(ភ្នំពេញ)៖ លោក សោម សូរីដា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរំលឹកឡើងអំពីដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ចំនួន ១,៦៥២ ក្នុងរយៈពេល ១៦ថ្ងៃ កាលពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែកញ្ញា កន្លងមកទៅនេះ បន្ទាប់មកមានការរៀបចំបញ្ជីបោះឆ្នោតដំបូង ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ទើបឈានដល់ គ.ជ.ប សម្រេចជាផ្លូវការលើបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៤នេះ។
ការម្លឹងរបស់លោក សោម សូរីដា បានធ្វើឡើងនៅកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ស្តីពីការផ្តល់សុពលភាព និងការប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
លោក សោម សូរីដា បានបន្ថែមថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គ.ជ.ប បានសម្រេចផ្ដល់សុពលភាពជាផ្លូវការលើបញ្ជីបោះឆ្នោតឆ្នាំ២០២៤ ដែលមានទិន្នន័យដូចខាងក្រោម៖
*ប្រជាពលរដ្ឋអាយុ ១៨ឆ្នាំ សរុប ១១,២១៨,០៦៩នាក់ ក្នុងនោះស្ត្រី ៥,៨៤៨,៧២៩នាក់
*ឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២៣ មានចំនួន ៩,៨៧១,៤៩៥នាក់ ក្នុងនោះមានស្ត្រី ៥,២៤០,០៧០នាក់
*ឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២៤ មានសរុបចំនួន ៩,៩៩២,៤២១នាក់ (ស្ត្រី ៥,៣០៤,៨៥៥ នាក់) ស្មើនឹង ៨៩,០៧% នៃប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង
*ការិយាល័យបោះឆ្នោត មានចំនួន ២៤,១៩០ការិយាល័យ បើប្រៀបធៀបនឹងឆ្នាំ២០២៣ មានការកើនឡើងចំនួន ១៥៦ការិយាល័យ។
លោកបន្តថា ផ្អែកតាមបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គ.ជ.ប ត្រូវបោះពុម្ព និងចាត់បញ្ជូនបញ្ជីបោះឆ្នោតផ្លូវការទៅលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ១ច្បាប់ និងសាលាឃុំ សង្កាត់ ១ច្បាប់ ដើម្បីរក្សាទុកជាឯកសារផ្លូវការ ដែលបញ្ជីបោះឆ្នោតផ្លូវការនោះត្រូវមានទិន្នន័យដូចខាងក្រោម៖ ឈ្មោះ និងលេខកូដរាជធានី ខេត្ត, ឈ្មោះ និងលេខកូដឃុំ សង្កាត់ និងឈ្មោះភូមិ, ឈ្មោះទីតាំង និងលេខកូដការិយាល័យបោះឆ្នោត, កូនប្រអប់ និងលេខរៀងនៃឈ្មោះក្នុងបញ្ជីបោះឆ្នោត, អត្តលេខអ្នកបោះឆ្នោត, រូបថតអ្នកបោះឆ្នោត, នាមត្រកូល និងនាមខ្លួន ដែលរៀបចំតាមលំដាប់អក្ខរក្រមខ្មែរ, ភេទ, ថ្ងៃ ខែ ឆ្នាំកំណើត និងលំនៅឋាន ឬទីសំណាក់ក្នុងឃុំ សង្កាត់នៃអ្នកបោះឆ្នោត។
ចំពោះប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ មានសិទ្ធិស្នើសុំពិនិត្យមើលឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតនេះបាននៅតាមសាលាឃុំ សង្កាត់ ឬ លធ.ខប ឬតាមគេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh ឬតាមកម្មវិធីទូរសព្ទដៃ (App) NEC KH។
លោក សោម សូរីដា បានបន្តទៀតថា គណបក្សនយោបាយដែលបានចុះបញ្ជីស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ មានសិទ្ធិស្នើសុំបញ្ជីបោះឆ្នោតផ្លូវការច្បាប់ថតចម្លងបានដោយបង់ថ្លៃ។ តម្លៃនេះត្រូវគិតត្រឹមតែតម្លៃផលិតប៉ុណ្ណោះ។ ម្យ៉ាងទៀតក៏អាចទទួលបាននូវព័ត៌មាន អេឡិចត្រូនិកតាមទម្រង់ PDF File ដែលបង្ហាញទិន្នន័យអំពីឈ្មោះ និងលេខកូដរាជធានី ខេត្ត ឃុំ សង្កាត់ ឈ្មោះទីតាំង និងលេខកូដការិយាល័យបោះឆ្នោត អត្តលេខ នាមត្រកូល និងនាមខ្លួន ភេទ និងថ្ងៃ ខែ ឆ្នាំកំណើត តាមតម្លៃផលិត។
ចំពោះបញ្ជីបោះឆ្នោតផ្លូវការដែលត្រូវបង្ហោះផ្សាយនៅលើគេហទំព័រ និងកម្មវិធីទូរសព្ទដៃរបស់ គ.ជ.ប គឺមានបង្ហាញតែឈ្មោះ និងលេខកូដរាជធានី ខេត្ត ឃុំ សង្កាត់ ឈ្មោះភូមិ ឈ្មោះទីតាំង និងលេខកូដការិយាល័យបោះឆ្នោត អត្តលេខ លេខ អ.ខ ឬ/និងលេខ ឯ.អ គឺបង្ហាញតែលេខ ៣ខ្ទង់ចុងក្រោយ នាមត្រកូល និងនាមខ្លួន ភេទ និងថ្ងៃខែឆ្នាំកំណើតរបស់អ្នកបោះឆ្នោតតែប៉ុណ្ណោះ៕