(សៀមរាប)៖ នៅព្រឹកថ្ងៃអាទិត្យ ១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលរួមរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩ នៅរមណីយដ្ឋានអង្គរ។
ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩ ចែកចេញជា៤វិញ្ញាសា រួមមាន៖ វិញ្ញាសាចម្ងាយ៣គីឡូម៉ែត្រ វិញ្ញាសា ៥គីឡូម៉ែត្រ វិញ្ញាសា ១០គីឡូម៉ែត្រ និងវិញ្ញាសា ២១គីឡូម៉ែត្រ។
យោងតាមរបាយការណ៍ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ មានអ្នកចូលរួមសរុបប្រមាណ ១៤,៣៧០នាក់ ចំនួននេះ កើនជាង៣០ភាគរយ បើធៀបជាមួយនឹងព្រឹត្តិការណ៍ឆ្នាំ២០២៣។ បើធៀបជាមួយឆ្នាំ១៩៩៦ ដែលជាឆ្នាំចាប់ផ្តើមនៃព្រឹត្តិការណ៍នេះ គឺខុសគ្នារហូតដល់ទៅ២៨ដង។
របាយការណ៍ បានឱ្យដឹងផងដែរថា ចំនួនអ្នកចូលរួមរត់នៅឆ្នាំនេះ មានអត្តពលិកអន្តរជាតិសរុបជាង ៤ពាន់នាក់ មកពី៨៧ប្រទេស។ ក្នុងនោះប្រទេសដែលមានអត្តពលិកចុះឈ្មោះចូលរួមរត់ប្រណាំងច្រើនជាងគេរួមមាន៖ អង់គ្លេស អូស្ត្រាលី បារាំង ជប៉ុន សហរដ្ឋអាមេរិក ចិន ម៉ាឡេស៊ី សឹង្ហបុរី ហុងកុង និងថៃ។
ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩នេះ ក៏មានការចូលរួមពីអត្តពលិកមានពិការភាពផងដែរ។ វិញ្ញាសាសម្រាប់អត្តពលិកមានពិការភាព រួមមាន៖ វិញ្ញាសាប្រណាំងរទេះជនមានពិការភាពចម្ងាយ ២១គីឡូម៉ែត្រ មានចំនួន២៣នាក់,វិញ្ញាសារត់ប្រណាំងជនពិការជើងចម្ងាយ១០គីឡូម៉ែត្រ ចំនួន២៣នាក់, វិញ្ញាសារត់ប្រណាំងជនពិការដៃចម្ងាយ ១០គីឡូម៉ែត្រ ចំនួន២៣នាក់។
សូមបញ្ជាក់ថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ ក្រោមកិច្ចសហប្រតិបត្តិការរវាង មូលនិធិគាំទ្ររបស់អង្គការសហប្រជាជាតិ (The Foundation For The Support Of The United Nations) ដោយលោក Yasushi Akashi អគ្គលេខាធិការនៃអ៊ុនតាក់ នៅកម្ពុជា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងគោលបំណងគាំទ្រជនរងគ្រោះដោយសារមីន និងជនពិការក្នុងប្រទេសកម្ពុជា ក្រោយសង្គ្រាមស៊ីវិល។ គំនិតផ្តួចផ្តើមដំបូងនៃព្រឹត្តិការណ៍រត់អន្តរជាតិនេះ គឺជាព្រឹត្តិការណ៍សប្បុរសធម៌សុទ្ធសាធ ដែលទទួលបានអនុញ្ញាតជាគោលការណ៍គាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាល និងគាំទ្របច្ចេកទេសកម្រិតស្តង់ដារត់ប្រណាំងអន្តរជាតិដោយគណៈកម្មាធិការម៉ារ៉ាតុងពិភពលោក (IAAF & AIMS)។
នៅក្នុងឆ្នាំ១៩៩៦ ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី១ (AWHM) ត្រូវបានប្រារព្ធឡើងនៅមុខប្រាសាទអង្គរវត្ត ដែលជាចំណុចចាប់ផ្ដើមចេញដំណើរ និងទីបញ្ចប់។ នេះជាព្រឹត្តិការណ៍ដ៏ពិសេសមួយ និងដ៏កម្រមួយ ដែលផ្លូវរត់ប្រណាំងស្ថិតក្នុងតំបន់បេតិកភណ្ឌពិភពលោក នៃរមណីយដ្ឋានអង្គរ។
ឆ្នាំ១៩៩៧ ក្នុងទិវារត់ប្រណាំអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២ បានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីទី២ និងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្ត្រី១។ ពេលនោះ សម្ដេចតេជោ បានផ្ដល់កិត្តិយសចូលរួម រត់ចម្ងាយ ១០០ម៉ែត្រ ដែលជានិម្មិតរូបផងដែរ។
ការរៀបចំទិវារត់ប្រណាំងនេះ ស្ថិតក្រោមកិច្ចសហប្រតិបត្តិការរវាង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមបច្ចេកទេសជប៉ុន ដែលភាគច្រើនមកពីអង្គការបេះដូងមាសជប៉ុន ឈ្មោះថា «Hearts OF Gold- NGO» ដែលតំណាងដោយ លោកស្រី YUKO Arimori ម្ចាស់មេដាយអូឡាំពិកជប៉ុន នៅទីក្រុងបាសេឡូណា ១៩៩២ និងអាត្លង់តា១៩៩៦។
រហូតដល់ឆ្នាំ២០១៣ អង្គការ «Hearts of Gold» ដោយមើលឃើញថា កម្ពុជា អាចម្ចាស់ការលើបច្ចេកទេសបាន ក៏បានប្រគល់ការរៀបចំបច្ចេកទេសដល់ភាគីកម្ពុជា គឺគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប៉ុន្តែនៅរក្សាកិច្ចសហការគ្រប់គ្រង និងនៅតែជាសហនាយកប្រតិបត្តិ ដើម្បីចូលរួមត្រួតពិនិត្យ តាមដាន វាយតម្លៃដដែល។
នៅឆ្នាំ២០២០ និង២០២១ ដោយសារជំងឺរាតត្បាត Covid-19 ទិវារត់ប្រណាំងត្រូវបានផ្អាក ប៉ុន្តែក្រុមការងារបានបង្កើតមាតិកាមួយហៅថា Virtual Run ដោយតម្រូវឱ្យអ្នករត់ត្រូវរត់នៅផ្ទះរៀងៗខ្លួន ដោយបានការចូលរួមរត់ពីអ្នករត់នៅក្នុងស្រុកតែប៉ុណ្ណោះ។
ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅកម្ពុជា រៀបចំឡើងក្នុងគោលបំណងសប្បុរសធម៌ដល់ជនរងគ្រោះដោយសារមីន, រកថវិកាជួយអង្គការ និងមន្ទីរពេទ្យទទួលរួមមាន៖ កាកបាទក្រហមកម្ពុជា, មន្ទីរពេទ្យគន្ធបុបា្ផ, Cambodia Trust, Handicap International (Humanity & Inclusion), Hearts of Gold Project (Cambodia Para Athletics Federation (CPAF), Support Disable Athletics, New Children Care Center (NCCC), Physical Education Project, Youth Development Project, មន្ទីរពេទ្យកុមារអង្គរ), លើកកម្ពស់បរិស្ថាន ភាពបៃតង ភាពស្អាតនៃរមណីយដ្ឋានអង្គរ, លើកកម្ពស់សុខភាពសាធារណៈ និងអភិវឌ្ឍវិស័យកីឡាជាតិ៕