(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា វិស័យសំខាន់ៗ ដែលជាវិស័យអទិភាព ដែលអាចជួយរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យសម្រេចបាននូវគោលដៅ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នៅឆ្នាំ២០៥០ ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ ដូច្នេះហើយទើបរាជរដ្ឋាភិបាលជំរុញការទាក់ទាញវិនិយោគិន ឱ្យមកវិនិយោគលើវិស័យទាំងអស់នេះ។
លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា វិស័យទាំងនោះរួមមាន វិស័យឧស្សាហកម្ម, អេឡិចត្រូនិក, កែច្នៃផលិតផលកសិកម្ម, វិស័យសុខាភិបាល, វិស័យថាមពលពលកកើតឡើងវិញ, វិស័យទេសចរណ៍ និងវិស័យឡូជីក ដែលសុទ្ធតែជាវិស័យដែលមានកាលានុភាព មានសក្តានុពលធំធេង សម្រាប់វិនិយោគិន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច។
លោកបានលើកឡើងផងដែរ អំពីគោលនយោបាយវិនិយោគរបស់កម្ពុជា ដែលបានប្រកាន់យកអភិក្រមចំនួន ៣សំខាន់ ដើម្បីជួយឱ្យអ្នកវិនិយោគឱ្យរកទទួលទាននៅកម្ពុជាឱ្យកាន់តែរីកចម្រើន។ អភិក្រមទាំងនោះ រួមមានទី១. ផ្តល់កិច្ចសម្រួលដើម្បីធ្វើយ៉ាងណាឱ្យអ្នកវិនិយោគទទួលបានកាន់តែប្រសើរឡើង។ ទី២. ផ្តល់ការលើកទឹកចិត្តបន្ថែមទៀត ក្នុងករណីដែលវិនិយោគិន ដាក់ទុនវិនិយោគផ្តោតទៅលើការជួយឱ្យសង្គមសេដ្ឋកិច្ចកម្ពុជាមានកំណើន។ និងទី៣. ផ្តល់នូវសេវាថែទាំ ដល់អ្នកវិនិយោគ។
ជាមួយនឹងការជំរុញការទាក់ទាញវិនិយោគិន លោក សួន សុផល ក៏លើកឡើងផងដែរ គឺកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដូចជា កម្ពុជាគឺជាប្រទេសដែលមានកម្លាំងពលកម្ម និងធនធានមនុស្សច្រើន ព្រមទាំងតម្លៃកម្លាំងពលកម្មមានតម្លៃប្រកួតប្រជែងបើប្រៀបជាមួយនឹងប្រទេសជិតខាង ខណៈពួកគេក៏ឧស្សាហ៍ និងងាយស្រួលក្នុងការបណ្តុះបណ្តាល។ លើសពីនេះកម្លាំងពលកម្មវ័យក្មេងនៅកម្ពុជា ក៏អាចប្រើប្រាស់ភាសាបានច្រើន ដែលងាយស្រួលក្នុងការទំនាក់ទំនង។
បន្ថែមពីនេះ រដ្ឋាភិបាលបានគិតគូរដល់ការផលិតថាមពលស្អាត ខណៈបច្ចុប្បន្ននេះមានប្រមាណ៦០% និងខិតខំសម្រេចឱ្យបាន៧០% នៅឆ្នាំ២០៣០។ គោលដៅផលិតថាមពលស្អាតនេះ គឺជាការជួយទៅដល់វិស័យឯកជន ក្នុងការផលិតទំនិញនាំចេញទៅទីផ្សារអឺរ៉ុបជាដើម ដែលផ្តល់ការយកចិត្តទុកដាក់ទៅលើការប្រែប្រួលអាកាសធាតុ។
លើសពីនេះទៅទៀត រាជរដ្ឋាភិបាលបានខិតខំរក្សាការលូតលាស់សេដ្ឋកិច្ច ឱ្យមានកំណើនវិជ្ជមាន ដើម្បីឱ្យអ្នកវិនិយោគអាចទទួលបានផលចំណេញពីកំណើនសេដ្ឋកិច្ចនេះ។ ចំណែកអតិរណាវិញ មានកម្រិតទាប៕