(ព្រះសីហនុ)៖ ក្នុងថ្ងៃទី២នៃការប្រណាំងរថយន្ត off-Road អន្តរជាតិ នៅខេត្តព្រះសីហនុ ដែលកំពុងតែជក់ចិត្តនោះ គេមើលឃើញថា សមរភូមិកាន់តែវេទនាសម្រាប់ក្រុមកីឡាករ off-Road ពិសេសគឺពូល A ឬ Class A មានទាំងការជ្រែកព្រឹក្សា ត្បារភក់បែកម៉ាំ ដូចត្រីរ៉ស់រនៀលភក់ ទម្លុះសិលាបំបែកឧបសគ្គ ពោលសុទ្ធតែជាវិញ្ញាសាដ៏ស្រួចស្រាល់បំផុត។

គួរជម្រាបថា កម្ពុជាបាននិងកំពុងរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិខេត្តព្រះសីហនុ ឆ្នាំ២០២៤ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ដែលមានការចូលរួមប្រកួតពីសំណាក់ក្រុមកីឡាករកម្ពុជា ចិន ថៃ វៀតណាម រុស្ស៉ី ជាដើម ខណៈមកដល់ពេលនេះមានរថយន្តចូលរួមប្រមាណ៥១គ្រឿងហើយ។

ការប្រកួតក្នុងថ្ងៃទី១ និងថ្ងៃទី២ ត្រូវបានបញ្ចប់ហើយ និងកំពុងឈានចូលដល់ថ្ងៃទី៣ ប៉ុន្តែគេមើលឃើញថា ក្នុងថ្ងៃទី២នៃការប្រណាំងរថយន្ត off-Road នេះ សមរភូមិកាន់តែវេទនាសម្រាប់ក្រុមកីឡាករ off-Road ពិសេសគឺ Class A ក្នុងនោះមានទាំងឡើងទួលចុះជ្រលង កាត់ជ្រែកព្រៃព្រឹក្សា ទម្លុះសិលាធំៗ ចុះប្រឡាយត្បារភក់ មិនខុសពីត្រីរ៉ស់រនៀលភក់នោះឡើយ ខណៈក្រុមកីឡាករដែលជា Driver និង Co-Driver ចុះលុយភក់ប្រឡាក់ពេញខ្លួន និងខិតខំពុះពារបំបែកឧបសគ្គយ៉ាងតឹងតែងវេទនា ពោលសុទ្ធតែជាវិញ្ញាសាដ៏ស្រួចស្រាល់បំផុត។

ក្នុងថ្ងៃទី៣ ដែលត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រុមកីឡាករទាំង៣ពូលនៅតែបន្តចូលបំបែកឧបសគ្គនៅលើទីលានប្រណាំង ដើម្បីសម្រេចជោគជ័យក្នុងការប្រកួតដ៏ខ្លាំងក្លានេះ។

ក្នុងថ្ងៃទី៣ ដែលជាថ្ងៃផ្ដាច់ព្រ័ត្រនោះ៖
* Class A (Hard core) ត្រូវប្រណាំងចំនួ២ផ្លូវ ឬ 2 SS
* Class B (Light core) ត្រូវប្រណាំងចំនួ២ផ្លូវ ឬ 2 SS
* Class C (Overland) ត្រូវប្រណាំងចំនួ២ផ្លូវ ឬ 2 SS។

មួយវិញទៀត ការប្រណាំងរថយន្ត off-Road អន្តរជាតិ នៅខេត្តព្រះសីហនុនេះ ក៏បានទាក់ទាញប្រជាពលរដ្ឋ ភ្ញៀវទេសចរឱ្យចូលរួមទស្សនាយ៉ាងច្រើនកុះករ ខណៈម្នាក់បង្ហាញអារម្មណ៍ជក់ចិត្តសប្បាយរីករាយ ហ៊ោកញ្ជៀវលើកទឹកចិត្តដល់ក្រុមកីឡាករទាំង៣ពូល (Class)៕