(ភ្នំពេញ)៖ រាជធានីភ្នំពេញ ត្រូវបានប្រកាសជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF PLUS) ដំបូងគេ ក្រោមអធិបតីភាពលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីលោក ម៉ម សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ សរុបប្រមាណ១៤០០នាក់ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។
លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលរាជធានីសម្រេចបាននាពេលកន្លងមក និងក្នុងពេលបច្ចុប្បន្នលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាក់ស្ដែងការទទួលបានជ័យលាភីជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់លើកទី១នៅកម្ពុជានាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីស្ថានភាពល្អប្រសើរនៃលក្ខខណ្ឌរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ដែលជាផ្នែកមួយក្នុងការចូលរួមចំណែកជួយទ្រទ្រង់សុខភាព និងអនាម័យ ដែលធ្វើឲ្យមានអាយុកាលសង្ឃឹមរស់របស់ប្រជាជនកាន់តែវែង (Life Expectancy)។ នេះជាសមិទ្ធផលដែលកើតចេញពីកត្តាសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់បិតាសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តវេនដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្ន ។
លោករដ្ឋមន្រ្ដីបានលើកឡើងថា បច្ចុប្បន្នក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨.៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦.០៩% និងអនាម័យ ៩១.៤៧% ហើយនឹងដាក់ផែនការសម្រេចឱ្យបាន ១០០% នៅឆ្នាំ២០៣០។ ដោយឡែកចំពោះការសម្រេចបានរាជធានី-ខេត្ត ODF និង ODF PLUS គិតត្រឹមថ្ងៃនេះ មានរាជធានី-ខេត្តចំនួន១២ហេីយ។ នៅក្នុងឆ្នាំ២០២៤នេះ ក្រសួងគ្រោងនឹងរៀបចំពិធីប្រកាសជ័យលាភីខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលចំនួន២ទៀត គឺខេត្តតាកែវ និងខេត្តស្ទឹងត្រែង ដែលធ្វើឱ្យចំនួនរាជធានី-ខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលកើដល់ ១៤/២៥។
គួរបញ្ជាក់ថា ការប្រគល់ជ័យលាភី ODF+ ជូនរាជធានីភ្នំពេញនាពេលនេះ គឺយោងតាមការវាយតម្លៃលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយគ្រប់លំនៅដ្ឋានក្នុងរាជធានីភ្នំពេញមានបង្គន់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះ និងដោយមួយខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់លើសពី១បង្គន់ ព្រមទាំងមានបង្គន់អនាម័យសាធារណៈជាច្រើនកន្លែង ដែលនាំឱ្យរាជធានីភ្នំពេញមានបរិស្ថានល្អ និងអនាម័យស្អាត សក្តិសមនឹងទទួលបានពានជ័យលាភីជារារាជធានីបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលកម្រឹតខ្ពស់ (ODF PLUS)៕