(កំពង់ធំ)៖ លោក ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបារាយណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រគល់ចង្រ្កានសន្សំសំចៃថាមពលជូនប្រជាពលរដ្ឋចំនួន១៤០០គ្រួសារ នៅឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្នុងពិធីនោះមានការចូលរួមពីលោកប្រធានគណៈកម្មាធិការគណបក្សស្រុកបារាយណ៍ លោកអភិបាលស្រុកបារាយណ៍ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្នោតជុំ លោកប្រធានបណ្ដាញសង្គមស៊ីវិលកម្ពុជា­ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្នោតជុំ ស្រុកបារាយណ៍ ព្រមទាំងប្រជាពលរដ្ឋសរុបចំនួនប្រមាណ២០០០នាក់ នៅបរិវេណសហគមន៍ទេសចរណ៍ត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោក ហួត ហាក់ បានផ្តាំផ្ញើនូវសេចក្តីថ្លែងអំណរគុណជូនដល់ក្រុមហ៊ុនចិន Guang Zhou Iceberg Environmental Consulting Services ដែលបានឧបត្ថម្ភជាចង្ក្រានចំនួន១៤០០ ជូនប្រជាពលរដ្ឋនៅឃុំត្នោតជុំនេះ ដែលជាចង្ក្រានសន្សំសំចៃថាមពលផលិតដោយបច្ចេកវិទ្យាថ្មី ចំណេញជាងមុន៤ដង បើប្រៀបធៀបជាមួយចង្ក្រានធម្មតាដែលប្រជាពលរដ្ឋកំពុងប្រើប្រាស់៕