(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈប្រតិភូព្រះសង្ឃខ្មែរ ខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ខ្មែរក្រោម) ដឹកនាំដោយព្រះតេជព្រះគុណ ថាច់ ញឹក ព្រះចៅអធិការវត្តស្វាយសៀមថ្មី បាននិមន្តចូលក្រាប ថ្វាយបង្គំគាល់ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា នាវត្តស្វាយពពែ រាជធានីភ្នំពេញ។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ គណៈប្រតិភូព្រះសង្ឃខ្មែរ ខេត្តត្រាវិញទាំង៦ព្រះអង្គ បានចូលក្រាបថ្វាយបង្គំគាល់យកនូវវត្តប្រណិប័តរ៍តាមទំនៀមនៃបវេណីព្រះពុទ្ធសាសនាចំពោះសម្តេចជាអម្ចាស់ និងថ្វាយនូវសេចក្តីគោរពនឹករលឹក និងទូលសាកសួរអំពីព្រះរាជសុខភាព។

ព្រះតេជព្រះគុណ ថាច់ ញ៉ឹក បានក្រាបបង្គំទូលថ្វាយសម្តេចជាអម្ចាស់ថា ព្រះសង្ឃខ្មែរ និងប្រជាជននៅខេត្តត្រាវិញ សូមក្រាបថ្លែងអំណរព្រះករុណាទិគុណចំពោះសម្តេចជាអម្ចាស់ និងគណ:សង្ឃនាយក នៃគណៈធម្មយុត្តិ កនិកាយ ដែលបានឧបត្ថម្ភគាំទ្រដល់ការរៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដង្ហែទៅកាន់វត្តស្វាយសៀមកន្លងមក។

ការនិមន្តរបស់គណៈប្រតិភូចូលក្រាបបង្គំគាល់នេះ ដើម្បីទូលថ្វាយសម្តេចជាអម្ចាស់ពីស្ថានភាព នៃការបដិបត្តិធម្មវិន័យ និងការសិក្សារៀនសូត្ររបស់ព្រះសង្ឃខ្មែរ គ្រប់កម្រិតពុទ្ធិកសិក្សានៅខេត្តត្រាវិញ។ កន្លងមកគ្រប់វត្តតែងតែ រៀបចំនូវព្រឹត្តិការណ៍ព្រះពុទ្ធសាសនាជាច្រើន ដើម្បីជាកន្លែងបន្តថែរក្សានូវមរតក៌ វប្បធម៌ប្រពៃណីរបស់ខ្មែរយើង។

នៅក្នុងឱកាសដ៏ល្អប្រពៃនេះដែរ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាននូវ សេចក្តីនឹករលឹកសាកសួរសុខទុក្ខ ក្នុងព្រះរាជហឬទ័យ ស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅចំពោះ គណៈប្រតិភូព្រះសង្ឃខ្មែរខេត្តត្រាវិញ ដែលព្រះអង្គធ្លាប់មានព្រះរាជហឬទ័យ ស្រឡាញ់រាប់អានក្នុងភាពស្និតស្នាលតាំងពីដើមរៀងមក។
ដើម្បីជាការរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សផ្នែកពុទ្ធសាសនានៅខេត្តត្រាវិញ សម្ដេចសង្ឃរាជាធិបតី បួរ គ្រី បានប្រគេននូវអាហារូបករណ៍ចំនួន ៦កន្លែង ដល់ព្រះសង្ឃខ្មែរទាំង៦អង្គ ដើម្បីអាចនិមន្តមកបំពេញ វិជ្ជាបន្ថែមនៅ ពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជា។

ជាចុងក្រោយ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិ បានសព្វព្រះទ័យ ប្រោសព្រះរាជទាននូវពរជ័យ សិរីមង្គល ជូនចំពោះគណៈប្រតិភូព្រះសង្ឃខ្មែរ ព្រមទាំងផ្តាំផ្ញើរក្តីនឹករលឹកដល់ ប្រជាពុទ្ធបរិស័ទខេត្តត្រាវិញទាំអស់ ព្រមទាំងប្រសិទ្ធពរជ័យ សិរីមង្គល និងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ៕