(កំពត)៖ លោកបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពតសមាជិកអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភាជាតិ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះជួយខេត្តកំពត ដែលជាសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត ក្រុង ស្រុក ព្រមទាំងអ្នកពាក់ព័ន្ធ ចុះផ្តល់ពានរង្វាន់ រួមនឹងថវិកាមួយចំនួនដល់សិស្សានុសិស្ស ជ័យលាភីប្រឡងជាប់សញ្ញាបត្រទុតិយភូមិឆ្នាំសិក្សា(២០២៣-២០២៤) ចំនួន៤៤៤០នាក់ នៅទូទាំងខេត្តកំពត។
ក្នុងនោះជូនសិស្សនិទ្ទេស A ចំនួន ៧៩នាក់ ក្នុងម្នាក់ៗ ទទួលបានម៉ូតូ Honda Beat ឆ្នាំផលិត ២០២៥ ចំនួន១គ្រឿង អមដោយពានរង្វាន់ ១គ្រឿង និងថវិកា៤០ម៉ឺនរៀល, សិស្សនិទ្ទេសB ចំនួន៤៦៩នាក់ ក្នុងម្នាក់ៗ ទទួលបាន ២០ម៉ឺនរៀល, និទ្ទេស C ចំនួន១០៥៥នាក់ ក្នុងម្នាក់ៗ ទទួលបាន ១៥ម៉ឺនរៀល, និទ្ទេសD ចំនួន១៥៩៥នាក់ ក្នុងម្នាក់ៗ ទទួលបាន ១០ម៉ឺនរៀល, និទ្ទេសE ចំនួន ១២៤២នាក់ ក្នុងម្នាក់ៗ ទទួលបាន ៥ម៉ឺនរៀល។
ដោយឡែកលោកគ្រូ អ្នកគ្រូ ចំនួន ៤៧០នាក់ ក្នុងម្នាក់ៗ ទទួលបាន ១០ម៉ឺនរៀល និងគណៈគ្រប់គ្រងសាលា ចំនួន ៨៣នាក់ ក្នុងម្នាក់ៗ ទទួលបាន ១០ម៉ឺនរៀល និងបានប្រកាសផ្ដល់ជូនអាហារូបករ ដល់និស្សិត ចំនួន ២០០ កន្លែងសម្រាប់សិស្សផងដែរ។ ពិធីផ្ដល់ពាក្យរង្វាន់ខាងលើ បានប្រព្រឹត្តធ្វើឡើងនៅពហុកីឡាដ្ឋានខេត្តកំពត។
នាឱកាសនោះ លោកបណ្ឌិត ប៉ែន ស៉ីម៉ល បានអបអរសាទរចំពោះលទ្ធផលជ័យលាភីរបស់សិក្សានុសិស្សទាំងអស់ និងបានថ្លែងអំណរគុណកោតសរសើរចំពោះមាតា បិតាសិស្ស លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា ដែលបានទំនប់បម្រុង និងបង្ហាត់បង្រៀនអប់រំ សិស្ស រហូតទទួលបានលទ្ធផលជោគជ័យដូចពេលនេះ។
ពាក់ព័ន្ធសមិទ្ធផលទាំងឡាយរបស់សង្គម ដែលមានការរីកចម្រើនលើគ្រប់វិស័យ ដូចយើងទាំងអស់គ្នា បានឃើញនាបច្ចុប្បន្ននេះ គឺកើតចេញពីមូលដ្ឋានគ្រឹះនៃសុខសន្តិភាព ហើយសុខសន្តិភាពនេះ ផ្ដើមចេញពីការខិតខំ ប្រឹងប្រែងលះបង់ របស់ប្រមុខថ្នាក់ដឹកនាំ ពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ ដែលបានខិតខំឲ្យមានការផ្សះផ្សាបង្រួបបង្រួមជាតិ មាតុភូមិ ស្វែងរកសុខសន្តិភាពពេញបរិបូរណ៍ នៅទូទាំងប្រទេស រហូតមានការអភិវឌ្ឍរីកចម្រើន។
ជាពិសេសសមិទ្ធផល ក្នុងវិស័យអប់រំ រីកដុះដាលដូចបច្ចុប្បន្ននេះ ដែលបង្កឱកាស បានធ្វើឱ្យកូនចៅប្រជាពលរដ្ឋយើង បានចូលសិក្សារៀនសូត្រគ្រប់ៗគ្នា រហូតទទួលបានជ័យលាភីក្នុងការប្រឡង ជាសក្ខីភាពជាក់ស្ដែង ដូចពេលនេះ។
លទ្ធផលទាំងនេះ ស្របទៅនឹងគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានកំណត់យកការងារធនធានមនុស្សជាអាទិភាព ដើម្បីឈានទៅសម្រេចចក្ខុវិស័យក្នុងការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។
លោកបណ្ឌិត បានបន្តថា សម័យបច្ចុប្បន្ន ចំណេះដឹង គឺជាទ្រព្យសំខាន់បំផុត មិនអាចខ្វះបានសម្រាប់មនុស្ស។ ដូច្នេះយុវជនគ្រប់រូប ត្រូវចេះចាប់យកឱកាសបន្តការប្រឹងប្រែងសិក្សារៀនសូត្រឱ្យបានចំកន្លែង ហើយសិក្សាឲ្យបានពូកែ ធ្វើខ្លួនជាមនុស្សឲ្យបានល្អ ដើម្បីអាចចូលរួមជួយសង្គមជាតិទៅថ្ងៃអនាគត ឱ្យមានការអភិវឌ្ឍន៍រីកចម្រើន កាន់តែខ្លាំងក្លាបន្ថែមទៀត។
ទន្ទឹមនេះ លោកបណ្ឌិត បានផ្ដល់ជាដំបូន្មានតម្រង់ទិសដល់ចៅៗ ជាសិស្សានុសិស្សទាំងអស់ ដែលត្រូវបន្តការសិក្សារៀនសូត្រនៅថ្នាក់មហាវិទ្យាល័យ ត្រូវធ្វើយ៉ាងណាខិតខំប្រឹងប្រែង ក្នុងការក្រេបជញ្ជក់យកចំណេះដឹង និងរៀនឱ្យបានខ្ពង់ខ្ពស់ ប្រកបដោយគុណធម៌ ធ្វើខ្លួនឲ្យបានល្អ ទាំងផ្លូវចិត្ត ផ្លូវកាយ មានចរិយាមាយាទសមរម្យ ដើម្បីក្លាយខ្លួន ឈានទៅដល់ការយកចំណេះដឹងទាំងនោះ មកបំរើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាទូទាំងប្រទេស ពិសេសចូលរួមអភិវឌ្ឍន៍សង្គមជាតិទាំងមូល ឱ្យបានកាន់តែរីកចម្រើនទៅថ្ងៃអនាគត។
លោក សូ ភារិទ្ធ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត បានបញ្ជាក់ក្នុងរបាយការណ៍ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា(២០២៣-២០២៤) សម្រាប់ខេត្តកំពត មានសិស្សដាក់ពាក្យប្រឡង ចំនួន ៥៣០២នាក់ ក្នុងនោះសិស្សស្រី ២៨៥៥នាក់ សម្រេចបានជាលទ្ធផល ប្រឡងជាប់ សរុបចំនួន ៤៤៤០នាក់ គិតជាមធ្យមភាគចំនួនប្រមាណជាង ៨៥ភាគរយ៕