(ភ្នំពេញ)៖ រសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរៀបចំកម្មវិធីបាឋកថា ស្តីពីគំនិតផ្តួចផ្តើមអរិយធម៌សកលរួមគ្នា សរសេរជំពូកដ៏រុងរឿង នៃភាពជាដៃគូសហប្រតិបត្តិការមិត្តភាព សម្រាប់អនាគតកម្ពុជា-ចិន។

ថ្លែងទៅកាន់អង្គពិធីដែលមានមន្ត្រីរាជការ សិស្ស-និស្សិត អ្នកចូលរួមសរុបមានចំនួន១០០រូប ឯកឧត្តម ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានសម្តែងការអបអរសាទរដោយស្មោះត្រង់ ចំពោះអង្គពិធីទាំងមូលដែលបានយកចិត្តទុកដាក់ខ្ពស់ លើការយល់ដឹងកាន់តែស៊ីជម្រៅគំនិតផ្តួចផ្តើមអរិយធម៌សកល ដែលជាគំនិតផ្តួចផ្តើមរបស់លោក Xi Jinping ប្រធានរដ្ឋចិន ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរនិងការរៀនសូត្រទៅវិញទៅមក ក្នុងចំណោមអរិយធម៌ពិភពលោក និងលើកកម្ពស់ការកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិ។

តាមរយៈគំនិតផ្តួចផ្តើមអរិយធម៌សកល ប្រទេសចិនក៏បានយកចិត្តខ្ពស់ដល់ ការលើកកម្ពស់ការផ្លាស់ប្តូរប្រជាជន និងប្រជាជនជាមួយបណ្តាប្រទេសនានា ដែលនេះបានក្លាយទៅជា មូលដ្ឋានដ៏រឹងមាំ ក្នុងការពង្រឹងការយល់ដឹងអំពីវប្បធម៌ផ្សេងៗគ្នា និងការរួមរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា។ ជាក់ស្តែង ប្រទេសចិន និងកម្ពុជាបានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ និងបានរៀបចំព្រឹត្តិការណ៍នានាជាច្រើន ដើម្បីជំរុញទំនាក់ទំនងរវាង ប្រជាជនទាំងពីរ ជាពិសេសរវាងយុវជន។ អ្វីដែលឯកឧត្តមចាប់អារម្មណ៍នោះគឺ ភាគីទាំងពីរបានរៀបចំការសម្ដែងរួមគ្នា នៃក្បាច់គុនសៅលីង មកពីខេត្តហឺណាន និងក្បាច់គុនខ្មែរល្បុក្កតោ នៅលើទឹកដីអង្គរ កាលពីចុងខែមេសា ឆ្នាំ២០២៤ ដែលការណ៍នេះមិនត្រឹមតែចូលរួម លើកកម្ពស់ការយល់ដឹងវប្បធម៌ រវាងប្រទេសទាំងពីរទេ តែថែមទាំងបង្កើនសាមគ្គីភាព និងមិត្តភាពដែកថែករវាងប្រជាជនទាំងពីរផងដែរ។

លោក ឆាង ជាន (Chang Jian) អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា បានថ្លែងថា រយៈពេលជាងមួយឆ្នាំមកហើយ ដែលគំនិតផ្តួចផ្តើមអរិយធម៌សកលបានទទួល ការឆ្លើយតបជាវិជ្ជមាន ពីពិភពលោកដែលបានបម្រើដល់ ការពង្រឹងការយោគយល់គ្នាទៅវិញទៅមក រវាងប្រជាជនគ្រប់ប្រទេសកសាងការឯកភាពគ្នាលើ កិច្ចសហប្រតិបត្តិការ ក្នុងសហគមន៍អន្តរជាតិ ជំរុញការអភិវឌ្ឍអរិយធម៌មនុស្ស ជំរុញដំណើរការទំនើបភាវូបនីយកម្មរបស់មនុស្ស និងជំរុញការកសាងសហគមន៍ នៃអនាគតរួមគ្នាបានចាក់បញ្ចូលកម្លាំងជំរុញយ៉ាងខ្លាំងក្លា ទៅក្នុងដំណើរការ។ លោកបន្ថែមថា ប្រទេសចិន និងកម្ពុជាទាំងពីរមានប្រវត្តិសាស្ត្រដ៏យូរអង្វែង និងវប្បធម៌ដ៏អស្ចារ្យ។

