(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម ជាអនុប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ និងលោកស្រីបណ្ឌិត អ៊ុក ម៉ាលី សមាជិកគណៈកម្មការទី២ នៃព្រឹទ្ធសភាកម្ពុជា នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ចើញជួបសំណេះសំណាល និងផ្ដល់រង្វាន់ដល់សិស្សប្រលងមធ្យមសិក្សាទុតិយភូមិ «បាក់ឌុប» ជាប់និទ្ទេស A ចំនួន ៨រូប ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ក្នុងឱកាសសំណេះសំណាលនោះ លោកបណ្ឌិត ម៉ា ឈឿន ថ្លែងថា បន្ទាប់ពីក្មួយៗ បានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ រួចហើយ ត្រូវតែកំណត់គោលបំណងឱ្យបានច្បាស់លាស់ និងមានការតាំងចិត្តឱ្យបានមុតមាំ នឹងត្រូវចេះព្យយាមតស៊ូ បើត្រូវធ្វើអ្វីកុំពន្យារពេល នឹងកុំធ្វើជាមនុស្សអំនួត សុខសុទ្ធធ្វើខ្លួនជាមនុស្សល្ងង់ ដើម្បីទទួលបានចំណេះដឹងថ្មីៗ ពីមនុស្សជុំវិញខ្លួនបន្ថែមទៀត។
លោកបណ្ឌិត ម៉ា ឈឿន បានបញ្ជាក់ថា ការសិក្សាមិនចាំបាច់តែក្នុងសាលារៀននោះទេ ពោលគឺក្មួយៗអាចសិក្សាបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ឱ្យតែក្មួយៗ មានចិត្តខិតខំរៀនសូត្រ។ ដូច្នេះក្មួយៗ ត្រូវប្រកាន់ខ្ជាប់ ព្យាយាមស្រាវជ្រាវ ជាពិសេសក្នុងសម័យប្រើប្រាស់បច្ចេកវិទ្យាទំនើបនេះ ងាយស្រួល និងធ្វើការសិក្សាស្រាវជ្រាវ ដើម្បីរៀនសូត្រពីអ្នកមានចំណេះដឹងទាំងឡាយ ស្រូបយកមកជាចំណេះដឹងរបស់ខ្លួន។ ទន្ទឹមនឹងនេះដែរ សូមក្មួយៗត្រូវចេះថែទាំសុខភាព ចេះឱ្យឆ្ងាយពីអបាយមុខ ដូចជាគ្រឿងញៀនជាដើមនឹងត្រូវតែរក្សាឱ្យបាន នូវសីលធម៌ ចរិយាធម៌ និងគុណធម៌ ដើម្បីឱ្យអនាគតរបស់ខ្លួនរុងរឿង ទាំងក្រុមគ្រួសារ និងប្រទេសជាតិផងដែរ។
គួរបញ្ជាក់ផងដែរថា សិស្សទទួលបាននិទ្ទេស A ទាំង ៨នាក់ ម្នាក់ៗ ទទួលបានរង្វាន់លើកទឹកចិត្ត ពីលោកបណ្ឌិត ម៉ា ឈឿន និងលោកស្រីបណ្ឌិត អ៊ុក ម៉ាលី ដោយម្នាក់ៗទទួលបានកុំព្យូទ័រយួរដៃ ១គ្រឿង រួមជាថវិកា១លានរៀលផងដែរ៕