(កំពង់ឆ្នាំង)៖ កងទ័ពកម្ពុជា-ឡាវ-វៀតណាម បានបិទបញ្ចប់ដោយជោគជ័យនូវការធ្វើលំហាត់សមយុទ្ធរួមគ្នាស្ដីពីការសង្គ្រោះគ្រោះមហន្ដរាយ បន្ទាប់ពីបានធ្វើឡើងអស់រយៈពេល១០ថ្ងៃ ពោលចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ឆ្នាំង។

ពិធីបិទលំហាត់សមយុទ្ធរួមគ្នានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ ហ្សាង រដ្ឋមន្ដ្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

លំហាត់ហ្វឹកហ្វឺនរួមគ្នារវាងកងទ័ពបីប្រទេសកម្ពុជា ឡាវ វៀតណាម បានរៀបចំឡើង ក្រោមប្រធានបទ «ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយ បាក់រលំអគារ» ដែលបានរៀបចំជា២ខ្លឹមសារហ្វឹកហាត់ ប្រតិបត្តិការសង្គ្រោះគ្រោះបាក់រលំអគារ និងប្រតិបត្តិការសង្គ្រោះសុខាភិបាល ក្នុងនោះមាន៖ ផ្នែកមន្ទីរពេទ្យកម្រិត១ និងផ្នែកមន្ទីរពេទ្យកម្រិត២។

ពេលវេលាហ្វឹកហាត់រួមចំនួន១០ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ ទីកន្លែងរៀបចំលំហាត់ ស្ថិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង។ កម្លាំងចូលរួមលំហាត់សរុបចំនួន៦៩៨នាក់ ក្នុងនោះភាគីកម្ពុជា ចំនួន៥៦៣នាក់ ភាគីឡាវចំនួន៦៤នាក់ និងភាគីវៀតណាមចំនួន៧១នាក់។

ភាគីកម្ពុជាប្រើប្រាស់គ្រឿងបំពាក់ និងបរិក្ខារបាក់រលំអាគារ ចំនួន២៧មុខ ឧទ្ធម្ភាគចក្រMI-17 ចំនួន១គ្រឿង, រថយន្តសង្គ្រោះបន្ទាន់ចំនួន៧គ្រឿង, តង់សុខាភិបាល ចំនួន១២តង់, សម្ភារបរិក្ខារពេទ្យចំនួន៣៤មុខ និងបរិក្ខារផ្សេងៗមួយចំនួនទៀត។ ភាគីវៀតណាមប្រើប្រាស់ រថយន្តសង្គ្រោះបន្ទាន់ចំនួន១គ្រឿង, រថយន្តវិស្វកម្មចំនួន១គ្រឿង និងរថយន្ត១២កៅអី ចំនួន១គ្រឿង និងសម្ភារៈបរិក្ខារមួយចំនួន ភាគីឡាវប្រើប្រាស់បរិក្ខារបាក់រលំអគារមួយ ចំនួនផងដែរ។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានគូសបញ្ជាក់ថា សមយុទ្ធរួមគ្នារវាងកងទ័ពទាំងបីប្រទេស កម្ពុជា-ឡាវ-វៀតណាម ធ្វើឡើងក្នុងគោលបំណងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញ ទៅមក ក្រោមប្រធានបទ «ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយ បាក់រលំអគារ» ដែលមានខ្លឹមសារជាច្រើនតាមវិធីសាស្ត្រហ្វឹកហាត់រួមគ្នាតាមជំនាញនីមួយៗ សុទ្ធតែបានឆ្លុះបញ្ចាំង និងផ្សាភ្ជាប់យ៉ាងជ្រាលជ្រៅ ទៅនឹងកិច្ចសហប្រតិបត្តិការលើកស្ទួយការបណ្ដុះបណ្តាលចំណេះដឹង ផ្លាស់ប្ដូរបទពិសោធន៍ អភិវឌ្ឍធនធានមនុស្ស ជាពិសេសកងទ័ពនៃប្រទេសទាំងបី ធ្វើឲ្យប្រសើរឡើងនូវសមត្ថភាព កិច្ចសហប្រតិបត្តិការ ជាលក្ខណៈពហុភាគីឲ្យកងទ័ពគ្រប់រូប ចេះសម្របសម្រួល ចេះរស់នៅ និងចេះធ្វើការងាររួមជាមួយជាតិសាសន៍ដ៏ទៃ ក្នុងពេលធ្វើប្រតិបត្តិការរួមគ្នា ក៏ដូចជាការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដែលមិនមែនជាប្រពៃណី។

នាយឧត្តមសេនីយ៍ ទៀ សីហា បានបន្ដទៀតថា «លំហាត់សមយុទ្ធរួមរវាងកងទ័ពបីប្រទេស កម្ពុជា-ឡាវ-វៀតណាម» ដែលដំណើរការទទួលបានជោគជ័យនាថ្ងៃនេះ បានផ្តើមចេញពីទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង កងទ័ពបីប្រទេស កម្ពុជា-ឡាវ-វៀតណាម ហើយកិច្ចសហប្រតិបត្តិការនេះ បានលើកកម្ពស់ជាបន្តបន្ទាប់ សម្រាប់បម្រើឲ្យកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងការទូតយោធា ស្របតាមគោលគំនិតដែលថ្នាក់ដឹកនាំប្រទេសទាំងបីបានព្រមព្រៀងគ្នានាពេលកន្លងមក។

ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិកម្ពុជា បន្ថែមថា ការណ៍នេះជំរុញឲ្យកងទ័ពប្រទេសទាំងបីជំនះគ្រប់ឧបសគ្គ រួមចិត្តតែមួយ កៀកស្មាគ្នាធ្វើការជាមួយគ្នាគ្រប់ការលំបាក រហូតសម្រេចបានជោគជ័យតាមផែនការគ្រោងទុក។ មួយវិញទៀតតាមរយៈលំហាត់សមយុទ្ធរវាងកងយោធពល ខេមរភូមិន្ទ និងកងទ័ពប្រជាជនឡាវ និងកងទ័ពប្រជាជនវៀតណាម បានបន្សល់ទុកនូវនិមិត្តសញ្ញាមួយដ៏រឹងមាំ កត់ត្រាទុក ក្នុងប្រវត្តិសាស្ត្រយោធានៃ កិច្ចសហប្រតិបត្តិការមិត្តភាពរវាងកងទ័ពប្រទេសទាំងបី សម្រាប់នាយទាហានបន្តវេនសិក្សា រៀនសូត្រនាពេលអនាគត។

ជោគជ័យដែលសម្រេចបាននាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍន៍ចំណងមិត្តភាព ប្រទេសទាំងបី ក្នុងស្មារតីស្ម័គ្រចិត្តរួមគ្នា បន្តអនុវត្តតាមទស្សនរួមដែលរដ្ឋាភិបាលប្រទេសទាំងបី បានឯកភាពគ្នា ពង្រឹងការប្រាស្រ័យទាក់ទងទៅវិញទៅមក កាន់តែស៊ីជម្រៅ លើកិច្ចសហប្រតិបត្តិការវិស័យយោធា ឲ្យទទួលបានសមិទ្ធផលថ្មីៗ បន្ថែមទៀត នាពេលអនាគត។ នេះបើតាមអ្វីដែលនាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើង៕