(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងបរិស្ថាន តាមរយៈលិខិតបំភ្លឺរបស់ខ្លួន បានឱ្យដឹងថា កន្លងមកនេះ មានការចុះផ្សាយដោយកាសែតបរទេស ដែលលើកឡើងពីការបារម្ភចំពោះករណីការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃ«ព្រៃឡង់» ហើយក៏មានការចុះផ្សាយបន្តដោយវិទ្យុមួយចំនួន មិនមានការពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់លាស់មុនធ្វើការផ្សព្វផ្សាយ។

តាមរយៈលិខិតបំភ្លឺដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អ្នកនាំពាក្យក្រសួង៖ «សូមធ្វើការបដិសេធការផ្សព្វផ្សាយរបស់កាសែតបរទេស ដោយគ្មានមូលដ្ឋានច្បាស់លាស់បែបរវើរវាយ ហើយការជួយបំពងសំឡេងដោយវិទ្យុនោះ មិនមានការទទួលខុសត្រូវ ផ្សាយខុសពីការពិតជាក់ស្តែង មិនបានតាមដាននូវវិធានការ និងលទ្ធផលដែលក្រសួងបរិស្ថានបានអនុវត្តនាពេលកន្លងមក។ «នេះជាលើកទី២ហើយ ដែលវិទ្យុនេះបានលើកយកព័ត៌មានមិនពិត ព័ត៌មានពុំមានមូលដ្ឋានច្បាស់លាស់ និងមានចេតនាបង្កឱ្យមានការភាន់ច្រឡំដល់ប្រជាពលរដ្ឋ មិនប្រតិបត្តិតាមក្រុមវិជ្ជាជីវៈសារព័ត៌មាន ជាពិសេសការមិនគោរពតាមសុក្រឹតភាពនៃព័ត៌មានរបស់ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន»

អ្នកនាំពាក្យក្រសួង សូមបញ្ជាក់ថា ក្រសួងបរិស្ថាន មានយន្តការច្បាស់លាស់ ក្នុងការគ្រប់គ្រង ការការពារ និងអភិរក្សធនធានធម្មជាតិ។ ក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការ៤ចំណុច ហើយកំពុងអនុវត្តបានយ៉ាងមានប្រសិទ្ធភាព៕