(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញបើកទំព័រថ្មី នៃវេទិកាថ្នាក់ខេត្ត ស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឃការ ដើម្បីសម្រេចបាន ចក្ខុវិស័យកម្ពុជា សម្រាប់ឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។

វេទិកានេះ នឹងត្រូវធ្វើឡើងរយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំថ្មីរដ្ឋបាលខេត្ត ដោយបានការចូលរួមពី ដោយមានការចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត សភាពាណិជ្ជកម្មខេត្ត អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ប្រធានការិយាល័យប្រជាពលរដ្ឋ មន្ទីរអង្គភាពនានាជុំវិញខេត្ត តំណាងរដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ អង្គការសង្គមស៊ីវិល សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងអ្នកពាក់ព័ន្ធជាច្រើនទៀត។

គោលបំណង នៃការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីពិគ្រោះពិភាក្សា រវាង រាជរដ្ឋាភិបាល ជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិស ផ្នែកគោលនយោបាយ សម្រាប់សម្រួចការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា សម្រាប់ឆ្នាំ២០៥០។ ការរៀបចំវេទិកានេះត្រូវធ្វើឡើង ជារៀងរាល់៣ឆ្នាំម្តង ដោយចាប់ផ្តើមអនុវត្តដំបូង ពីឆ្នាំ២០២៤ ដែលមានរយៈពេល០២ថ្ងៃ។

ថ្លែងក្នុងឱកាសបើកវេទិកា លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតី ក្នុងអង្គវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចចក្ខុវិស័យ ឆ្នាំ២០៥០។ លោកបានបន្តថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានខិតខំជំរុញការធ្វើកំណែទម្រង់ជាច្រើន ក្នុងនោះក៏មានកំណែទម្រង់វិមជ្ឈការ និងវិសហការ ផ្តោតលើការរៀបចំឡើងវិញ នូវរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្របតាមគោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ។

លោកបានបន្ថែមថា ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហការ មានគោលបំណងសំខាន់ ក្នុងការចូលរួមថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយ បង្កើតឱ្យមានមូលដ្ឋានគ្រឹះ ប្រជាធិបតេយ្យ អភិបាលកិច្ចមូលដ្ឋាន សំដៅលើកកម្ពស់ការផ្តល់សេវា ជូនប្រជាពលរដ្ឋ ការអភិវឌ្ឍន៍សេដ្ឋកិច្ច ឆ្លើយតបតម្រូវការធានាជូនប្រជាពលរដ្ឋ ចំគោលដៅ ទាន់ពេលវេលា សំដៅដល់ការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយនិរន្តរភាព កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិត របស់ប្រជាពលរដ្ឋ។

លោកបានលើកឡើងថា ផ្អែកតាមបទពិសោធន៍ និងភាពជោគជ័យនៃកំណែទម្រង់គ្រប់ថ្នាក់ ស្របតាមគោលបំណងរាជរដ្ឋាភិបាលកម្ពុជា បានពង្រីកវិសាលភាព នៃកំណែទម្រង់កាន់តែប្រសើរឡើង ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងស្ថាប័ន ថ្នាក់ជាតិ បានបង្កើត និងដាក់ចេញឱ្យអនុវត្តលិខិតបទដ្ឋានគតិយុត្តិជាច្រើន ជាពិសេសកម្មវិធីជាតិ រយៈពេល១០ឆ្នាំ ដំណាក់កាលទី១ និងដំណាក់កាលទី២ ដែលយើងកំពុងអនុវត្តយ៉ាងសកម្ម នៅថ្នាក់ក្រោមជាតិ។

ជាសក្ខីភាពនាថ្ងៃនេះ ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិនេះ គឺជាកិច្ចការថ្មីមួយ ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានផ្តោតការយកចិត្តទុកដាក់លើការបន្តពង្រឹង និងជំរុញកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឱ្យកាន់តែស៊ីជម្រៅ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សំដៅកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យ កម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។

ដោយមានការគាំទ្រពីក្រសួងមហាផ្ទៃ ជាពិសេសលេខាធិការដ្ឋានគ.ជ.អ.ប រដ្ឋបាលខេត្តពោធិ៍សាត់បានខិតខំប្រឹងប្រែងធ្វើកិច្ចការនេះ ដោយបានធ្វើវេទិកាតាមរយៈកិច្ចប្រជុំ របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ការធ្វើវេទិការនៅថ្នាក់ក្រុង ស្រុក និងបានប្រជុំបូកសរុបជាច្រើនលើក ច្រើនសារ ជាលទ្ធផលនឹងមានបង្ហាញជូនក្នុងរបាយការណ៍វឌ្ឍនភាព របាយការណ៍បញ្ហាប្រឈម ពីថ្នាក់ឃុំ/សង្កាត់ ក្រុង/ស្រុក ខេត្ត ជូនក្នុងវេទិកា។

លោកសូមស្នើ ឱ្យអង្គវេទិការទាំងមូល យកចិត្តទុកដាក់ស្ដាប់បទបង្ហាញ និងចូលរួមពិភាក្សាឱ្យបានផុលផុស ដើម្បីជាធាតុចូល សម្រាប់ជាមូលដ្ឋានក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឱ្យទទួលបានជោគជ័យសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ខាងមុខ។ ជាមួយគ្នានោះ ក្រោយបញ្ចប់ការធ្វើវេទិកាថ្នាក់ខេត្ត ត្រូវធ្វើរបាយការណ៍ទៅរាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋានគ.ជ.អ.ប ដើម្បីដោះស្រាយបន្តនៅបញ្ហាប្រឈម សំណូមពរ នៅសេសសល់មួយចំនួន ដែលថ្នាក់ខេត្តមិនអាចដោះស្រាយបានផងដែរ៕