពីការចាប់យក និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ ព្រមទាំងការស្វែងយល់ពីបញ្ហាប្រឈម និងដំណោះស្រាយកន្លងមក ដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសរវាង ក្រសួង ស្ថាប័នក្នុងរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងដំណើរបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងគាំទ្រដល់ការអនុវត្ត គោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា និងការ សម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព៕