(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោក Chansamone Chanyalath ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ានមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ១៨ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី ១១ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

នៅព្រឹកថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៨ ក្រោមការធ្វើជាប្រធានរបស់ប្រទេសឡាវ។

ក្រៅពីបានផ្តល់នូវសន្ទរកថាបើក លោកអគ្គលេខាធិការអាស៊ាន បានចូលរួមជាមួយបណ្តារដ្ឋមន្ត្រី ដើម្បីពិភាក្សាអំពីអនាគតនៃកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការចូលរួមពីខាងក្រៅ នៃវិស័យការពារជាតិ ដែលឈានទៅដល់ការអនុម័តឯកសារ់មគ្គុទេសក៍ និងសេចក្តីសម្រេចសំខាន់ៗមួយចំនួន។

នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាទ្វេភាគីជាមួយលោក Chansamone Chanyalath ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៨ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី១១។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានអបអរសាទរប្រទេសឡាវ ដែលបានធ្វើជាប្រធានអាស៊ាន ក៏ដូចជាប្រធានកិច្ចប្រជុំថ្ងៃនេះដ៏ជោគជ័យ ដែលបានដាក់ទិសដៅពេលអនាគតសម្រាប់វិស័យការពារជាតិ។

លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានបន្ដចូលរួមក្នុងកិច្ចប្រជុំក្រៅផ្លូវការ នៃរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិក។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន គូសបញ្ជាក់អំពីសារៈសំខាន់ នៃការរក្សានូវកិច្ចសហប្រតិបត្តិការ ការពារជាតិដ៏ស្វាហាប់រវាងអាស៊ាន និងសហរដ្ឋអាមេរិក ជាពិសេសនៅក្នុងក្របខណ្ឌ ADMM-Plus ដែលនឹងចូលរួមចំណែកដល់ការអនុវត្តរួម នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក។

នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយ លោក Dong Jun រដ្ឋមន្ត្រីការពារជាតិចិន។

នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានកោតសរសើរប្រទេសចិន សម្រាប់ការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិជាមួយអាស៊ាន រួមទាំង តាមរយៈយន្តការ ADMM-Plus និងនៅក្រោមក្របខណ្ឌចក្ខុវិស័យអាស៊ានស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

នៅរសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារ ជាមួយលោក Dato’ Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី។

កិច្ចប្រជុំបានផ្តោតលើការត្រៀមរៀបចំរបស់ម៉ាឡេស៊ី ក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ ជាពិសេសក្នុងវិស័យការពារជាតិ។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានបញ្ជាក់ឡើងវិញ នូវការត្រៀមខ្លួនរួចរាល់របស់លេខាធិការដ្ឋានអាស៊ាន ក្នុងការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រទេសម៉ាឡេស៊ី។

បណ្ឌិត កៅ គឹមហួន ក៏បានជួបពិភាក្សាការងារជាមួយ លោកស្រី Judith Collins KC រដ្ឋមន្ត្រីការពារជាតិប្រទេសនូវែលសេឡង់។

នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានកោតសរសើរនូវែលសេឡង់ សម្រាប់ការជំរុញការយល់ដឹង ពីឥទ្ធិពលនៃការបម្រែបម្រួលអាកាសធាតុ នៅក្នុងរយៈពេល ៣ឆ្នាំខាងមុខ ដែលជាផ្នែក នៃការធ្វើជាសហប្រធាននៃក្រុមការងារអ្នកជំនាញ ADMM-Plus ស្តីពីជំនួយមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយ ជាមួយប្រទេសសិង្ហបុរីពីឆ្នាំ ២០២៤-២០២៧៕