(កណ្តាល)៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក អ៊ុក សុខា អគ្គនាយកបេតិកភណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយលោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល បានដឹកនាំក្រុមការងារ ចុះពិនិត្យនិយាមការតាមប័ណ្ណកម្មសិទ្ធិលេខ ០៨០៣១៣០២-០០២៣ ដែលមានបង្គោលព្រំជាក់ស្តែងនៅទីតាំងស្ថានីយបុរាណទួលកំផ្លុងស្ថិតក្នុងភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ការចុះទៅពិនិត្យនេះ បានធ្វើឡើងក្រោយមានការបង្ហោះតាមបណ្តាញសង្គមថា មានការរំលោភបំពានបោះបង្គោលចូលស្ថានីយបុរាណទួលកំផ្លុង ដោយមិនមានការទប់ស្កាត់។
អាជ្ញាធរស្រុកខ្សាច់កណ្តាល បានបញ្ជាក់ថា ក្រុមការងារបានពិនិត្យ និងចុចនិយាមការរួចរាល់ឃើញថា «មិនមានការបោះបង្គោលចូលដីស្ថានីយបុរាណទួលកំផ្លុងនោះទេ ហើយចំពោះការផ្សាយតាមបណ្តាញសង្គមខាងលើ គឺមិនត្រឹមត្រូវ និងខុសពីការពិតទាំងស្រុង»៕