(កណ្ដាល)៖ សាកលវិទ្យាល័យវេស្ទើន សាខាក្រុងតាខ្មៅ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំការប្រឡងអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ដែលមានបេក្ខជនប្រឡងប្រមាណជិត២០០នាក់ ដែលមកពីបណ្តាវិទ្យាល័យនៅក្នុងខេត្តកណ្តាល ដើម្បីមានឱកាសចូលសិក្សានៅសាកលវិទ្យាល័យជាមួយនឹងលំដាប់ពិន្ទុដែលខ្លួនប្រឡងបាន ពោលគឺអាហារូបករណ៍ផ្ដល់ជូនតាមលំដាប់ពិន្ទុជាក់ស្ដែង។ កម្មវិធីប្រឡងនេះ គឺបានរៀបចំជារៀងរាល់ឆ្នាំ ដែលបានផ្តល់ឱកាសដល់សិស្សដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទោះលទ្ធផលធ្លាក់ ឬជាប់ក៏អាចដាក់ពាក្យប្រឡងបាន។

លោក ឡាយ ស្ទីវិន តំណាងសាកលវិទ្យាល័យ បានថ្លែងឲ្យដឹងថា ការរៀបចំឲ្យមានការប្រឡងអាហារូបករណ៍ជារៀងរាល់ឆ្នាំនេះ គឺជាគំនិតផ្តួចផ្តើមរបស់ លោក តែឡូរិន ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវេស្ទើន ដែលលោកមានចិត្តសណ្ដោសប្រណី អាណិតអាសូរដល់កូនខ្មែរទាំងអស់ដែលមានជីវភាពខ្វះខាត ទទួលឱកាសបានចូលសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ក្នុងបំណងបង្កើតធនធានមនុស្សឲ្យមានសមត្ថភាពខ្ពស់ មានគុណភាព ដើម្បីរួមគ្នាកសាងប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនឡើង។

អ្នកតំណាងបន្តថា ឈរលើគោលការណ៍សិស្សកាន់តែពូកែ បង់ថ្លៃសិក្សាកាន់តែតិច ហេតុដូចនេះហើយ ទើបសាកលវិទ្យាល័យវេស្ទើន បានរៀបចំឲ្យមានការផ្តល់ជូនអាហារូបករណ៍ជូនសិស្សទាំងអស់ ដែលបានដាក់ពាក្យ ប្រឡងអាហារូបករណ៍នេះ ដែលជាការផ្ដល់ឱកាសជូនសិស្សគ្រប់រូបមិនថាអ្នកធ្លាក់បាក់ឌុបនោះទេ ពោលគឺប្អូនៗ ក៏ទទួលបានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររង ដូចអ្នកជាប់បាក់ឌុបបានដូចគ្នា នៅសាកលវិទ្យាល័យវេស្ទើនយ៉ាងដូច្នោះដែរ។

លោកសង្កត់ធ្ងន់ថា ដោយបានអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល សាកលវិទ្យាល័យវេស្ទើន បានអនុវត្តនូវពាក្យស្លោករបស់ក្រសួងអប់រំ យុវជន និងកីឡា គឺអ្នកចេះ គឺជាប់ នេះបង្ហាញថាអាហារូបករណ៍ដែល បេក្ខជនទទួលបាន គឺសុទ្ធតែចេញពីការខិតខំប្រឹងប្រែងរៀនសូត្រ និងព្យាយាមដើម្បីទទួលបានលទ្ធផលល្អ៕