(ភ្នំពេញ)៖ លោកអភិ-សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោកស្រី Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីនថ្មី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។
អភិសន្តិបណ្ឌិត ស សុខា បានសម្ដែងនូវការស្វាគមន៍ចំពោះ លោកស្រី ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា ព្រមសហការី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកជួបសម្ដែងការគួរសម នាពេលនេះ។
លោកក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោកស្រីឯកអគ្គរដ្ឋទូត ដែលបានខិតខំយកចិត្តទុកដាក់យ៉ាងសកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ចូលរួមពង្រឹង និងពង្រីកទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងហ្វីលីពីន។
ឆ្លៀតក្នុងឱកាសនេះ លោកអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះ លោកស្រីឯកអគ្គរដ្ឋទូត ដែលតែងតែយកចិត្តទុកដាក់ ដល់ការលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ព្រមទាំងដើរតួនាទីយ៉ាងសកម្ម ក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស កិច្ចសហប្រតិបត្តិការ ក្នុងវិស័យសន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងកម្ពុជា-ហ្វីលីពីន។
ទន្ទឹមនេះ លោកស្រីឯកអគ្គរដ្ឋទូតហ្វីលីពីន បានកោតសរសើរ ដែលក្រសួងមហាផ្ទៃ តែងតែឆ្លើយតបនូវរាល់សំណើរបស់ស្ថានទូតហ្វីលីពីន។
ភាគីទាំងពីរ សង្ឃឹមយ៉ាងមុតមាំថា តាមរយៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ ជូនប្រជាជននៃប្រទេសទាំងពីរ៕