(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នាទីស្តីការក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យ លោក Dato Khairul Hamed នាយកប្រតិបត្តិ នៃក្រុមហ៊ុន Khazanah និងជាអតីតមេបញ្ជាការ កងទ័ពជើងគោក នៃប្រទេសព្រុយណេដារូស្សាឡាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ និងបរិយាកាស ផ្តល់នូវសេវាកម្មកាន់តែប្រសើរដល់សាធារណជនទូទៅ។

លោកនាយកប្រតិបត្តិក្រុមហ៊ុន បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានថ្លែងអំណរគុណ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ទទួលជួបពិភាក្សា ការងារជាមួយរូបលោក។

លោកនាយកប្រតិបត្តិ បានជម្រាបជូនពីគោលបំណងនៃដំណើរទស្សនកិច្ច គឺដើម្បីស្វែងយល់ពីកាលានុវត្តភាពសហប្រតិបត្តិការវិនិយោគនៅកម្ពុជា លើវិស័យជាច្រើនរួមមាន៖ វិស័យសុខាភិបាល វិស័យធនធានទឹក វិស័យដឹកជញ្ជូន ជាពិសេសផ្លូវដែក និងវិស័យធនាគារជាដើម។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីបានសម្ដែងនូវការស្វាគមន៍ក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ ស្វែងយល់ និងស្នើ សុំការណែនាំស្តីពីកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបជូននូវអាទិភាព និងគោលនយោបាយសុខាភិបាល នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាជាតិ ព្រមទាំងបានគូសរំលេចពីយន្តការ លក្ខខណ្ឌ និងវិធានការចាំបាច់នានា របស់ក្រសួងសុខាភិបាល សម្រាប់តម្រង់ទិស និងគាំទ្រដល់ការវិនិយោគផ្នែកឯកជនវិស័យសុខាភិបាលនៅកម្ពុជា សំដៅបម្រើផលប្រយោជន៍ប្រជាជនផង និងការទទួលបានជោគជ័យរបស់ក្រុមហ៊ុនផងដែរ។

លោកនាយក ក្រុមហ៊ុនបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានផ្តល់ការណែនាំ ចង្អុលបង្ហាញនិងតម្រង់ទិសក្រុមហ៊ុនឱ្យទទួលបាននូវគំនិតផ្តួចផ្តើមថ្មីៗបន្ថែមទៀត។

ជាចុងក្រោយ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តក្រុមហ៊ុនឱ្យបន្តពិភាក្សាជាមួយអង្គភាពជំនាញក្រោមឱវាទក្រសួងសុខាភិបាល ដើម្បីសិក្សាលម្អិតអំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា៕