(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញប្រកាសឱ្យចូលកាន់មុខតំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថថ្មី ស្រុកកំពង់សៀម គឺលោកអនុសេនីយ៍ឯក ខៃ ឈុនសេង ជំនួសលោកវរសេនីយ៍ត្រី យឹម អូន ដែលត្រូវចូលនិវត្តន៍។
ពិធីនេះបានធ្វើឡើងនៅសាលាស្រុកកំពង់សៀម នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់លោក ម៉េង ហ៊ាង ប្រធានក្រុមប្រឹក្សាស្រុកកំពង់សៀម និងលោក ទុន ណេត អភិបាលស្រុកកំពង់សៀម សមាជិកក្រុមប្រឹក្សាស្រុក មន្រ្តីរាជការ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ជាច្រើនរូបទៀត។
នាឱកាសនោះលោក ទុន ណេត អភិបាលស្រុកកំពង់សៀម បានអបអរសាទរលោកអនុសេនីយ៍ឯក ខៃ ឈុនសេង ដែលត្រូវបានអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិមិន្ទ តែងតាំងជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកំពង់សៀម ទៅតាមលក្ខណ្ឌលក្ខណៈសម្បត្តិរបស់យោធិន។
អភិបាលស្រុកបានបញ្ជាក់ថា ការតែងតាំងលោកអនុសេនីយ៍ឯកនេះ ក៏មានការទុកចិត្តពីមេបញ្ជាខេត្ត ដោយបានពិនិត្យទៅលើសមត្ថភាព ធនធាន និងការខិតខំបំពេញការងារកន្លងមកបានល្អប្រសើរ ពិសេសបានសហការជាមួយ មន្រ្តីក្រោមឱវាទប្រកបដោយភាតរភាព សាមគ្គីភាព និងឆន្ទៈ មនសិការលើអង្គភាព។
ស្ថិតក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម បានផ្តាំផ្ញើ និងបានគូសបញ្ជាក់ថា ក្នុងនាមកងរាជអាវុធហត្ថ ត្រូវតែបំពេញតួនាទីភារកិច្ច គោរពវិន័យឱ្យបានម៉ឺងម៉ាត់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ ប្រជាជន និងត្រូវចងចាំនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺរស់នៅ រៀនសូត្រ ធ្វើការងារត្រឹមត្រូវតាមច្បាប់។
មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានរំលឹកថា អាវុធហត្ថមានភារកិច្ចចំនួន៤ រួមមាន៖ នគរបាលរដ្ឋបាល នគរបាលយុត្តិធម៌ តម្រួតយោធា និងសហការឲ្យអន្តរក្រសួងនគរបាលស្នើសុំដើម្បីពង្រឹងអនុវត្តច្បាប់។ បេសកម្មរបស់រាជអាវុធហត្ថមានបង្ការ បង្រ្កាប និងសង្គ្រោះ។
ដូច្នេះមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សៀម ត្រូវខិតខំបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត ជាពិសសត្រូវបន្តសហការជាមួយអាជ្ញាធរមូកដ្ឋាន ដើម្បីអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងត្រូវពង្រឹងសមត្ថភាពលើគ្រប់វិស័យ ដើម្បីបន្តពង្រឹងនូវកិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស និងភាពសុខដុមក្នុងសង្គមឱ្យកាន់តែប្រសើរថែមទៀត៕