(ភ្នំពេញ)៖ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិ​ច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងថា រាជរដ្ឋាភិបាល គ្រោងបន្ថែមក្រុមគោលដៅចំនួន២ បន្ថែមទៀតទៅលើក្រុមគោលដៅរួមមានស្ត្រីដែលជាមន្ត្រីសាធារណៈ មន្ត្រីជាប់កិច្ចសន្យា ឬកាមសិក្សាការី ស្ត្រីជាកម្លាំងនគរបាល និងស្ត្រីមានផ្ទៃពោះដែលកំពុងស្ថិតនៅក្នុងមណ្ឌលអប់រំកែប្រែ។

លោកបណ្ឌិត ចន ណារិទ្ធ បានលើកឡើងថា កម្មវិធីដែលឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារក្រោយអាយុពីរឆ្នាំ តាំងពីពាក់កណ្តាលឆ្នាំ២០១៩ ហើយមានអនុវត្តហើយវិវត្តិទៅមុខជាប្រចាំ ដោយវិវត្តិទៅលើទិដ្ឋភាពចំនួន២ ទី១ វិវត្តិទៅលើទំហំនៃការឧបត្ថម្ភ គុណនឹងពីរបើប្រៀបធៀបឆ្នាំ២០១៧។ ទី២ បន្ថែមក្រុមគោលដៅ គោលដៅក្របខណ្ឌកិច្ចគាំពារសង្គម។

លោកបណ្ឌិត ចន ណារិទ្ធ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ការកែសម្រួលពង្រីកវិសាលភាពទី២ គឺការបន្ថែមក្រុមគោលដៅ ចាប់ផ្តើមដំបូងឡើងក្រុមគោលដៅចម្បង ស្ត្រី និងកុមារ មកពីគ្រួសារដែលមានបណ្ណសមធម៌នេះឯង បន្តមកពង្រីកដល់សមាជិក ប.ស.ស ជាស្ត្រី មានន័យថាកម្មករ និយោជិក ជាស្ត្រីដែលមានក្នុងទិន្នន័យបេឡាជាតិរបបសន្តិសុខសង្គម និងមួយក្រុមគោលដៅទៀត គឺមន្ត្រីសាធារណៈជាស្ត្រី កាមសិក្សា ជាប់កិច្ចសន្យាក្តី ហើយមានការគិតគូរបន្តទៀតដល់កងកម្លាំង ហើយក្នុងពេលឆាប់ៗនេះកងកម្លាំងប៉ូលីស គាត់នឹងទទួលអត្ថប្រយោជន៍ប្រភេទនេះដូចគ្នាដែរ […] ក្រុមគោលដៅពិសេសមួយទៀត គឺការពង្រីកអត្ថប្រយោជន៍ដល់ស្ត្រីដែលកំពុងស្ថិតនៅក្នុងមណ្ឌលអប់រំកែប្រែ នេះជាចំណុចមួយដែលគោលនយោបាយបានដាក់ចេញ»

ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមិញ លោកបណ្ឌិត ចន ណារិទ្ធ បានបន្តថា ហើយកម្មវិធីធីនេះនឹងដាក់ឱ្យអនុវត្តដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ចំពោះកិច្ចការងារនេះរដ្ឋាភិបាលកំពុងតែរៀបចំបទដ្ឋាគតិយុត្តិ ពេលអនុក្រឹត្យចេញជាផ្លូវការ។

ត្រង់ចំណុចនេះ ត្រូវបានអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានបញ្ជាក់ថា សម្រាប់កងកម្លាំងជាស្ត្រី ពិសេសពីនគរបាលលោកយល់ថាប្រហែលអាចចាប់ផ្តើមនៅខែមករា ឆ្នាំ២០២៥នេះទៅ។ ដោយឡែកសម្រាប់ស្ត្រី ដែលស្ថិតនៅក្នុងពន្ធនាគានោះ គឺយើងកំណត់ទាំងអស់ ហើយទទួលបាននៅការសម្រេចភ្លាម យើងឈានទៅដល់ការអនុវត្តភ្លាមតែម្តង។

របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព មានសមាជិកសកម្មសរុបចំនួន ២,៥៣លាននាក់ ដែលក្នុងនោះ មានកម្មករនិយោជិត១,៦៨ លាននាក់, បុគ្គលនៃវិស័យសាធារណៈ ៤៨ម៉ឺននាក់ និងបុគ្គស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុករបស់សមាជិក ប.ស.ស. ជាង៣៦ម៉ឺននាក់។

សម្រាប់មូលនិធិសមធម៌សុខាភិបាល មានពលរដ្ឋចំនួនប្រមាណ ៤,៨លាននាក់ ទទួលបានការថែទាំសុខភាព ដោយរដ្ឋជាអ្នកបង់ថ្លៃជំនួស។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ សម្រាប់សមាជិក ប.ស.ស. បានផ្តល់ការឧបត្ថម្ភសាច់ប្រាក់ជូនកម្មករនិយោជិតជាស្រី្ត នៅពេលសម្រាល។ រាជរដ្ឋាភិបាលបានដំឡើងកម្រិតប្រាក់ឧបត្ថម្ភ និងផ្តល់សេវាសុខាភិបាលបន្ថែមក្នុងអំឡុងមានផ្ទៃពោះ និងក្រោយសម្រាលរហូតដល់កុមារអាយុ ២ឆ្នាំហើយបានពង្រីកវិសាលភាពដល់មន្រ្តីរាជការ, មន្រ្តីកម្មសិក្សា, និងមន្ត្រីជាប់កិច្ចសន្យាជាស្រី្ត។ បច្ចុប្បន្ន ស្រ្តី និងកុមារសរុបប្រមាណ ៧៧ម៉ឺននាក់ បានទទួលអត្ថប្រយោជន៍ពីកម្មវិធីនេះ៕