(ភ្នំពេញ)៖ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនៃក្រសួងធម្មការនិងសាសនា បានរៀបចំការប្រឡងជ្រើសរើសសមណសិស្ស សិស្សពូកែទូទាំងប្រទេស ផ្នែកភាសាបាលី-សំស្ក្រឹត សម្រាប់កម្រិតពុទ្ធិកមធ្យមសិក្សាបឋមភូមិនិងទុតិយភូមិ ដែលបានប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះ។

បេក្ខសមណៈ បេក្ខជនទាំងពីរកម្រិតភូមិសិក្សាត្រូវបានជ្រើសរើសចេញពីការប្រឡងប្រជែង តាមសាលានីមួយៗទូទាំងប្រទេស បន្ទាប់មកបេក្ខសមណៈ បេក្ខជនទាំងនោះត្រូវបានគណៈគ្រប់គ្រងសាលាបញ្ជួនមកចូលរួមប្រឡងនៅថ្នាក់ជាតិ ដែលបានរៀបចំដោយអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនៃក្រសួងធម្មការនិងសាសនា។ បេក្ខសមណៈ បេក្ខជនសរុបមានចំនួន ១៧៩ អង្គ/នាក់ បានដាក់ពាក្យប្រឡងជ្រើសរើសសមណសិស្ស សិស្សពូកែទូទាំងប្រទេស ផ្នែកភាសាបាលី-សំស្រ្កឹត ក្នុងនោះបេក្ខសមណៈ បេក្ខជនថ្នាក់ឆ្នាំទី៣ នៃពុទ្ធិកមធ្យមសិក្សាបឋមភូមិមានចំនួន ១២៦ អង្គ/នាក់ និងទុតិយភូមិមានចំនួន ៥៣ អង្គ/នាក់) ត្រូវបានបែងចែកជា ១៣បន្ទប់។

* ជ័យលាភីបេក្ខសមណៈពូកែទូទាំងប្រទេស សម្រាប់កម្រិតពុទ្ធិកមធ្យមសិក្សាបឋមភូមិមាន៖
១៖ បេក្ខសមណៈ ស៊ុំ វ៉ាន់នី ជ័យលាភីលេខ១
២៖ បេក្ខសមណៈ រន សុហូង ជ័យលាភីលេខ២
៣៖ បេក្ខសមណៈ ទូច ធានធាន ជ័យលាភីលេខ៣

* ជ័យលាភីបេក្ខសមណៈពូកែទូទាំងប្រទេស សម្រាប់កម្រិតពុទ្ធិកមធ្យមសិក្សាទុតិយភូមិមាន៖
១៖ បេក្ខសមណៈ សំ វ៉ាន់ណេត ជ័យលាភីលេខ១
២៖ បេក្ខសមណៈ ផៃ ចាន់ណា ជ័យលាភីលេខ២
៣៖ បេក្ខសមណៈ ហ៊ុយ គឹមហេង ជ័យលាភីលេខ៣

សូមជម្រាបថា ក្នុងចំណោមបេក្ខសមណៈ បេក្ខជនសរុបមានចំនួន ១៧៩ អង្គ/នាក់ ត្រូវប្រកួតប្រជែងយកចំណាត់ថ្នាក់ពីលេខ ១ ដល់លេខ ៣ តាមភូមិសិក្សាទាំងពីរកម្រិត។ តាមរយៈការប្រកួតប្រជែងប្រកបដោយតម្លាភាព យុត្តិធម៌ និងលទ្ធផលទទួលយកបាន បេក្ខសមណៈចំនួន ៣ ព្រះអង្គ ត្រូវបានជ្រើសរើសជាជ័យលាភីសមណសិស្សពូកែទូទាំងប្រទេស ផ្នែកភាសាបាលី-សំស្រ្កឹត សម្រាប់កម្រិតពុទ្ធិកមធ្យមសិក្សាបឋមភូមិ និង ៣ ព្រះអង្គទៀត សម្រាប់កម្រិតពុទ្ធិកមធ្យមសិក្សាទុតិយភូមិ៕