(ឧត្តរមានជ័យ)៖ មើមខ្ទឹមបារាំង របស់ប្រជាកសិករនៅតាមក្រុង ស្រុក មួយចំនួនក្នុងខេត្តឧត្តរមានជ័យ ត្រូវបានចុះកិច្ចសន្យាផលិតកម្ម កសិកម្ម លក់ជូនក្រុមហ៊ុនអាហ្គ្រោនេឆ័រ។
កិច្ចសន្យាផលិតកម្មកសិកម្មទិញ-លក់ មើមខ្ទឹមបារាំងនេះ បានធ្វើឡើងរវាងសហភាពសហគមន៍កសិកម្មឧត្តរមានជ័យអភិវឌ្ឍន៍ និងក្រមហ៊ុនអាហ្គ្រោនេឆ័រ ក្រោមការដឹកនាំសម្របសម្រួលពីលោក សូត្រ សុីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
លោក សូត្រ សុីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា៖ «កិច្ចសន្យាផលិតកម្មកសិកម្ម ទិញ-លក់ មើមខ្ទឹមបារាំងនេះ គឺធ្វើឡើងក្នុងរយៈពេល១ឆ្នាំ ពោលគឺចាប់ពីខែ១២ ឆ្នាំ២០២៤ ដល់ខែ១២ ឆ្នាំ២០២៥ លោកថាចំពោះទិន្នផលមើមខ្ទឹមបារាំង គឺអាចប្រមូលផលលក់ជូនក្រុមហ៊ុនក្នុងមួយសប្តាហ៍ចន្លោះពី១តោន ទៅ២តោន»។
ប្រធានមន្ទីរកសិកម្ម ខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ការចុះកិច្ចសន្យាផលិតកម្មកសិកម្ម ទិញ លក់ មើមខ្ទឹមបារាំងនេះ ជាជំហ៊ានដំបូង គឺធ្វើឡើងលើកសិករចំនួន១៧គ្រួសារសិន ដោយសារទិន្នផលខ្ទឹមបារាំងមានចំនួនច្រើនគ្រប់ក្នុងការផ្គត់ផ្កង់ជូនក្រុមហ៊ុន ប៉ុន្តែ បើក្រុមហ៊ុនដំណើរការល្អ យើងនឹងពង្រីកការដាំដុះលើផ្ទៃដីបន្ថែមទៀត។
លោក សូត្រ សុីសុខឃាង បានបន្តថា៖ «អីឡូវនេះយើងធ្វើជាលក្ខណៈរាយសិន ដោយសារកសិករយើងកន្លែងណាក៏អាចដាំដុះខ្ទឹមបារាំងបានដែរ ដូចជានៅស្រុកត្រពាំងប្រាសាទ ស្រុកអន្លង់វែង ក្រុងសំរោង និងស្រុកបន្ទាយអំពិល។ ប៉ុន្តែបើក្រុមហ៊ុនដំណើរការល្អ ហើយយើងនឹងខិតខំរកដៃគូរបានច្រើនដើម្បីភ្ជាប់កិច្ចសន្យា នោះយើងនឹងពង្រីកការដាំដុះនៅកន្លែងផ្សេងៗជាច្រើនទៀត»។
លោកបានបញ្ជាក់ថា ចំពោះតម្លៃចុះកិច្ចសន្យាផលិតកម្មកសិកម្ម គឺក្នុងមើមខ្ទឹមបារាំង១គីឡូក្រាម កសិករលក់ជូនក្រុមហ៊ុនក្នុងតម្លៃ២០០០រៀល ជាតម្លៃថេ ដែលជាមូលហេតុធ្វើឱ្យកសិករមានភាពកក់ក្តៅ នឹងទឹកចិត្តក្នុងការដាំដុះ ក៏ដូចជាមិនមានការព្រួយបារម្ភពីតម្លៃទីផ្សារផងដែរ ហើយចំពោះការដឹកជញ្ជូនទៅដល់ភ្នំពេញ គឺក្រុមហ៊ុនជាអ្នកចេញថ្លៃសេវាទាំងអស់៕