(ស្វាយរៀង)៖ លោក ម៉ឹង កុម្ភៈ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចន្ទ្រា និងប្រធានក្រុមការងារចុះមូលដ្ឋានឃុំសំរោង នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញប្រកាសនីយប័ត្រ និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះចៅអធិការវត្តបទុមរង្សី នៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
ក្នុងឱកាសនោះ លោក ម៉ឹង កុម្ភៈ បានថ្លែងថា ថ្ងៃនេះលោកពិតជាមានសេចក្តីសោមន្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមប្រគេនប្រកាសនីយប័ត្រ និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះចៅអធិការវត្តបទុមរង្សី នៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ក្នុងឱកាសនោះ លោកក៏បានប្រគេនប្រកាសតួនាទីជាព្រះចៅអធិការជូនដល់ព្រះអង្គ ស្រី ខេន ផងដែរ។
ជាមួយគ្នានេះលោក ម៉ឹង កុម្ភៈ បានកោតសសើរ ចំពោះព្រះតេជគុណ ព្រះចៅអធិការវត្ត ក៏ដូចជា គណៈកម្មការអាចារ្យវត្តពុទ្ធបរិស័ទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែលបានការចូលរួមកសាងនូវ សេនាសានៈ និងហេដ្ឋរចនាសម្ព័ន្ធផ្សេងៗទៀត ដែលបម្រើឲ្យវិស័យពុទ្ធចក្រ និងអាណាចក្រ។
លោកបានគូសបញ្ជាក់ថា ប្រវត្តិវត្តបទុមរង្សី ហៅវត្ត ចេក វត្តនេះបានចាប់ផ្តើម កសាងដំបូងនៅឆ្នាំ១៩១០ មានការដឹកនាំកសាងដោយ ព្រះគ្រូចៅអធិការការ ព្រះនាម អោក និងគ្រូសូត្រ ព្រះនាមសូ នៅលើដីមានចំការចេកជាច្រើន និងស្ថិតនៅភូមិចេកផង ព្រះសង្ឃ និងពុទ្ធបរិស័ទ ក៏ដាក់ឈ្មោះវត្តនេះថា វត្តចេក ហើយក៏ដាក់ឈ្មោះវត្តជាផ្លូវការថា វត្តបទុមរង្សី មានន័យថា រស្មីចែងចាំង នៃផ្កាឈូក។
លោកបានបន្តថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ វត្តបទុមរង្សី ហៅវត្តចេក ក៏បានរៀបចំកសាងឡើងវិញ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច ជា ស៊ីម សម្តេច ហេង សំរិន សម្តេច ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព មានជំនឿលើសាសនា វត្តបទុមរង្សី ក៏ដូចជាវត្តដទៃផ្សេងៗទៀត ក៏ចាប់ផ្តើមកសាងឡើងវិញ។
លោកបានបន្ថែមថា នៅឆ្នាំ១៩៨៣ ព្រះចៅអធិការ ព្រះនាម ម៉ៅ នីម ហៅសុខ និមន្តមកពីកម្ពុជាក្រោម និងលោក អាចារ្យ សុខ យ៉ាង ដល់ឆ្នាំ២០១៣ រហូតដល់បច្ចុប្បន្ន ព្រះចៅអធិការ ព្រះនាម មិត្ត គានិត្យ ព្រះចៅអធិការ ព្រះនាម ស្រីខេន លោកគ្រូអាចារ្យ ជឿ ណាញ់ រួមជាមួយគណៈកម្មាបុទ្ធបរិស័ទ ក៏បានចាប់ផ្តើមកសាងវត្តនេះឡើងវិញ ក្រោមការឧបត្ថម្ភ ជ្រោមជ្រែងពីសំណាក់នាយឧត្តមសេនីយ៍ ម៉ឹង សំផន និងលោកស្រី យស់ ស៊ីមន ព្រមទាំងបុត្រាបុត្រី បានកសាងសមិទ្ធិផលនានា ជាច្រើនសម្រាប់វត្តបទុមរង្សីមកដល់បច្ចុប្បន្ននេះ។
ក្នុងឱកាសនោះ លោកបានអំពាវនាវកងកម្លាំង អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវចូល រួមអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតព្រោះថា គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព គឺជាកត្តាដ៏សំខាន់សម្រាប់បម្រើ ការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រកបដោយ ភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់ ព្រមជាមួយគ្នានេះត្រូវអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានទូលំទូលាយដល់កម្មករកម្មការិនីរោងចក្រ និងប្រជាពលរដ្ឋ ដើម្បីគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ចៀសផុតពីគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុផងដែរ៕