(បន្ទាយមានជ័យ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​ គឺឈរនៅជាមួយប្រជាពលរដ្ឋ ហើយប្រឹងប្រែងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ មិនដូចអ្នកខ្លះញុះញង់ពលរដ្ឋបង្កើតបញ្ហា ហើយឡើងយន្តហោះរត់ចោលប្រជាពលរដ្ឋបាត់នោះទេ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បែបនេះនៅក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «អ៊ឹចឹងហើយការដោះស្រាយរបស់រដ្ឋាភិបាល រដ្ឋាភិបាលគ្មានគោលគំនិត ឬគោលនយោបាយធ្វើបាបប្រជាពលរដ្ឋ មានបញ្ហាប្រឈមមុខ ដោះស្រាយជូនមិនរត់ចោលនោះទេ មិនមែនអ្នកខ្វះចាក់សាំងហើយមានការរត់ឡើងយន្តហោះក្រៅប្រទេសបាត់ អត់ទេ នៅទីនេះប្រឈមមុខដោះស្រាយតែម្តង»

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចំពោះការដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស គឺមានករណីខ្លះត្រូវបានប្រកាសជាសាធារណៈ និងរឿងមួយចំនួនក៏មិនបានប្រកាសនោះដែរ ចំណុចនេះសូមបញ្ជាក់ថា មិនមែនរាជរដ្ឋាភិបាលមិនបានដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនោះដែរ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សម្រាប់ការដោះស្រាយបញ្ហាផ្សេងៗជាមួយប្រជាពលរដ្ឋ និងក្រុមហ៊ុននៅតំបន់បឹងជង្រុកនេះ អាជ្ញាធរ មិនមែនចេះតែស្រែកប្រកាសតាមក្បាលមេក្រូរាល់ថ្ងៃនោះទេ ប៉ុន្តែ អាជ្ញាធរពាក់ព័ន្ធបានខិតខំរកវិធីសាស្ត្រឈ្នះឈ្នះ រហូតឈានទៅដោះស្រាយបញ្ចប់ជម្លោះរវាងភាគីសង្ខាងឱ្យអង្គុយទល់មុខគ្នា ដោយស្នាមញញឹមរៀងៗខ្លួន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធានាថា ដរាបណាភូមិបឹងជង្រុកតេជោឈ្នះឈ្នះ មានសន្តិភាព រដ្ឋាភិបាលកម្ពុជា កើតចេញពីគណបក្សប្រជាជនកម្ពុជា នឹងបន្តអភិវឌ្ឍន៍តំបន់នេះ កសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏ប្រាប់ប្រជាពលរដ្ឋនៅតំបន់បឹងជង្រុក សូមកុំជឿការញុះញង់របស់ក្រុមប្រឆាំង តែត្រូវជឿទុកចិត្តទៅលើយន្តការដោះស្រាយរបស់រាជរដ្ឋាភិបាល និងរួមគ្នាទប់ស្កាត់សង្គ្រាម ក៏ដូចជាចលនាខុសច្បាប់ទាំងឡាយដែលនាំជាតិធ្លាក់ទៅក្នុងភ្លើងសង្គ្រាម។