(កណ្តាល)៖ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានក្រុម បានសហការជាមួយវេជ្ជបណ្ឌិតស្ម័គ្រចិត្ត Solidarity Mission (Bioderma) ប្រទេសបារាំង ក្រោមការចង្អុលបង្ហាញរបស់លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនយកកម្រៃ សរុបចំនួន៥២៩នាក់ ក្នុងឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។
នាឱកាសនោះលោក ម៉ម ប៊ុននាង ប្រធានក្រុម បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អនុប្រធានទី១ និងអនុប្រធានទី២ព្រឹទ្ធសភា ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្រុមបុគ្គលិកអង្គការ និងវេជ្ជបណ្ឌិតស្ម័គ្រចិត្ត Solidarity Mission (Bioderma) ប្រទេសបារាំង ដែលបានជួយសម្របសម្រួល និងសហការយ៉ាងរលូនឱ្យមានពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនយកកម្រៃនៅថ្ងៃនេះ។
ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានមានប្រសាសន៍បញ្ជាក់ថា ក្រោមម្លប់នៃសុខសន្តិភាពពេញលេញ បានធ្វើឱ្យប្រទេសជាតិយើងសម្រេចបានជោគជ័យយ៉ាងធំធេង បង្កើតបាននូវសមិទ្ធផលធំៗជាប្រវត្តិសាស្រ្ត ជាច្រើនលើគ្រប់វិស័យ ជូនជាតិមាតុភូមិ គួរជាទីមោទនភាពបំផុត។
លោកបានបន្ថែមទៀតថា សន្តិភាព និងសមិទ្ធផលដែលសម្រេចបានជោគជ័យទាំងនេះ បានមកពីការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងបច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា ជាស្ថាបនិក មគ្គុទេសឯក ហើយប្រជាពលរដ្ឋកំពង់បានទទួលផលពីសុខសន្តិភាព រស់នៅពោរពេញដោយសុខសំបូរសប្បាយ អាចប្រកបរបរចិញ្ចឹមជីវិតគ្រប់ប្រភេទ ធ្វើឱ្យសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមមានការរីកចំរើនលើគ្រប់វិស័យ គួរជាទីមោទនភាពបំផុត ដែលក្នុងនោះវិស័យសុខាភិបាល គឺជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់រំកិលសេវាឱ្យទៅកៀកជិតនឹងប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សុខមាភាព ដែលជាកត្តាចម្បង សម្រាប់ប្រជាពលរដ្ឋក្នុងការទទួលបាននូវសុខភាពល្អ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅបងប្អូនប្រជាពលរដ្ឋ។ យើងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ ហើយប្តេជ្ញាថែរក្សារាល់សមិទ្ធផលរបស់ជាតិឱ្យគង់វង្សជារៀងដរាប។
លោក ម៉ម ប៊ុននាង បានមានប្រសាសន៍ កោតសសើរដល់វេជ្ជបណ្ឌិតស្ម័គ្រចិត្ត Solidarity Mission (Bioderma) ប្រទេសបារាំង ចុះមកពិនិត្យ និងព្យាបាល ព្រមទាំងផ្តល់ថ្នាំជូនទៅតាមប្រភេទជំងឺ ក្នុងស្មារតីមនុស្សធម៌ ដែលស្តែងចេញពីទឹកចិត្តសប្បុរស ក្តីស្រលាញ់ ព្យាបាលមិនប្រកាន់បក្សពួក ជាតិសាសន៍ សាសនា និន្នាការនយោបាយ សំដៅរួមចំណែកជាមួយរដ្ឋាភិបាលជួយកាត់បន្ថយការលំបាករបស់បងប្អូនបានមួយចំណែក។
ទន្ទឹមនឹងនេះ ប្រធានក្រុមរូបនេះ ក៏សង្ឃឹមថាក្រុមគ្រូពេទ្យនឹងបន្តធ្វើការងារមនុស្សធម៌ជូនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ក៏ដូចជាចុះជួយនៅភូមិភាគទី៣ និងភូមិភាគនានាជាបន្តបន្ទាប់ទៀត។ ក្នុងឱកាសនោះ លោកក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកចូលរួមទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ក្នុងថែរក្សាសុខភាពឱ្យបានល្អ ស្លៀកសម្លៀកបំពាក់អោយក្រាស់ៗក្នុងខែត្រជាក់ ហើយត្រូវប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យឱ្យបានទៀងទាត់ និងពិសារហារណាដែលមានអនាម័យ និងតមប្រៃ តមផ្អែម ផងដែរ។
សូមជម្រាបថា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បាននាំយក សម្លៀកបំពាក់ និងកាបូបស្ពាយ មកចែកជូនដល់បងប្អូនបនរជាពលរដ្ឋមកពិនិត្យនិងព្យាបាលជំងឺសរុបចំនួន ៣០០កញ្ចប់ផងដែរ៕