(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) និងលោក អាមេដ ប៊ីន ម៉ូហាមេត អាល់ចាវ៉ាន់ (Ahmed Bin Mohamed Aljarwan) ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព (GCTP) នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំសម័យប្រជុំពេញអង្គវគ្គទី១ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។

សម័យប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «ការជំរុញនិម្មាបនកម្មសកល ដើម្បីសន្តិភាព ការកសាងសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន៖ សហថាមពលរបស់រដ្ឋាភិបាល សភា និងសង្គមស៊ីវិល»។

កិច្ចប្រជុំនៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២៤ នៅសណ្ឋាគារ សុខាភ្នំពេញនេះ មាន លោក Ahmed Mohamed Aljiarwan ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱននិងសន្តិភាព (GCTP) ជាសហប្រធានដឹកនាំកិច្ចប្រជុំ។

កិច្ចប្រជុំសំខាន់នេះ មានការថ្លែងសន្ទរកថាគន្លឹះពីប្រធានរដ្ឋសភានិងថ្នាក់ដឹកនាំអង្គការ វេទិកាអន្តរជាតិជាច្រើន មានដូចជា លោក Dev Raj Ghimire ប្រធានរដ្ឋសភានេប៉ាល់ លោកស្រី Cemira Sacramento ប្រធានរដ្ឋសភាសៅតូម៉េ និងព្រីនស៊ីប ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ឯកឧត្តម Andres Pastrana ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) និងលោកជំទាវ Siti Rozaimeriyanty Dato Haji Abdul Rahman អគ្គលេខាធិការ AIPA ជាដើម។

មុនប្រគល់វេទិកាជូនវាគ្មិន សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណចំពោះការចូលរួមដ៏សកម្មរបស់គណៈប្រតិភូទំាងអស់ក្នុងបេសកកម្មដើម្បីសន្តិភាពជូនប្រជាជននៅក្នុងសកលលោកជាមួយកម្ពុជានាឱកាសនេះ។ សម្តេចបានអបអរសាទរចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាទទួលបានពានរង្វាន់សន្តិភាព៖ ដើម្បីមនុស្សជាតិនិងភពផែនដី នៅក្នុងសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។ ការប្រគល់ពាន់រង្វាន់សន្តិភាពជូន សម្តេចតេជោ នាឱកាសនេះ ជាការសមគួរបំផុតឆ្លើយតបចំពោះពលីកម្មដ៏ធំធេងរបស់សម្តេចក្នុងការស្វែងរកសន្តិភាពនិងការផ្សះផ្សាជាតិ នៅកម្ពុជា។

ការទទួលធ្វើជាម្ចាស់ផ្ទះ IPTP លើកទី១១ របស់សភាកម្ពុជានាពេលនេះ ជាមោទនភាពរបស់កម្ពុជា នៅក្នុងការលើកកម្ពស់ការងារការទូតសភាដើម្បីសុខសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពជូនប្រជាពលរដ្ឋនៅក្នុងសកលលោក។ វាគ្មិនដែលបានចូលរួម បានថ្លែងកោតសរសើរចំពោះកម្ពុជា ដែលបានងើបចេញពីសង្រ្គាម និងទទួលបានសន្តិភាពពេញបរិបូរណ៍។ បទពិសោធន៍ពិសេសរបស់កម្ពុជា អាចឱ្យគេសិក្សា រៀនសូត្របាន។

វាគ្មិនដែលអ្នកចូលរួមកិច្ចប្រជុំ បានលើកឡើងពីតម្លៃសន្តិភាពនិងបានបេ្តជ្ញាចិត្តនៅក្នុងការលើកកម្ពស់យន្តការសភា ក្នុងការជំរុញវិស័យការទូតសភា ពង្រឹងកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ លើកកម្ពស់គោលការណ៍ពហុនិយម ឈរលើការជឿទុកចិត្តគ្នា ការគោរពនិងការឱ្យតម្លៃគ្នាទៅវិញទៅមក ដើម្បីឆ្លើយតបបញ្ហានានាដែលកំពុងប្រឈមនិងការគំរាមកំហែងដល់សន្តិភាព។ សន្តិភាព និងការអត់ឱន ការផ្សះផ្សាគឺជាការចូលរួមទំាងអស់គ្នា។

នៅក្នុងបាឋកថាពិសេសកាលពីពេលបើកសម័យប្រជុំពេញអង្គ IPTP លើកទី១១ សម្តេចតេជោហ៊ុន សែន បានគូសបញ្ជាក់ថា សង្រ្គាមអាចកើតមានតែមួយពព្រិចភ្នែកប៉ុណ្ណោះ។ ប៉ុន្តែការបញ្ចប់សង្រ្គាម ការស្វែងរកសន្តិភាពនិងកិច្ចការពារសុខសន្តិភាពជាការលំបាក។ កម្ពុជាមានឆន្ទៈមោះមុតនៅក្នុងការថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា។ ជាមួយគ្នានេះ កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការរួមចំណែក ចែករំលែកនិងការថែរក្សាសុខសន្តិភាពដល់សកលលោកទំាងមូល។

សូមជម្រាបថាសភាកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះសម័យប្រជុំពេញអង្គ IPTP លើកទី១១ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ នៅក្នុងវេទិកាអន្តរសភាជាប្រវត្តិសាស្រ្តនេះ នឹងអនុម័តឯកសារសំខាន់ៗចំនួនពីរ រួមមាន ១)ធម្មនុញ្ញសន្តិភាព៖ សម្រាប់មនុស្សជាតិ និងភពផែនដី និង ២) សេចក្តីប្រកាសទីក្រុងភ្នំពេញ។

អ្នកចូលរួមកិច្ចប្រជុំនេះ បានថ្លែងអំណរគុណសភានិងរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំ IPTP លើកទី១១ ដ៏មានសារៈសំខាន់នេះឡើង។ ឯកសារដែលអនុម័តនៅកម្ពុជានេះ បញ្ជាក់យ៉ាងមុតមាំនូវការប្តេជ្ញាចិត្តរួមរបស់ IPTP ក្នុងការជំរុញសន្តិភាព៕