(កំពង់ធំ)៖ លោកបណ្ឌិត លី ណារុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរពិធីប្រារព្ធទិវាជាតិលើកកម្ពស់ អនាម័យជនបទលើកទី១៥ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាធ្វើឱ្យកាន់តែប្រសើរឡើងនៅស្ថានភាពអនាម័យជនបទនៅកម្ពុជា» នៅឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា ទោះបីអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យ មានការកើនឡើងក៏ដោយ តាមការពិនិត្យជាក់ស្តែង ក្នុងការប្រតិបត្តិអនាម័យនាពេលបច្ចុប្បន្ននៅតំបន់ជនបទមួយចំនួន នៅមានកម្រិតនៅឡើយ។
ចំពោះប្រជាពលរដ្ឋ រស់នៅជនបទដាច់ស្រយាល និងតំបន់ប្រឈម កំពុងប្រើប្រាស់ទឹកសព្វថ្ងៃនេះ គឺពុំទាន់ជាទឹកមានការកែលម្អនៅឡើយ ព្រោះថាអណ្តូងភាគច្រើនត្រូវបានសាងសង់ដោយប្រជាពលរដ្ឋផ្ទាល់ ឬខួងជាអណ្តូង នៅតាមជនបទ ដែលពុំទាន់មានការត្រួតពិនិត្យបច្ចេកទេសត្រឹមត្រូវ (ការធ្វើតេស្តគុណភាពទឹក) ដែលជាហេតុធ្វើឱ្យមានផលប៉ះពាល់ ដល់សុខភាព និងបង្កឱ្យមានជំងឺផ្សេងៗជាច្រើនតាមរយៈការហូបទឹកមិនស្អាតជារៀងរាល់ឆ្នាំ ជាពិសេសកុមារ អាយុក្រោម៥ឆ្នាំ ដែលងាយរងគ្រោះបំផុត។
បណ្ឌិត លី ណារុន បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំរាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី១៣ ខែវិច្ឆិកា ជាថ្ងៃប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យ ដើម្បីជាសារក្រើនរំលឹកដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋ និងគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ និងចូលរួមធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអនាម័យនៅជនបទ។ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានសហការជាមួយរដ្ឋបាលស្រុក និងអង្គការ RTI រៀបចំពិធីប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៥នេះ យល់ដឹងអំពីសារ សំខាន់ដើម្បីឈានទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០៣០ ឱ្យបាន១០០% លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ។
លោកបានបញ្ជាក់បន្ថែមទៀតថា ស្រុកប្រាសាទបល្ល័ង្ក ជាស្រុកមួយក្នុងចំណោមស្រុកគោលដៅចំនួន៣(ស្រុកស្ទោង ស្រុកប្រាសាទបល្ល័ង្ក និងស្រុកប្រាសាទសំបូរ) ដែលអង្គការ អ័រធីអាយ (RTI), អង្គការវ័តធឺអេត (Warter Aid) បានជ្រើសរើសជាតំបន់គោលដៅ ដើម្បីអនុវត្តកម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ពីដើមឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន និងអង្គការទស្សនៈពិភពលោក (WVC) តាំងពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ននេះ ត្រូវបានបញ្ចប់គម្រោង។
ដោយមានគាំទ្រពីអង្គការដៃគូពាក់ព័ន្ធទាំងអស់ បានខិតខំប្រឹងប្រែង នឹងមានកិច្ចសហការ ជាមួយមន្ទីរពាក់ព័ន្ធនានា អាជ្ញាធរស្រុក/ឃុំ/ភូមិ រួមជាមួយអង្គការដៃគូអភិវឌ្ឍនានាក្នុងខេត្ត ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋ នៅសហគមន៍ប្រកបដោយប្រសិទ្ធភាព ធ្វើឱ្យស្រុកប្រាសាទបល្ល័ង្ក បច្ចុប្បន្ន មានការរីកលូតលាស់ក្នុងអត្រាកំណើនផ្នែកអនាម័យចំនួន៩៤% ទូទាំងស្រុក ដែលក្នុងនោះមានភូមិចំនួន៦៤ភូមិ និងឃុំចំនួន៧ឃុំ សម្រេចបានជាភូមិ ឃុំODF និងបានផ្ទៀងផ្ទាត់និងវាយតម្លៃស្រុក ODF រួចរាល់ ដោយគណៈកម្មការផ្ទៀផ្ទាត់ODF ថ្នាក់ខេត្ត នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤៕