(កណ្ដាល)៖ ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធផ្ញើសារស្វ័យប្រវត្តិតាមតេលេក្រាម ដែលមានឈ្មោះថា «ស្វ័យវិជ្ជាអក្ខរកម្មមេឌា» (t.me/MILSelfLearningBot) ដែលត្រូវបានអភិវឌ្ឍឡើង ដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការសហការដោយអង្គការ DW Akademie របស់ប្រទេសអាឡឺម៉ង់ និងគាំទ្រដោយក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិវឌ្ឍន៍ (BMZ)។

ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងវត្តមានលោកស្រី Sabina Casagrande នាយកប្រចាំតំបន់អាស៊ីខាងត្បូង និង អាស៊ីអាគ្នេយ៍ របស់អង្គការ DW Akademie ព្រមទាំងសហការី លោកនាយក លោកគ្រូ អ្នកគ្រូ និងគរុសិស្សនៃមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគខេត្តកណ្ដាល។

ក្នុងឱកាសនោះ លោកស្រីរដ្ឋលេខាធិការប្រចាំការ បានអបអរសាទរចំពោះសមិទ្ធិផលថ្មី «ស្វ័យវិជ្ជាអក្ខរកម្មមេឌា» នេះ និងបានថ្លែងថា នេះជាសមិទ្ធិផលដ៏សំខាន់មួយ ដែលនឹងចូលរួមជំរុញការយល់ដឹងស្ដីពីអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានក្នុងវិស័យអប់រំ។ ប្រព័ន្ធផ្ញើសារនេះក៏បានផ្តោតគោលដៅសំខាន់ទៅលើក្មេងស្រី និងក្រុមងាយរងគ្រោះ។

លោកស្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានបរិវត្តកម្មឌីជីថល ដែលបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ការអប់រំស្ដីពីអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានក្នុងវិស័យអប់រំក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ប្រព័ន្ធផ្ញើសារស្វ័យប្រវត្តិ «ស្វ័យវិជ្ជាអក្ខរកម្មមេឌា» ត្រូវបានអភិវឌ្ឍឡើងដើម្បីលើកកម្ពស់ការយល់ដឹង ជំនួយដល់គ្រូបង្រៀន លើកកម្ពស់ការចូលរួមរបស់សិស្សក្នុងកម្មវិធីសិក្សា បង្កើតបរិយាកាសឌីជីថលនៅក្នុងថ្នាក់រៀន ជំរុញកម្មវិធីស្វ័យសិក្សាដែលជួយសិស្ស និស្សិត សិក្សាស្រាវជ្រាវដោយខ្លួនឯង គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ជំរុញការអប់រំបែបឌីជីថល ព្រមទាំងជួយកសាងជំនាញភាពជាពលរដ្ឋឌីជីថល។
កម្មវិធីនេះ ក៏បានផ្តោតគោលដៅជាពិសេសចំពោះក្មេងស្រី និងក្រុមសហគមន៍ដែលងាយរងគ្រោះផងដែរ។

លោកស្រីរដ្ឋលេខាធិការប្រចាំការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ DW Akademie ដែលបានសហការគាំទ្រដល់នាយកដ្ឋានបរិវត្តកម្មឌីជីថល អស់រយៈពេលប្រមាណជិត១០ឆ្នាំកន្លងមកនេះ ក្នុងការលើកកម្ពស់ការអប់រំអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន។

លោកស្រី ក៏សូមអរគុណក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិវឌ្ឍន៍ (BMZ) ដែលបានឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធផ្ញើសារ «ស្វ័យវិជ្ជាអក្ខរកម្មមេឌា» រហូតលេចរូបរាងឡើងនាថ្ងៃនេះ ព្រមទាំងបានលើកទឹកចិត្ត និងបន្តគាំទ្រដល់អង្គការ DW Akademie និងក្រសួង BMZ បន្តធ្វើជាដៃគូសហការរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់ការអប់រំឌីជីថលនៅកម្ពុជាជាបន្តទៀត។

លោកស្រីរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ដូចខាងក្រោម៖
១៖ ដាក់បញ្ចូលកម្មវិធី «ស្វ័យវិជ្ជាអក្ខរកម្មមេឌា» កម្មវិធីសិក្សានៃគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូទាំងអស់
២៖ ប្រើប្រាស់កម្មវិធី «ស្វ័យវិជ្ជាអក្ខរកម្មមេឌា» ក្នុងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាព និងទាញយកជាប្រយោជន៍សម្រាប់ការរៀន និងបង្រៀនឱ្យអស់ពីលទ្ធភាព
៣៖ សហការយ៉ាងពេញទំហឹង ជាមួយនាយកដ្ឋានបរិវត្តកម្មឌីជីថលក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់ការអប់រំស្ដីពីអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន
៤៖ បន្តអភិវឌ្ឍសមត្ថភាពជាប្រចាំដើម្បីដើរ ឱ្យទាន់ដំណើរវិវត្តន៍ឥតឈប់ឈរនៃបច្ចេកវិទ្យាឌីជីថល។

សូមជម្រាបថា ប្រព័ន្ធផ្ញើសារស្វ័យប្រវត្តិតាមតេលេក្រាម មានមាតិកាជាច្រើនសម្រាប់អ្នកប្រើប្រាស់ដូចជា ខ្លឹមសារមេរៀនចំនួន១០ សទ្ទានុក្រម សំណួរចម្លើយ លំហាត់វាស់ស្ទង់ សមត្ថភាព គន្លឹះសំខាន់ៗ រូបភាព វីដេអូ តំណភ្ជាប់ឯកសារ ពិសេសគឺក្រុមពិភាក្សា។ តាមរយៈប្រព័ន្ធផ្ញើសារស្វ័យប្រវត្តិតាមតេលេក្រាម អ្នកប្រើប្រាស់អាចធ្វើការស្រាវជ្រាវ និងស្វ័យសិក្សាដោយខ្លួនឯងគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