(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ឃ្លោង ពិសិដ្ឋ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញដីការឃុំខ្លួន លោក វ៉ា សារ៉ងចៅសង្កាត់ទី២ ខណ្ឌពោធិ៍សែនជ័យ និងស្ត្រីដែលជាអ្នកជួញដូរគ្រឿងញៀនឈ្មោះ ស៊ុយ ជីវ៉ា ហៅតុក ដាក់ពន្ធនាគារ ក្រោយលោកចៅសង្កាត់រូបនេះ បានតេទារលុយពីនារីជួញដូរគ្រឿងញៀនម្នាក់ចំនួន១លានរៀល។
យោងតាមដីការបង្គាប់ឱ្យឃុំខ្លួន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ចៅសង្កាត់ទី២ លោក វ៉ា សារ៉ង ដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ៖ គំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ, មិនប្តឹងបរិហារ បទឧក្រិដ្ឋ ឬបទមជ្ឈិមដោយអ្នក រាជការសាធារណៈជាអាទិ៍ ប្រព្រឹត្តនៅចំណុចក្រោយសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា ២៣២ និងមាត្រា៥២៨ នៃក្រមព្រហ្មទណ្ឌ។
បានឃើញមាត្រា៤៤ និងមាត្រា១២៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ និងបានបញ្ជាឱ្យភ្នាក់ងារសមត្ថកិច្ចនាំខ្លួនបុគ្គលឈ្មោះ វ៉ា សារ៉ង ទោដាក់មណ្ឌលអប់រំកែប្រែទី១ (ម១)។
ដោយឡែកស្ត្រីឈ្មោះ ស៊ុយ ជីវ៉ា ហៅតុក ត្រូវបានចោទពីបទ ប៉ុនប៉ងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅបន្ទប់ជួលលេខ២០ ផ្លូវព្រះទន្លេ ភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ មាត្រា២៧ នៃក្រមព្រហ្ម ទណ្ឌ និងមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ បានឃើញមាត្រា៤៤ និងមាត្រា១២៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ដោយបញ្ជាឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ស៊ុយ ជីវ៉ា ហៅតុក ទៅពន្ធធនាគាររាជធានីភ្នំពេញ (PJ)។
គួរដឹងថា លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រេចឃាត់ខ្លួន បញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយលោកចៅសង្កាត់រូបនេះ បានតេទារលុយពីនារីជួញដូរគ្រឿងញៀនម្នាក់ចំនួន១លានរៀល។ ដោយឡែកនារីដែលជាអ្នកជួញដូរគ្រឿងញៀនឈ្មោះ ស៊ុយ ជីវ៉ា ហៅតុក ក៏ត្រូវបានចាប់បញ្ជូនទៅតុលាការផងដែរ។
ក្រោយឃាត់បាន ក៏ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចាត់ការតាមនីតិវិធី ដោយឡែកឈ្មោះ ស៊ុយ ជីវ៉ា ហៅ កុត ភេទស្រី អាយុ១៧ឆ្នាំ បានពិនិត្យទឹកនោមគ្មានសារធាតុញៀន ក៏អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។ បន្ទាប់មកប្រហែលមួយ សប្តាហ៍ក្រោយ លោកចៅសង្កាត់បានទទួលព័ត៌មានថា ឈ្មោះ ស៊ុយ ជីវ៉ា ដែលត្រូវជាប្អូនថ្លៃរបស់ជនសង្ស័យ នី គឹមអាន ក៏ជាមុខសញ្ញាចែកចាយគ្រឿងញៀនដែរ ហើយក៏បានទាក់ទងតាមទូរស័ព្ទទៅឈ្មោះ ស៊ុយ ជីវ៉ា ដើម្បីទារប្រាក់១លានរៀល ថ្នូរនឹងការបញ្ចប់រឿង មិនស្រាវជ្រាវចាប់បន្តទៀត ហើយឈ្មោះ ស៊ុយ ជីវ៉ា ក៏បានថតសម្លេង រួចបាញ់ឲ្យអ្នកជិតខាង ហើយក៏ធ្លាយដល់អ្នកសារព័ត៌មាន យកទៅបង្ហោះតាម TikTok តែម្តង។
ក្រោយទទួលបានព័ត៌មាននេះ ក្រោមបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ, នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ សមត្ថកិច្ចការិយាល័យ ប្រឆាំងគ្រឿងញៀន បានហៅភាគីពាក់ព័ន្ធ មានលោកចៅសង្កាត់ចោមចៅទី២ ឈ្មោះ វ៉ា សារ៉ង និងឈ្មោះ ស៊ុយ ជីវ៉ា ហៅ កុត ភេទស្រី អាយុ១៧ឆ្នាំ (អ្នកថតសម្លេង) ចូលមកបំភ្លឺ។
នៅចំពោះមុខសមត្ថកិច្ចជំនាញ លោកចៅសង្កាត់ វ៉ា សារ៉ង បានបំភ្លឺថា គាត់បានដឹកនាំកម្លាំងប្រជាការពារ ចាប់ឃាត់មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ចំនួន២នាក់ មានស្រីម្នាក់ មានឈ្មោះ ស៊ុយ ជីវ៉ា អាយុ១៧ឆ្នាំ និងឈ្មោះ នី គឹមអាន ហៅ ផេវ ភេទប្រុស អាយុ៤២ឆ្នាំ ដោយចាប់យកវត្ថុតាងថ្នាំញៀនទឹកកក៥៦កញ្ចប់តូច កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ រួចបញ្ជូនមកប៉ុស្តិ៍រដ្ឋបាលចោមចៅ២ ហើយធ្វើតេស្តទឹកនោមលើអ្នកទាំងពីរ ជាលទ្ធផល ឈ្មោះ ស៊ុយ ជីវ៉ា ហៅកុត មិនមានសារធាតុញៀន ក៏អប់រំឲ្យទៅលំនៅដ្ឋានវិញ។
លោកចៅសង្កាត់ពិតជាទទួលស្គាល់ថា លោកបានខលទៅគំរាមកំហែងទារលុយចំនួន១លានរៀន ជាថ្នូរនឹងមិនតាមចាប់ខ្លួនឈ្មោះ ស៊ុយ ជីវ៉ា ហៅ កុត ដូចក្នុងសារសំលេងបង្ហោះក្នុង TickTok ប្រាកដមែន។
ដោយឡែកឈ្មោះ ស៊ុយ ជីវ៉ា ហៅ កុត បានបំភ្លឺថា ខ្លួនពិតជាត្រូវបានចាប់ និងដោះលែងវិញ ដោយសារមិនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ប្រាកដមែន។ លោកចៅសង្កាត់ចោមចៅ២ឈ្មោះ រ៉ង ពិតជាបានខលមកគម្រាមគំហែងទារប្រាក់ខ្លួនចំនួន១លានរៀលជាច្រើនលើកច្រើនសារ ហើយខ្លួនមានការភិតភ័យ ក៏លួចថតសម្លេងតារ៉ង រួចផ្ញើទៅអ្នកស្គាល់គ្នា ហើយគេក៏បង្ហោះក្នុងបណ្តាញសង្គមហ្វេសបុក និងTickTok។
នាងបានសារភាពថា ធ្លាប់ធ្វើសកម្មភាពលក់ចែកចាយគ្រឿងញៀនបាន២ដងជាង១ឆ្នាំមុន តែបច្ចុប្បន្នបានឈប់ធ្វើសកម្មភាព និងមិនជាប់ពាក់ព័ន្ធនឹងឈ្មោះ ភេវ (នី គឹមអាន) នោះទេ។ ក្រោយបញ្ចប់ការសួរនាំ ទាំងលោកចៅសង្កាត់ និងនារីឈ្មោះ កុត ត្រូវបាននគរបាលសម្រេចឃាត់ខ្លួន ហើយបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកានេះ ដើម្បីចាត់ការបន្តទៀត៕