(កំពត)៖ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំរបស់ លោករដ្ឋមន្រ្តី ឆាយ ឫទ្ធិសែន បានដាក់ចេញនូវផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំសំខាន់ចំនួន៤ ក្នុងនោះ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងគមនាគម គឺជាអាទិភាព ហើយលោករដ្ឋមន្ត្រី តែងតែណែនាំ ដល់មន្ត្រីជំនាញពាក់ព័ន្ធ ឲ្យបង្កើនការយកចិត្តទុកដាក់ លើការងារស្ថាបនា និងលើកកម្ពស់កម្រិតគុណភាពផ្លូវជនបទ ឲ្យបានល្អប្រសើរ ឲ្យត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព សោភ័ណភាព និងភាពជាប់ធន់។
ជាក់ស្តែង នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតពីលោករដ្ឋមន្រ្តី គឺលោកបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ សមាជិកគណៈកម្មាធិការលទ្ធកម្ម នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង នៃក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំ ជាប្រចាំផ្លូវល្បាយក្រួស ចំនួន១៦ខ្សែ ប្រវែងសរុប ១០៧,៨០០ម៉ែត្រ ដែលទទឹងខ្នងលើ ៤ម៉ែត្រ ៤.៥ម៉ែត្រ ៥ម៉ែត្រ និង៧ម៉ែត្រ ស្ថិតនៅឃុំបឹងនិមល ឃុំមានរិទ្ធ ឃុំព្រៃខ្នង ឃុំថ្មី ឃុំសំឡាញ ឃុំចំប៉ី ឃុំល្អាង ឃុំកណ្តោល ឃុំត្រពាំងព្រីង ឃុំកូនសត្វ ឃុំខ្ចាយខាងជើង ឃុំល្បើក ឃុំឈូក ឃុំ ចម្ពូវ័ន្ត ឃុំដងទង់ ឃុំបន្ទាយមាសខាងកើត ឃុំបន្ទាយមាសខាងលិច ឃុំត្នោតចុងស្រង់ ឃុំ បឹងសាលាខាងជើង និងឃុំបឹងសាលាខាងត្បូង ក្នុងស្រុកឈូក ស្រុកដងទង់ ស្រុកអង្គរជ័យ ស្រុកទឹកឈូ ស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច នៃខេត្តកំពត អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត និងបានឯកភាពទទួលយកលទ្ធផលការងារថែទាំផ្លូវរបស់មន្ទីរ១០០%។
លោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានរាយការណ៍ជូនគណៈប្រតិភូអន្តរក្រសួង ជ្រាបអំពីការងារថែទាំប្រចាំ ផ្លូវល្បាយក្រួស ចំនួន ១៦ខ្សែ ប្រវែងសរុប ១០៧ ៨០០ម៉ែត្រខាងលើថា មន្ទីរអភិវឌ្ឍន៍ជនបទ តែងតែយកចិត្តទុកដាក់ និងបានខិតខំបំពេញការងារថែទាំផ្លូវជាប្រចាំ ដោយសម្រេចលទ្ធផលដូចខាងក្រោម៖
*១៖ ការងារថែមល្បាយក្រួសសម្រេចបាន ១០០%
*២៖ ការងារកៀរផ្លូវល្បាយក្រួស សម្រេចបាន ១០០%
*៣៖ ការងារបំពេញដីតាមជើងទេរ សម្រេចបាន ១០០%ផងដែរ។
បន្ទាប់ពីបានចុះត្រួតពិនិត្យជាក់ស្តែង គណៈប្រតិភូអន្តរក្រសួង បានសម្តែងការកោតសរសើរ ដល់ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់ក្រសួង ថាបានបំពេញកិច្ចការងារយ៉ាងល្អ ហើយគណៈកម្មការបានឯកភាពទទួលយក១០០% ចំពោះលទ្ធផលថែទាំផ្លូវល្បាយក្រួសទាំង១៦ខ្សែនោះ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ ក៏បានចែកក្រមា ជាអនុស្សាវរីយ៍កំដរដៃរបស់លោករដ្ឋមន្ត្រី ជូនប្រជាពលរដ្ឋ ចំនួន៥០នាក់ រស់នៅតាមដងផ្លូវ និងបានសំណូមពរដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ចូលរួមថែរក្សាផ្លូវទាំងនោះ ឲ្យបានល្អ និងចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទំងន់កំណត់ ដើម្បីរក្សាគុណភាពផ្លូវ ឲ្យជាប់ធន់បានយូរ ងាយស្រួលក្នុងការធ្វើដំណើរ ពិសេសពលរដ្ឋត្រូវចាត់ទុកថា ផ្លូវទាំងអស់នៅក្នុងមូលដ្ឋាន ជាផ្លូវរបស់ខ្លួន៕