(ភ្នំពេញ)៖ គណៈទន្តពេទ្យកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំសន្និសីទទន្តសាស្ត្ររាជធានីភ្នំពេញ និងការតាំងពិព័រណ៍សម្ភារបរិក្ខារលើកទី១ «ការបណ្តុះបណ្តាល នឹងការអភិវឌ្ឍសមត្ថភាពរបស់អ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យទន្តសាស្ត្រ» ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍយ៉ាងខ្លាំង ផ្នែកទន្តសាស្ត្រឌីជីថល និងការប្រតិបត្តិវិជ្ជាជីវៈទន្តសាស្ត្រដោយផ្អែកលើ ភស្តុតាងវិទ្យាសាស្ត្រ។

សិក្ខាសាលានេះ បានធ្វើឡើងក្រោមការចូលរួមពី លោកសាស្ត្រាចារ្យ ប៉ូច សុភារ័ត្ន ប្រធានគណៈទន្តពេទ្យកម្ពុជា លោកសាស្ត្រាចារ្យ កែវ ឌីណាម៉ូរ៉ា ប្រធានគណៈទន្តពេទ្យរាជធានីភ្នំពេញ លោក សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់គណៈទន្តពេទ្យកម្ពុជា ព្រមទាំង លោក លោកស្រី សាស្ត្រាចារ្យ ទន្តបណ្ឌិត វាគ្មិនកិត្តិយសជាតិ និងអន្តរជាតិជាច្រើននាក់។

ក្នុងឱកាសនេះ លោកសាស្ត្រាចារ្យជំនួយ ប៉ូច សុភារ័ត្ន បានលើកឡើងថា គណៈទន្តពេទ្យកម្ពុជាតែងតែលើកទឹកចិត្ត និងគាំទ្រដល់សកម្មភាពអភិវឌ្ឍន៍ វិជ្ជាជីវៈបន្តដែលរៀបចំដោយក្រុមប្រឹក្សាគណះរាជធានី-ខេត្ត សមាគមវិជ្ជាជីវះទន្តសាស្ត្រ គ្រឹះស្ថាន បណ្តុះបណ្តាលសាធារណៈ និងឯកជន និងដៃគូផ្តល់ការបណ្តុះបណ្តាលសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈបន្តនានា សំដៅជំរុញឱ្យមានការចូលរួមពីសំណាក់ទន្តពេទ្យទាំងអស់ក្នុងការសិក្សាស្រាវជ្រាវ និងបន្តអភិវឌ្ឍន៍នូវសមត្ថភាពចំណេះជំនាញ និងបច្ចេកវិទ្យាថ្មីៗ ក្នុងគោលបំណងបង្កើននូវ ចំណេះដឹង ជំនាញវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងសមាហ-រណកម្មក្នុងតំបន់ ក៏ដូចជាសាកលលោក ព្រមទាំងលើកកម្ពស់ដល់ការផ្តល់សេវាពិនិត្យព្យាបាល ថែទាំងសុខភាពមាត់ធ្មេញដល់ប្រជាពលរដ្ឋប្រកបដោយគុណភាព សុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់។

លោកសាស្ត្រាចារ្យជំនួយ ក៏សូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់វាគ្មិនជាតិ និងអន្តរជាតិ ដែលបានចូលមកចែករំលែក ភាពជាអ្នកដឹកនាំ នវានុវត្តន៍ នូវបទពិសោធន៍ថ្មីៗ ល្អៗ ដល់ទន្តពេទ្យនៅកម្ពុជា។ សូមលោកសាស្ត្រាចារ្យ ទន្តពេទ្យជាសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ត្រងត្រាប់នូវរាល់បទបង្ហាញល្អៗទាំងនោះ នាំយកទៅផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយ ក្រមសីលធម៏ វិជ្ជាជីវៈ គុណភាព និងសុវត្ថិភាព។

