(ភ្នំពេញ)៖ ជប៉ុន ផ្តល់ទីលានបាល់ទាត់ហ្វួតសាលស្មៅសិប្បនិម្មិតដល់វិទ្យាល័យហ៊ុនសែនថ្នល់ទទឹង ដើម្បីប្រយោជន៍សិស្សានុសិស្ស។

លោក ញឹល ប៊ុនធន នាយកវិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដោយសារទីលានបាល់ទាត់មួយនេះ នឹងផ្តល់ផលប្រយោជន៍ច្រើនដល់លោកគ្រូបង្រៀន និងសិស្សានុសិស្ស ពិសេសបំផុតដើម្បីបានពង្រឹងកីឡាលើមុខវិជ្ជាអប់រំកាយនិងកីឡាតាមគោលការណ៍ក្រសួងអប់រំយុវជននិងកីឡាជូនដល់សិស្សានុសិស្ស។

លោកបានបន្តទៀតថា កត្តាសំខាន់មួយទៀត នឺងធ្វើឱ្យសិស្សានុសិស្សមានសុខភាពរឹងមាំ ការសិក្សារៀនសូត្ររបស់សិស្សក៏បានល្អដែរ មានន័យថា កាលណាសិស្សានុសិស្សមានសុខភាពរឹងមាំជាក្តីសង្ឃឹមរបស់ប្រទេសជាតិ ដូចនេះលោកសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនដែលបានជួយ ។

ជាមួយគ្នាលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានលើកឡើងថា នឹងជំរុញក្រុមហ៊ុនជប៉ុន ជួយកម្ពុជាឱ្យរីកចម្រើនលើវិស័យកីឡាបន្ថែមទៀត ពិសេសគឺកីឡាបាល់ទាត់ ដោយសារបច្ចុប្បន្ន សហព័ន្ធកីឡាបាល់ទាល់កម្ពុជា ក៏មានគ្រូបង្វឹកជាជនជាត់ជប៉ុន ហើយកីឡាកម្ពុជានឹងរីកចម្រើនថែមទៀត ហើយនៅពេលវិស័យកីឡារីកចម្រើន នោះគ្រប់វិស័យនៅប្រទេសកម្ពុជា ក៏កាន់តែរីកចម្រើនដែរ។

ចំណែកលោក ស៊ូហ្ស៊ូគី ថៃតូ (SUZUKI TAITO) នាយកប្រតិបត្តិក្រុមហ៊ុន តៃខា បានប្រាប់ដែរថា នេះជាទីលានបាល់ទាត់លើកទី៧ ដែលក្រុមហ៊ុនលោក បានកសាងជូនសិស្សានុសិស្សកម្ពុជា បានលេងកីឡា ព្រោះកម្ពុជា មានអ្នកនិយមលេងកីឡាបាល់ទាត់ច្រើន ហើយក្រុមហ៊ុនលោក នឹងជួយកសាងឱ្យជារៀងរាល់ឆ្នាំ ដោយលោកជឿជាក់ថា កម្ពុជា នឹងមានកីឡាករបាល់ទាត់ល្អនៅថ្ងៃខាងមុខ រហូតមានកីឡាករបានទៅលេងកីឡាពានរង្វាន់ពិភពលោក( World Cup )
ជាមួយគ្នានេះឯកឧត្តម លឹម វិសាល រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងការគំាទ្រ ចំពោះភាគីមិត្តជប៉ុន រួមនឹងដៃគូ ដែលបានជួយកម្ពុជា រួមនឹងទីលានបាល់ទាត់ហ្វួតសាល់ស្មៅសិប្បនិម្មិតនេះផងដែរ ហើយកម្ពុជា នៅតែត្រូវការឱ្យមិត្តជប៉ុនបន្តជួយទៀត ដើម្បីឱ្យកម្ពុជា កាន់តែមានភាពរឹងមាំខណៈកម្ពុជា កំពុងមានសុខសន្តិភាព និងត្រូវការដៃគូសហការដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត ជាបន្តបន្ទាប់ទៀត។

គួរបញ្ជាក់ថា តារាងបាល់ទាត់ហ្វូតដែលភាគីមិត្តជប៉ុនបានផ្តល់ជូននេះ មានចំនួន៧មកហើយ ដោយមួយឆ្នាំមានមួយ ហើយមួយកន្លែងៗមានតម្លៃប្រមាណជាង៤ម៉ឺនដុល្លារ ក្នុងគោលបំណងជួយគ្រឹស្ថានសិក្សារបស់ក្រសួងអប់រំយុវជននិងកីឡា មានទីលានបាល់ទាត់ត្រឹមត្រូវតាមស្តង់ដារ៕