(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោករដ្ឋមន្ត្រី ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម នៅសាលប្រជុំវិមាន៧មករា។

ពិធីប្រគល់សេចក្តីសម្រេចស្តីពីការចាត់តាំងមន្ត្រីគណបក្ស បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ព្រមទាំងមានការចូលរួមពី លោក លោកស្រី សមាជិក សមាជិកាគណបក្ស និងក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជាក្រសួងធនធានទឹក និងឧតុនិយមសរុបប្រមាណ២៨០រូប។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្ននេះគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម មានសមាជិកគណបក្សប្រជាជនកម្ពុជាជាយុវជនសរុប៣៩៤រូប (ស្រី១២៧រូប) ក្នុងនោះ ក្រុមការងារយុវជនគណបក្សក្រសួង មានសមាជិកសរុប១២០រូប (ស្រី ២២រូប) ហើយក្រុមការងារយុវជនគណបក្សក្រសួង បានរៀបចំសមាសភាពក្រុមអចិន្ត្រៃយ៍ និងបែងចែកទៅតាមផែនចំណុះនីមួយៗរួមមាន៖ ក្រុមការងារលេខាធិការដ្ឋាន ក្រុមការងារផែនឃោសនាអប់រំ និងបណ្តុះបណ្តាល ក្រុមការងារផែនព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម ក្រុមការងារផែនហិរញ្ញវត្ថុ និងក្រុមការងារផែនរៀបចំផែនការយុទ្ធសាស្ត្រ។

ក្នុងនាមគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម លោករដ្ឋមន្ត្រី បាន ថ្លែងនូវការអបអរសាទរចំពោះ លោក លោកស្រី ប្រធានក្រុមការងារ និងសមាសភាព ក្រុមការងារ យុវជនគណបក្ស ក្រសួងទាំងអស់ ដែលទទួលបានសេចក្តីទុកចិត្ត និងប្រគល់ភារកិច្ចជូនពីថ្នាក់ដឹកនាំ គណបក្សគ្រប់កម្រិតថ្នាក់ និងបានលើកទឹកចិត្តដល់ក្រុមការងារយុវជនគណបក្សក្រសួង បន្តប្រឹងប្រែង បំពេញភារកិច្ច និងបន្តជំរុញអនុវត្តផែនការសកម្មភាពឱ្យកាន់តែខ្លាំងក្លា ដើម្បីសម្រេចឱ្យបានសមិទ្ធផលដ៏ត្រចះត្រចង់ បម្រើឱ្យឧត្តមប្រយោជន៍យុវជន គណបក្ស និងប្រទេសជាតិ។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី បានលើកឡើងពី រចនាសម្ព័ន្ធដឹកនាំ និងបាវចនាគណបក្សរួមមាន ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងអភិវឌ្ឍន៍សង្គម គឺដើម្បីបម្រើឱ្យបុព្វហេតុសន្តិភាព និងការអភិវឌ្ឍហើយគោលជំហររបស់ គណបក្សផ្តោត លើសតិអារម្មណ៍អប់រំ និងចាត់តាំង។

ទន្ទឹមនឹងនេះលោកបណ្ឌិតបានបញ្ជាក់ថា ស្របតាមមាគ៌ាដ៏ត្រឹមត្រូវ និងគោលនយោបាយជាក់លាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចមហាបវរធិបតីជា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដោយផ្តោតលើអាទិភាពគន្លឹះចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

លោក ជីវ ស៊ុនហេង ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា បានថ្លែងនូវការប្តេជ្ញាចិត្តដើរតាមមាគ៌ាដឹកនាំ និងគោលនយោបាយរបស់គណបក្សដោយឥតងាករេ ការពាររាល់សមិទ្ធផលនៃសង្គមជាតិ ប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ សាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្ស និងប្រកាន់ជំហរដាច់ខាតក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព។

សូមបញ្ជាក់ថា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានសម្រេចចាត់តាំងលោក ជីវ ស៊ុនហេង ជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារ យុវជនគណបក្សក្រសួងធនធានទឹក និងឧតុនិយម តាមរយៈសេចក្តីសម្រេចលេខ៦៤៤/០៦២៤/សស.គក ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីការចាត់តាំងមន្ត្រីគណបក្ស៕