(ភ្នំពេញ)៖ លោក ស៊ាន បូរ៉ាត់ ត្រូវបានតុលាការខេត្តសៀមរាប កោះហៅឲ្យចូលឆ្លើយបំភ្លឺ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ពាក់ព័ន្ធសំណុំរឿងក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា។
ការកោះហៅលោក ស៊ាន បូរ៉ាត់ នេះ ត្រូវបានប្រភពព័ត៌មានទម្លាយថា ធ្វើឡើងតាមសំណើរបស់មេធាវីរាជរដ្ឋាភិបាល ដែលកំពុងទទួលជួយការពារក្តីជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ ពាក់ព័ន្ធក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា។
ជាមួយគ្នានេះលោក ស ថាវី ក៏ត្រូវបានតុលាការខេត្តសៀមរាប កោះហៅឲ្យចូលខ្លួនឆ្លើយបំភ្លឺនៅពេលព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ពាក់ព័ន្ធសំណុំរឿងក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា ដែរ។
សូមរលឹកបញ្ជាក់ជូនថា ស្ថិតក្រោមការយកចិត្តទុកដាក់សុខទុក្ខប្រជាពលរដ្ឋ ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការប្រទានសិទ្ធិជូនលោក គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ចាត់តាំងមេធាវីរាជរដ្ឋាភិបាលមួយក្រុម ចុះជួបផ្ទាល់ជាមួយពលរដ្ឋរងគ្រោះ ដើម្បីប្រមូលព័ត៌មាន និងភស្តុតាង ចំនួន១៤លើករួចមកហើយ ពាក់ព័ន្ធក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណានេះ ហើយដែលជំនួបចុងក្រោយធ្វើឡើងនៅលើទឹកដី ខេត្តសៀមរាប ៕