(ភ្នំពេញ)៖ វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ នៃក្រសួងហិរញ្ញវត្ថុប្រទេសជប៉ុន (PRI) សហការជាមួយអង្គភាពអាជីវកម្មខ្នាតតូច និងបុគ្គលសាជីវកម្មហិរញ្ញវត្ថុជប៉ុន (JFC-Micro) បានជួយដល់កម្ពុជា ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍នៅក្នុងការវិភាគឥណទាន ដោយឧស្សាហកម្ម និងបច្ចេកទេសសម្ភាសនៃការវិភាគឥណទាន តាមរយៈការផ្តល់ប្រាក់កម្ចី ដោយពុំចាំបាច់មានទ្រព្យធានា (បញ្ចាំ) ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលមានតម្រូវការផ្នែកហិរញ្ញវត្ថុ ចង់ពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត។
លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម បានឱ្យដឹងថា វគ្គបណ្តុះបណ្តាល ស្តីពី «សហគ្រាសបង្កើតថ្មី» ដល់ថ្នាក់គ្រប់គ្រង នាយកសាខា បុគ្គលិក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ជាលើកទី៤ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលរបស់ SME Bank។
លោកបណ្ឌិត លឹម អូន បានបន្តថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងស្វែងយល់ពីគន្លឹះ និងយុទ្ធសាស្ត្រ ក្នុងការបង្កើតសហគ្រាសថ្មី ដើម្បីរួមចំណែកជំរុញការផ្តល់ហិរញ្ញប្បទាន ជូនដល់សហគ្រាសបង្កើតថ្មី ប្រកបដោយប្រសិទ្ធភាព និងកាលានុវត្តភាពនៅប្រទេសកម្ពុជា។
លោកបណ្ឌិត លឹម អូន អះអាងថា បច្ចុប្បន្នវិស័យ SME កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដែលមានប្រមាណ ៩៨% នៃសហគ្រាសអាជីវកម្មសរុបទូទាំងប្រទេសកម្ពុជា និងបានរួមចំណែកប្រមាណ ៥៨% នៃផលិតផលក្នុងស្រុកសរុប (GDP) និងផ្តល់ការងារដល់ប្រជាជនប្រមាណ ៧០%។ ដោយឡែកសម្រាប់ឆ្នាំ២០២៤នេះ ធនាគារ SME គ្រោងកញ្ចប់ថវិកាប្រមាណ ១០០លានដុល្លារអាម៉េរិកបន្ថែមទៀត សម្រាប់ការផ្តល់ហិរញ្ញប្បទានជូនអតិថិជនគោលដៅរបស់ខ្លួន។ គិតត្រឹមដំណាច់ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME) បានផ្តល់ហិរញ្ញប្បទានក្នុងទំហំទឹកប្រាក់ជាង ៥០០លានដុល្លារអាម៉េរិក ដល់ជាង ៣ពាន់ ២០០សហគ្រាស តាមរយៈគម្រោងហិរញ្ញប្បទានដោយផ្ទាល់ និងគម្រោងសហហិរញ្ញប្បទាន ដែលសហការជាមួយស្ថាបន្នហិរញ្ញវត្ថុចូលរួម។
បើតាមលោក TABATA Hidetaka នាយកផ្នែកសហប្រតិបត្តិការអន្តរជាតិ នៅវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ (PRI) នៃក្រសួងហិរញ្ញវត្ថុប្រទេសជប៉ុន បានពន្យល់ពីបញ្ហាប្រឈមនៃលទ្ធភាពទទួលបានហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម។ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាជាច្រើន ប្រឈមមុខនឹងបញ្ហាលទ្ធភាពទទួលបានហិរញ្ញវត្ថុ ដោយពួកគេមិនអាចប្រមូលថវិកាបានគ្រប់គ្រាន់ ក៏ព្រោះតែមានឧបសគ្គ ដូចជាតម្រូវការវត្ថុបញ្ចាំអចលនទ្រព្យ និងអត្រាការប្រាក់ខ្ពស់ នៅពេលទទួលប្រាក់ កម្ចីពីស្ថាប័នហិរញ្ញវត្ថុ។ លើសពីនេះទៅទៀត សហគ្រាសធុនតូច និងមធ្យម មិនបានរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ដែលធ្វើឱ្យស្ថាប័នហិរញ្ញវត្ថុពិបាកយល់អំពីស្ថានភាព ជាក់ស្តែងរបស់ពួកគេ។
ជាលទ្ធផល គ្រឹះស្ថានហិរញ្ញវត្ថុប្រឈមនឹងការលំបាក ក្នុងការឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់ពួកគេ។ ប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត ក៏កំពុង ប្រឈមនឹងបញ្ហាស្រដៀងគ្នានេះដែរ។ នៅក្នុងគម្រោងមុនៗ JFC-Micro បានដោះស្រាយកែលម្អលទ្ធភាពទទួលបានហិរញ្ញវត្ថុ ជាមួយការផ្តល់ឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ នៅវៀតណាម ម៉ាឡេស៊ី និងឡាវ នូវចំណេះដឹងផ្នែកវិភាគឥណទានរបស់ JFC-Micro៕