(ភ្នំពេញ)៖ យុវជនវៀតណាម និងយុវជនកម្ពុជា (ស.ស.យ.ក) មានគម្រោងសាងសង់មជ្ឈមណ្ឌលមួយ ដើម្បីបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនយុវជនកម្ពុជា និងកសាងអគារទីស្តីការ របស់ ស.ស.យ.ក ដើម្បីទុកជានិមិត្តរូប បង្ហាញពីទំនាក់ទំនងសាមគ្គីភាពរឹងមាំ រវាងប្រទេសទាំង២ (កម្ពុជា-វៀតណាម) ។

នេះតាមការបញ្ជាក់ឲ្យដឹងពីលោក ង្វៀន មិញជៀត (Nguyen Minh Triet) លេខាគណៈមជ្ឈឹមសហភាពយុវជនកុម្មុយនីស្ត ហូជីមិញ និងជាប្រធានសហភាពនិស្សិតវៀតណាម ក្នុងជំនួបសម្តែងការគួរសមជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។

លោក ង្វៀន មិញជៀត បានលើកឡើងថា យុវជនវៀតណាមនិងយុវជនកម្ពុជា (ស.ស.យ.ក) មានគម្រោងសាងសង់មជ្ឈមណ្ឌលមួយ ដើម្បីបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនយុវជនកម្ពុជា និងកសាងអគារទីស្តីការរបស់ ស.ស.យ.ក ដែលគម្រោងនេះ នឹងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយើងអាចធ្វើកិច្ចការងារនេះ ឲ្យក្លាយជារូបរាង ដើម្បីទុកជានិមិត្តរូប បង្ហាញពីទំនាក់ទំនងសាមគ្គីរឹងមាំ រវាងប្រទេសទាំង២ កម្ពុជានិងវៀតណាម។

ក្នុងឱកាសនោះដែរ លោក ង្វៀន មិញជៀត ក៏បានវាយតម្លៃខ្ពស់ពីការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ។ ភាពរីកចម្រើន នៃទំនាក់ទំនងរវាងយុវជនកម្ពុជា និងយុវជននៃប្រទេសវៀតណាម។

លោក ង្វៀន មិញជៀត បានបន្តថា ការមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ ក្រុមយុវជនរបស់វៀតណាម បានពិភាក្សាការងារមួយចំនួន ជាមួយយុវជនរបស់គណបក្សប្រជាជន កម្ពុជា ដើម្បីបង្កើននូវភាពរឹងមាំដើរលឿនទៅមុខ។ បន្ថែមពីនេះ យើងបានដាក់គោលដៅសហប្រតិបត្តិការថ្នាក់មជ្ឈិម និងបន្តកិច្ចសហប្រតិបត្តិការ នៅថ្នាក់មូលដ្ឋានបន្ថែមទៀត។ យុវជនវៀតណាម និងយុវជនកម្ពុជា បានប្រាស្រ័យទាក់ទងទំនាក់ទំនងគ្នាបានយ៉ាងល្អ។ បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំប្រទេសកម្ពុជា ជាស្រទាប់យុវជនបន្តវេន ដែលមានសមត្ថភាព ដែលយើងនឹងបន្តិចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឲ្យកាន់តែមានភាពរឹងមាំបន្ថែមទៀត។

លោក ឃួង ស្រេង បានលើកឡើងថា កម្ពុជា និងប្រទេសវៀតណាម គឺជាអ្នកជិតខាងមានភូមិផងរបងជាមួយគ្នា យើងបានរួមសុខ រួមទុក្ខជាមួយគ្នាជាយូរណាស់មកហើយ។ កម្ពុជាក៏មានប្រវត្តិជួយទៅដល់ប្រទេសវៀតណាម ហើយប្រទេសវៀតណាម ក៏មានប្រវត្តិជួយមកដល់កម្ពុជា ដូចគ្នា។ ប្រទេសយើងទាំង២បានរួមសុខទុក្ខជាមួយគ្នា ហើយយើងនឹងបន្តការអភិវឌ្ឍប្រទេសរៀងៗខ្លួន ឲ្យមានការរីកចម្រើនដូចគ្នា ដោយប្រទេសវៀតណាមមានចក្ខុវិស័យ ធ្វើឲ្យប្រទេសរបស់ខ្លួនក្លាយជាប្រទេសអភិវឌ្ឍន៍ ក្លាយជាប្រទេសជាអ្នកមាននៅឆ្នាំ២០៤៥។ ចំណែកឯប្រទេសកម្ពុជាយើងវិញ ក៏មានចក្ខុវិស័យធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសអភិវឌ្ឍន៍ ក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០។

លោកអភិបាលបន្តទៀតថា ថ្នាក់ដឹកនាំជំនាន់មុនបានបន្សល់ទុកនូវអ្វីៗ ល្អជាច្រើនសម្រាប់យុវជនជំនាន់ក្រោយ ដើម្បីឲ្យយុវជនជំនាន់ក្រោយបន្តទំនាក់ទំនង សហប្រតិបត្តការកាន់តែមានភាពរឹងមាំបន្ថែមទៀត រវាងប្រទេសកម្ពុជានិងប្រទេសវៀតណាមទៅថ្ងៃអនាគត៕