(ភ្នំពេញ)៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ចាប់តាំងពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គឺមានរយៈពេល១ឆ្នាំ ដែលកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះ ទទួលបានសិស្សចុះឈ្មោះចូលរៀនសរុបចំនួនជាង ៧៣០០០នាក់។

បើតាមលោករដ្ឋលេខាធិការ  ក្នុងចំណោមសិស្សដែលបានចុះឈ្មោះចូលរៀនជំនាញសរុប ក្នុងនោះចំនួនសិស្សបានបញ្ចប់ការសិក្សាមានជាង ១៤០០០នាក់នៅទូទាំងប្រទេស ហើយយុវជនទាំងនោះបានទទួលការងារធ្វើ និងមានចំណូលសមរម្យ។

លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា យោងតាមលទ្ធផលក្នុងរយៈពេលមួយឆ្នាំ កម្មវិធីបណ្តុះបណ្តាលនេះបាននិងកំពុងបន្តបេសកកម្មរបស់ខ្លួនក្នុងការបណ្តុះបណ្តាលជំនាញដល់យុវជនយ៉ាងសកម្មនៅទូទាំងប្រទេស ហើយទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា។ ក្នុងនោះនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសនៅទូទាំងប្រទេសក៏បានប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញជាបន្តបន្ទាប់ផងដែរ។

លោករដ្ឋលេខាធិការបន្ថែមថា ដើម្បីកៀរគរយុវជនចុះឈ្មោះចូលរៀនជំនាញមួយនេះ  ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយព័ត៌មានតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម សហការជាមួយអាជ្ញាធរដែនដី ចុះផ្សព្វផ្សាយផ្ទាល់ទៅដល់មូលដ្ឋាននិងខ្នងផ្ទះរបស់ប្រជាពលរដ្ឋ និងចែកខិតប័ណ្ណតាមទីតាំងសាធារណៈយ៉ាងផុសផុល ដើម្បីកៀរគរយុវជនគោលដៅមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះឱ្យបានកាន់តែច្រើន។

លោករដ្ឋលេខាធិការលើកឡើងថា វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស បាននិងកំពុងចូលរួមយ៉ាងសកម្មលើការផលិតមូលធនមនុស្ស និងអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព ការប្រកួតប្រជែងខ្ពស់ មានភាពធន់ បត់បែន អាចឆ្លើយតបតាមតម្រូវការនៃការវិវត្តយ៉ាងឆាប់រហ័សនៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម និងបច្ចេកវិទ្យាឌីជីថល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយធានាថា «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» និងអនុវត្តតាមអភិក្រមរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺ “រៀនឱ្យចប់ រៀនឱ្យចេះ ឱ្យមានការងារធ្វើ”។

លោកបានអំពាវនាវដល់យុវជនដែលមិនទាន់បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សូមរួសរាន់មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈដោយឥតបង់ថ្លៃនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈនានា។ ដោយឡែក យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ទទួលបានការរៀនជំនាញដោយឥតគិតថ្លៃ និងថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ២៨ ០០០០រៀល ផងដែរ។

សម្រាប់សាកសួរព័ត៌មានលំអិត សូមទំនាក់ទំនងមកកាន់ប្រព័ន្ធទូរសព្ទ Hotline ឥតគិតថ្លៃ លេខ ១២៨៦  ឬ ១២៩៧ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