អរិយធម៌ចិននិងអរិយធម៌ខ្មែរទាំងពីរ ជាកម្មសិទ្ធិនៃសាវតារវប្បធម៌អាស៊ី ហើយ«សន្តិភាព» គឺជាមូលដ្ឋានវប្បធម៌ទូទៅមួយ របស់យើង។ លោកជឿជាក់ថា ការប្រារព្ធឡើងដោយជោគជ័យ នៃឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជន ចិន-កម្ពុជា នឹងបន្តដើរតួនាទីជាវិជ្ជមាន ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវការផ្លាស់ប្តូរវប្បធម៌ និងការរៀនសូត្រទៅវិញទៅមករវាងប្រទេសចិន និងប្រទេសកម្ពុជា ហើយការលើកកម្ពស់ចំណងមិត្តភាព រវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ បង្កើនការកសាងទំនាក់ទំនង កាន់តែជិតស្និទ្ធរវាងប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរសម្រេចបាន នូវសហគមន៍ជោគវាសនារួម ចិន-កម្ពុជា ក្នុងយុគសម័យថ្មី។ តាមរយៈសៀវភៅជាខេមរភាសាស្តីពី «យល់ដឹងកាន់តែស៊ីជម្រៅពី គំនិតផ្តួចផ្តើមអរិយធម៌សកល»ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនក្នុងនាមជាវាគ្មិនបានរំលេចពីគុណតម្លៃ នៃគំនិតផ្តួចផ្តើមអរិយធម៌សកល ដែលត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ បានពិគ្រោះពិភាក្សានិងអនុម័តជាឯកច្ឆន្ទលើ សេចក្តីសម្រេចចិត្តស្តីពីការបង្កើតទិវាអន្តរជាតិ សម្រាប់កិច្ចសន្ទនារវាងអរិយធម៌ ដែលលើកឡើងដោយប្រទេសចិន ហើយសម្រេចចិត្តសន្មតយកថ្ងៃទី១០ ខែមិថុនា ជាទិវាអន្តរជាតិសម្រាប់កិច្ចសន្ទនារវាងអរិយធម៌។

តាមរយៈបទបង្ហាញរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្នុងនាមសិស្ស-និស្សិត សាស្ត្រាចារ្យ មន្ត្រីរាជការដែលបានចូលរួម ក្នុងអង្គបាឋកថានេះលោក ង៉ែត រ៉ាឌី និស្សិតជំនាន់ទី១៣ ឯកទេសល្ខោនខោលនៅ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានថ្លែងថា «គំនិតផ្តួចផ្តើមនេះបានផ្តល់ដល់យើង នូវការរួមដៃគ្នាដើម្បីបន្តក្តីសុបិន នៃការអភិវឌ្ឍ និងរួមចំណែកដល់បុព្វហេតុ នៃទំនើបកម្មពិភពលោក រួមគ្នាកសាងមូលដ្ឋានគ្រឹះនៃសន្តិសុខ និងរួមចំណែកក្នុងការរក្សាសន្តិភាព និងស្ថិរភាពពិភពលោក រួមគ្នាប្រមូលផ្តុំពន្លឺនៃអរិយធម៌ និងរួមចំណែកដល់មរតក និងការច្នៃប្រឌិតនៃវប្បធម៌មនុស្ស រួមគ្នាកសាងស្ពានរវាងចិត្ត និងគំនិតរបស់ប្រជាជន និងរួមចំណែកក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពពិភពលោក រួមចំណែកលើកកម្ពស់ការយោគយល់គ្នា និងការស្រលាញ់គ្នាទៅវិញទៅមកក្នុងចំណោមប្រជាជន»៕

វិទ្យុមិត្តភាពកម្ពុជាចិន