(ស្ទឹងត្រែង)៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រាលគ្រួសក្រហម ប្រវែង៤២០ម៉ែត្រ នៅភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ និងបន្តនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន២៧០គ្រួសារ មកពីឃុំ ព្រះរំកិល ឃុំអូរស្វាយ និងឃុំកោះស្នែង។

អំណោយទាំងនោះ គឺក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ និងភួយ១។

លោក លី មីណា អភិបាលស្រុកបុរីអូរស្វាយសែន បានឱ្យដឹងថា ការដាក់សម្ពោធឱ្យប្រាស់ផ្លូវនេះ គឺកើតឡើងពី កៀរគរធនធានក្រុមការងាររបស់រាជរដ្ឋាភិបាល និងមានការគាំទ្រឧបត្ថម្ភ ពីសប្បុរសជននានា ដើម្បីជាប្រយោជន៍ របស់ប្រជាពលរដ្ឋក្នុងប្រើប្រាស់ផ្លូវនេះ ដែលកាលពីមុន គឺពុំមានផ្លូវសំរាប់ការដំណើរនោះឡើយ។

លោកអភិបាលខេត្តបានថ្លែងថា «វត្តមានរបស់យើងទាំងអស់គ្នាក្នុងនាមតំណាងប្រមុខរាជរដ្ឋាភិបាល គឺនៅជាមួយពុកម៉ែបងប្អូន។ ព្រោះកត្តាធំបំផុត នៃការជួបជុំការអភិវឌ្ឍន៍នានា ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ គឺមិនអាចកាត់ផ្តាច់បានពីសុខសន្តិភាព ដែលបានកើតមានឡើងដោយលំបាកដែលមានកើតឡើងដោយសាច់ស្រស់ ឈាមស្រស់របស់យុទ្ធជន យុវនារី របស់អ្នកស្នេហាជាតិពិតប្រាកដទៅប្តូរ យកសន្តិភាពយកមកជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។

លោក សរ សុពុត្រា បានរំលឹកឡើងវិញនូវដំណាក់កាលនីមួយៗ នៃការស្វែងរកសន្តិភាពដែលប្រសូត្រចេញពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយរដ្ឋមន្រ្តី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលប្រជាពលរដ្ឋ ទាំងអស់ មិនអាចបំភ្លេចបាននូវគុណូប្បការដ៏ធំធេងបំផុតរបស់សម្តេចតេជោ បានទទួលបានអំណោយជីវិតទី១ នោះគឺការរំដោះជាតិសង្រ្គោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ អំណោយជីវិតទី២ គឺការបញ្ចប់សង្រ្គាមស៊ីវិល នៅទូទាំងប្រទេសតាមរយៈការដាក់ចេញនូវនយោបាយឈ្នះឈ្នះ នាំសន្តិភាពពេញបរិបូរណ៍ជូនជាតិ មាតុភូមិ និងប្រជាជន នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដំណាក់កាលចុងក្រោយ នៃអំណោយជីវិតទី៣ គឺការសង្រ្គោះប្រជាជនចេញពីជំងឺកូវីដ១៩ ដំណាក់កាលនោះបើសិនគ្មានភាពវ័យឆ្លាតរបស់សម្តេចតេជោ ក្នុងការកៀរគរ នាំយកវាក់សាំងបង្កាជំងឺកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋ នោះប្រជាពលរដ្ឋ និងស្លាប់បាត់បង់ជីវិតជាក់ជាមិនខាន។

លោកបានបន្ថែមថា រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញជីវភាពរស់នៅឱ្យមានកំណើនកើនឡើងគួរឱ្យកត់សម្គាល់ និងបានប្តេជ្ញាចិត្តមិនទុកឱ្យប្រជាពលរដ្ឋមួយរូបណា មួយគ្រួសារណា ឱ្យស្ថិតនៅក្នុងស្ថានភាពឯកោ ឬលំបាក់នោះទេ៕