បន្ថែមពីនេះ លោកសាស្ត្រាចារ្យជំនួយ ប៉ូច សុភារ័ត្ន បានបន្ដទៀតថា រយៈពេលជិតពីរទសវត្សរ៍កន្លងមកនេះ គណៈទន្តពេទ្យកម្ពុជា បានអភិវឌ្ឍខ្លួន គួរឱ្យកត់សំគាល់ ក្នុងការរួមចំណែកយ៉ាងសកម្មអនុវត្តគោលនយោបាយវិស័យសុខាភិបាល ផ្នែកទន្តសាស្ត្រ នៅកម្ពុជាឲ្យមានកិត្យានុភាពតាមរយៈ ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈទន្តសាស្ត្រឱ្យផ្តល់សេវាប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងគុណភាពខ្ពស់គួរជាទីមោទន។ គណៈទន្តពេទ្យកម្ពុជា ទទួលខុសត្រូវ ក្នុងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈក្នវិស័យសុខាភិបាលហើយ បានរៀបចំកម្រងឯកសារគតិយុត្តិមួយចំនួនមានជាអាទិ៍៖
ក្រមសីលធ៌មទន្តពេទ្យ, សេចក្តីសម្រេចស្តីពីការបណ្តុះបណ្តាលវិជ្ជាជីវៈបន្ត, លក្ខខណ្ឌនិងបែបបទនៃការស្នើសុំចុះបញ្ជិកា និងអាជ្ញាបណ្ណវិជ្ជាជីវៈទន្តសាស្ត្រ, និយាមអប្បបរមានៃការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់អ្នកប្រកបវិជ្ជាជីវៈទន្តសាស្ត្រ, គោលការណ៍ណែនាំស្តីពីការអភិវឌ្ឍវិជ្ជាជីវៈបន្ត, គោលការណ៍ណែនាំស្តីពីអង្គភាពឬដៃគូផ្តល់ការបណ្តុះបណ្តាល, ដែនកំណត់វិជ្ជាជីវៈ បទដ្ឋាននិងនិយាមវិជ្ជាជីវៈនៃការប្រតិបត្តិសម្រាប់អ្នកប្រកបវិជ្ជាជីវៈទន្តសាស្ត្រ នៅព្រះរាជាណាចក្រកម្ពុជា។

ចំណែកឯ លោកសាស្ត្រាចារ្យ កែវ ឌីណាម៉ូរ៉ា បានបញ្ជាក់ថា គណៈកម្មការរៀបចំសន្និសីទត្រូវបានបង្កើតឡើង ហើយបានអញ្ជើញវាគ្មិនជាតិ និង អន្តរជាតិល្បីៗ ជាច្រើនរូប ក្នុងគោលបំណងធ្វើបទបង្ហាញចែករំលែកចំណេះដឹង ចំណេះជំនាញ បទពិសោធ និងបច្ចេកទេសថ្មីៗ ដល់ទន្តពេទ្យ របស់យើង។ អង្គសន្និសីទនេះ គឺជាវេទិកាមួយដែលផ្តល់នូវការពិភាក្សា ផ្លាស់ប្តូរ គំនិតយោបល់ថ្មីៗ លទ្ធផលនៃការ អនុវត្ត និងស្រាវជ្រាវគ្លីនិក ដែលអាចឆ្លើយតបបាន ទៅនឹងបញ្ហាប្រឈមនានា ដែលបានជួបប្រទះក្នុងការផ្តល់សេវា ព្យាបាល ថែទាំងសុខភាពមាត់ធ្មេញ ជូនប្រជាពលរដ្ឋ។

ជាថ្មីម្ដងទៀត លោកសាស្ត្រាចារ្យ បានបញ្ជាក់បន្ថែមថា អស់រយៈពេលជិតពីរទសវត្សមកហើយ ដែលគណៈទន្តពេទ្យរាជធានីភ្នំពេញ បានខិតខំបំពេញ បេសកកម្ម យ៉ាងសកម្ម ដើម្បីលើកកម្ពស់ស្តង់ដារ នៃការប្រតិបត្តវិជ្ជាជីវៈទន្តសាស្ត្រ នៅកម្ពុជា។ ដោយមានកម្មវិធីសិក្សា ហ្មត់ចត់ ក្របខ័ណ្ឌបទបញ្ញតិរឹងមាំ និងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន របស់ទន្តពេទ្យក្នុងការព្យាបាល ថែទាំ ផ្អែកលើ លក្ខណៈវិទ្យាសាស្ត្រ ក្រមសីលធម៌វិជ្ជាជីវៈ វិស័យទន្តសាស្ត្ររបស់ យើងមានការរីកចំរើនគួរជាទីមោទន ដែលអាច ធានាបានថា ប្រជាជនកម្ពុជា ទទួលបានសេវាទន្តសាស្ត្រប្រកប ដោយគុណភាព៕